ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូត​កូរ៉េ​ រៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រីបុរាណ​ ​

ភ្នំពេញ​៖​ ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រីបុរាណ​ដើម្បី​រិ​ត​ចំណងមិត្តភាព​រវាង​ប្រទេស​កូរ៉េ​ នឹង​កម្ពុជា​។​ កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​២០​ ខែមិថុនា ​ឆ្នាំ​២០១៥ ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ​ (CKCC)​ក្រោម​វត្តមាន​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​កម្ពុជា ​មន្ត្រី​អគ្គរាជទូត ​និង​ឯកអគ្គរដ្ឋទូត​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។​

​លេខា​ទី​២​នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​ លោកស្រី​ Park​ Min​ Seo​ មាន​ប្រសាសន៍​ក្នុង​កម្មវិធី​នេះ​ថា​ សាស្ត្រាចារ្យ​ចំនួន​៤​រូប​ជា​តន្ត្រីករ​នៅ​ PPIIA​ ដែល​វិទ្យាស្ថាន​សិល្បៈ​ភ្នំពេញ​អន្តរជាតិ​ នឹង​បង្ហាញ​ពី​ទេព​កោសល្យ​នៅ​លើ​ឆាក​ផង​ដែរ​។​ ក្រៅពី​នេះ​ ក៏​មាន​តន្ត្រីករ​ដ៏​ពូកែ​៨​រូប​ទៀតមក​ពី​ប្រទេស​កូរ៉េ​សម្រាប់​ការ​ប្រគុំ​តន្ត្រី​នេះ​ ​។​

​ពិសេស​គឺ​អ្នក​ទស្សនា​អាច​ទស្សនាការ​សម្តែង​ដ៏​ពិសេស​របស់​អ្នកចម្រៀង​សំឡេង​ខ្ពស់​ និង​ពិ​រោះ​រងំ​នៃ​ភាពបុរស​វ័យក្មេង​ទាំង​៤​រូប​របស់ក្រុម​តារាចម្រៀង​មួយ​ផង​ដែរ​។​ លោកស្រី​ លើក​ឡើង​ដែរ​ថា​ ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន​នឹង​ប្រជាជន ​គឺជា​ឧបករណ៍​ដ៏​សំខាន់​បំផុត​សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ តាម​រយៈ​តន្ត្រី​ដែល​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ការ​ទំនាក់ទំនង​។​

ដូចនេះ​ ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​អញ្ជើញ​ប្រជាជន​មក​ពី​គ្រប់​ផ្នែក​ ដូច​ជា​រដ្ឋមន្ត្រី​ រាជវង្សានុវង្ស​ កម្មករ​រោងចក្រ​ និង​ក្មេងៗ​ដែលជួប​ការ​លំបាក​។​ អ្នកស្រី​ស​ង្ឃឹ​ម​យ៉ាង​មុតមាំ​ថា ​ការ​ប្រគុំ​តន្ត្រី​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ភាព​សុខដុមរមនា​ចំពោះ​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​។​ លោកស្រី​ជឿជាក់​ដែរ​ថា​ ការ​ប្រគុំ​តន្ត្រី​នេះ​ នឹង​ផ្តល់​ឱកាស​សម្រាប់​អ្នក​ទស្សនា​នូវ​ការ​ស្វែង​យល់​ពី​ឥទ្ធិពល​របស់​តន្ត្រី​ និង​ទទួលស្គាល់​ពី​ស្តង់ដា​របស់​តន្ត្រីបុរាណ​កូរ៉េ​។​

​ការ​ប្រគុំ​តន្ត្រី​ត្រូវ​បាន​ធ្វើ​ឡើង​ផ្តើម​អំពី​បទ​ដឹងគុណ​ដែល​មាន​បំណង​ជើង​ថា​ “Mozart’s​ String​ Quartet​ Requiem” ​សម្រាប់​ឧទ្ទិស​ដល់​សម្តេច​ជា ​ស៊ី​ម ​។​ អ្នកស្រី​ Park​ Min​ Seo​ បាន​បញ្ជាក់​ថា​ ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​សូម​ចូលរួម​ចែករំលែក​ភាព​ក្រៀមក្រំ​ សោកស្តាយ​ជា​អនេក​ចំពោះ​មរណភាព​របស់​សម្តេច​ ជា ​ស៊ី​ម​ អតីត​ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​សម្តេច​គឺជា​វីរៈបុរស​ដ៏​អង់អាច​ក្លាហាន​របស់​ប្រជាជន​កម្ពុជា​ ដែល​បាន​ដឹកនាំ​ប្រទេស​ក្នុង​គ្រា​លំបាក​បំផុត​ ហើយ​សម្តេច​គឺជា​អ្នកដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​មួយ​រូប​ដែល​លះបង់​គ្រប់​បែប​យ៉ាង​ដើម្បី​ការ​អភិវឌ្ឍរបស់​កម្ពុជា​៕​ វ​ឌ្ឍ​នា​

IMG_0013

IMG_0017

IMG_0002

IMG_0008