ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតអាមេរិក៖ វិស័យកសិកម្មកម្ពុជាទទួលបានផលប្រយោជន៍ពីគម្រោងហិរញ្ញប្បទានថ្មី

ភ្នំពេញ៖ ទឹកប្រាក់រហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកនឹងដាក់ឲ្យដំណើរការឆាប់ៗនេះសម្រាប់សកម្មភាពកសិកម្មនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ សៀមរាបបាត់ដំបងកំពង់ធំនិងពោធិសាត់តាមរយៈភាពជាដៃគូរវាងអាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិរួមជាមួយនឹងវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុAMKវិទ្យាស្ថានLOLC (Cambodia) Plc វិទ្យាស្ថានសេវាហិរញ្ញវត្ថុ RMA Financial Services (Cambodia) ។ កម្មវិធីដែលមានរយៈពេល៧ឆ្នាំនេះសំដៅដោះស្រាយកង្វះហិរញ្ញវត្ថុសម្រាប់វិស័យដ៏មានសារៈសំខាន់នេះនាពេលបច្ចុប្បន្ន។

ការប្រកាសពីភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបង្កើនភាពដែលអាចទទួលបាននូវហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាដែលជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវផលិតភាពលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលដឹកមុខដោយវិស័យកសិកម្ម។ ចាប់តាំងពីឆ្នាំ ២០១១ ទីភ្នាក់ងារUSAIDតាមរយៈកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគត (Feed the Future Initiative) បានគាំទ្រដល់វិស័យកសិកម្ម និងសន្តិសុខស្បៀងនៅតាមបណ្តាខេត្តចំនួនបួនជុំវិញបឹងទន្លេសាបតាមរយៈកម្មវិធីផ្សេងៗជាច្រើន ដោយផ្តោតលើគ្រួសារក្រីក្រ និងកសិករតូចតាច។ ដើម្បីបំពេញបន្ថែមលើគម្រោងសន្តិសុខស្បៀងសម្រាប់អនាគត ថ្ងៃនេះទីភ្នាក់ងារ USAID បានចាប់ដៃគូជាមួយវិទ្យាស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរគឺ វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ AMK វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុLOLC និងក្រុមហ៊ុន RMA ដើម្បីប្រមូលប្រាក់កម្ចីរហូតដល់ ១៥លានដុល្លារសហរដ្ឋអាមេរិកសម្រាប់វិស័យកសិវប្បកម្ម។ កម្ចីទាំងនេះនឹងពង្រីកការវិនិយោគលើវិស័យកសិវប្បកម្មក្នុងគោលដៅជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងការលក់វត្ថុធាតុដើមកសិកម្ម។

NKD-36x6_outline

លោកស្រីផលីដាន់ហ្វ៊ត (Polly Dunford)នាយិកាបេសកកម្មនៃទីភ្នាក់ងារUSAIDប្រចាំនៅកម្ពុជាមានប្រសាសន៍ថា៖ “យើងមានមោទនភាពក្នុងការផ្តល់ឥណទានដល់វិស័យឯកជនដែលកំពុងបម្រើការលើវិស័យកសិកម្មនៅកម្ពុជាដែលមានប្រជាជន ៧០%នៃប្រជាជនសរុបរស់នៅពឹងផ្អែកលើវិស័យនេះ”។លោកស្រីបានមាន ប្រសាសន៍បន្ថែមថា៖ “យើងមានការជឿជាក់ថាការបង្កើនឥណទានក្នុងវិស័យកសិកម្ម នឹងគាំទ្រយ៉ាងសម្បើមដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងផ្តល់ផលវិជ្ជមានដល់ប្រជាជនកម្ពុជាទាំងមូល មិនថានៅតាមទីជនបទ ឬទីប្រជុំជននោះទេ”។

អាជ្ញាធរឥណទានអភិវឌ្ឍន៍ (DCA) របស់ទីភ្នាក់ងារUSAIDធ្វើការ ជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងអង្គការអភិវឌ្ឍនានា ដើម្បីរចនានិងផ្តល់នូវជម្រើសនានាសម្រាប់ការវិនិយោគក្នុងគោលដៅធ្វើឲ្យជីវភាពមានភាពប្រសើរឡើង។ បច្ចុប្បន្ននេះ អាជ្ញាធរឥណទាន អភិវឌ្ឍន៍ (DCA) បានជួយប្រមូលហិរញ្ញប្បទានចំនួន ៤,៧ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងប្រទេសចំនួន៧៦។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.usadi.gov៕