ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពនយោបាយនិងសន្តិសុខ សំខាន់ៗលើពិភពលោកក្នុងមួយសប្តាហ៍កន្លងមកនេះ

ក្នុងមួយសប្តាហ៍កន្លងមកពិភពលោកមានការប្រែប្រួលគួរឲ្យកត់សម្គាល់ ក្នុង នោះមានបញ្ហារវាងអាមេរិក នឹងរុស្ស៊ី ស្ថានភាពអឺរ៉ុប និងបញ្ហាសន្តិសុខនៅតំបន់មជ្ឈិមបូព៌ាអាស៊ាន ព្រមទាំងឧបទ្វីបកូរ៉េ ជាដើម។

អំពីស្ថានភាពនយោបាយៈ

អាមេរិកនិងរុស្ស៊ី បានប្រឈមមុខដាក់គ្នាកាន់តែតានតឹងខ្លាំងឡើង ក្រោយពេលអាមេរិកទម្លាក់ទង់ជាតិរុស្ស៊ីចុះនៅតាម អគារ ការបរទេសរបស់រុស្ស៊ី ស្ថិតក្នុងទីក្រុង សានហ្វ្រាន់ស៊ីស្កូ និង វ៉ាស៊ីនតោន សហ រដ្ឋអាមេរិក ។ រុស្ស៊ីបានផ្ញើលិខិតជំទាស់ទៅអាមេរិក ដោយចាត់ទុកថាជាសកម្មភាពខ្វះសីលធម៌មិនអាចទទួលយកបាន ហើយស្នើដល់អាមេរិកមិនត្រូវ មានសកម្មភាពបែបនេះកើតឡើងជាថ្មីនៅពេល អនាគតនោះទេ។

ជាមួយគ្នានេះរដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រកាសថា ទីក្រុងមូស្គូបានត្រៀម លក្ខណៈដាក់ពាក្យបណ្តឹងប្តឹងអាមេរិកពីសកម្មភាព បំពានច្បាប់ទៅលើទ្រព្យសម្បត្តិរបស់រុស្ស៊ីនៅលើទឹកដីអាមេរិក។

ជាមួយគ្នានេះ អាមេរិក មិនបានផ្តល់ ទិដ្ឋាការដល់ គណៈប្រតិភូនៃអគ្គមេបញ្ជា ការកងទ័ព រុស្ស៊ីទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កឡើយ ។ ទាំងនោះបង្ហាញឲ្យឃើញថា អាមេរិក មិនចង់ឲ្យមន្ត្រីយោធារុស្ស៊ី ចូលរួមកិច្ចប្រជុំ ស្តីពីស្ថិរភាព និងការគំរាមកំហែងរបស់ អាមេរិក ទៅលើប្រទេសរុស្ស៊ីតាមរយៈការដាក់ប្រព័ន្ធមីស៊ីលការពារនៅតំបន់អឺរ៉ុបជាប់ព្រំដែនរុស្ស៊ី។

ពាក់ព័ន្ធនឹងនយោបាយអឺរ៉ុបវិញ រដ្ឋាភិបាលអេស្បា៉ញបានចាប់មេដឹកនាំចលនាផ្តាច់ខ្លួនពីររូប នៅតំបន់កាតាឡូនៀ បង្កឲ្យមានការធ្វើបាតុកម្មទាមទារឲ្យដោះលែង ដែលមានបាតុករប្រមាណជាងពីរសែននាក់ចូលរួម។ ការទាមទារឯករាជ្យ ត្រូវបានគេចាត់ទុកជា«គ្រាប់បែកបរមាណូ ផ្ទុះយឺតៗ» ធ្វើឲ្យអឺរ៉ុបត្រូវបែកខ្ញែក ប្រឈមនឹង អសន្តិសុខនយោបាយ បង្កឡើងដោយ ពលរដ្ឋក្នុងតំបន់អឺរ៉ុបផ្តាល់។

ពាក់ព័ន្ធនឹង ប្រទេសអីុរ៉ង់វិញ លោក ត្រាំបានប្រើប្រាស់ វោហារស័ព្ទរិះគន់ខ្លាំងៗ ទៅលើអុីរ៉ង់ ដោយប្រធានាធិបតីអាមេរិក បានចាត់ទុករបបអុីរ៉ង់ថាផ្តាច់ការ និងជាមេកោយផ្គត់ផ្គង់ដល់ក្រុមភេរវកម្ម នៅក្នុង ពិភពលោក។ ប្រធានាធិបតីអាមេរិកចោទ អុីរ៉ង់ថាបានរំលោភកិច្ចព្រមព្រៀងជាច្រើនលើក។ កិច្ចព្រមព្រៀងបានអនុញ្ញាតឲ្យ អុីរ៉ង់ បន្តអភិវឌ្ឍផ្នែកខ្លះៗ នៃកម្មវិធីនុយ ក្លេអ៊ែរយោធា។ “តើកិច្ចព្រមព្រៀងហ្នឹង មានន័យ និងមានប្រយោជន៍អ្វី បើវាគ្រាន់តែពន្យឺតសកម្មភាពផលិតអាវុធនុយក្លេអ៊ែរក្នុងរយៈពេលដ៏ខ្លីនោះ។ ប្រធានាធិបតី អាមេរិកមិនអាចទទួលយកបានទេ រឿង នេះ” លោកដូណាល់ ត្រាំបានថ្លែងយ៉ាង ដូច្នេះ មុននឹងបញ្ជាក់ថា អាមេរិកមានសិទ្ធិដើរចេញពីកិច្ចព្រមព្រៀង ហើយគឺលោក ដែលជាអ្នកសម្រេចចិត្ត។

លោកដូណាល់ ត្រាំបានបដិសេធមិន បញ្ជាក់ពី អុីរ៉ង់មិនគោរពតាមកិច្ចព្រមព្រៀងត្រង់ចំណុចណានោះទេ។ បន្ទាប់ពីនេះ សភាអាមេរិកប្រើរយៈនឹងពេល២ខែ ដើម្បីសម្រេចចិត្តត្រូវត្រឡប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចសាជាថ្មីលើអុីរ៉ង់ដែរឬទេ។ នៅ ក្នុងការប្រកាសកាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំមិនបានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀង ហើយក៏មិនបាន ទាមទារឲ្យសភាដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីទៅលើអុីរ៉ង់ដែរ។ លោកដូណាល់ ត្រាំ អះអាងថា លោកបានបញ្ជារួចហើយ ឲ្យ មន្រ្តីរដ្ឋាភិបាលរបស់លោកធ្វើការជាប់ជានិច្ចជាមួយសភា និងប្រទេសសម្ពន្ធមិត្ត ដើម្បីពិនិត្យ កែប្រែឡើងវិញ ចំណុចមួយ ចំនួន នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ក្នុងករណីសភា និងប្រទេសសម្ពន្ធមិត្តមិនអាចចុះសម្រុង បំពេញចំណុចខ្វះខាតនៅក្នុងកិច្ចព្រមព្រៀង តាមការចង់បានរបស់ អាមេរិកទេ នោះលោកនឹងជាមនុស្សម្នាក់ គត់ ដែលនឹងដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់។

NKD-36x6_outline

អំពីសន្តិសុខៈ

រដ្ឋាភិបាលចិនបានរឹតបន្តឹងសន្តិសុខ នៅក្នុងកិច្ចប្រជុំ មហាសន្និបាត គណបក្ស កុម្មុយនីស្ត ចិន ដែលចាប់ផ្តើមនៅថ្ងៃទី១៨ ខែតុលា ។ ការរឹតបន្តឹងសន្តិសុខ ដោយ សារតែ កន្លងមកចិនធ្លាប់រងការវាយប្រហារភេរវកម្ម ជាច្រើនលើកដែលបង្កឡើង ដោយក្រុម អ៊ិស្លាមអ៊ុយហ្គ័រ។

បញ្ហាសន្តិសុខ មួយទៀតដែលចាប់ អារម្មណ៍បំផុត ហើយមានផលប្រយោជន៍ដល់តំបន់អាស៊ាននោះ គឺ ប្រធានាធិបតី ហ្វុីលីពីនបានប្រកាសថា កងទ័ពរដ្ឋា ភិបាលរបស់លោក ទទួលបានជ័យជម្នះ រំដោះទីក្រុងម៉ារ៉ាវីពីក្រុមខ្មាន់កាំភ្លើងម៉ូតេដែល មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុម IS នៅក្នុងប្រទេសស៊ីរីនិងអីុរ៉ាក់កាលពីថ្ងៃទី១៧ ខែតុលា ។

សូមបញ្ចាក់ផងដែរថា សង្គ្រាមនៅ ទីក្រុងម៉ារ៉ាវី អូសបន្លាយរយៈជាង៥ខែ ដែលបានសម្លាប់មនុស្សជាង ១.០០០​នាក់ ​ភាគច្រើនជាខ្មាន់កាំភ្លើងក្រុមភេរវកម្ម ។

ជាមួយគ្នានេះសង្គ្រាមប្រឆាំង ក្រុមភេរវកម្មISនៅក្នុង

ប្រទេសស៊ីរី ត្រូវបានភាគី ​រុស្ស៊ីដែលចូលរួមវាយប្រហារជួយដល់រដ្ឋាភិបាលស៊ីរីនោះក៏បានប្រកាសទទួលជ័យជម្នះលើក្រុមIS ផងដែរ ដោយបញ្ជាក់ថា ក្រុមនេះនៅសល់ប្រហែលជា១០ភាគរយប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងឧបទ្វីបកូរ៉េវិញ កូរ៉េខាង ត្បូងនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នារហូតដល់ថ្ងៃសុក្រនេះ នៅភាគខាងលិចនិងខាងកើតឧបទ្វីបកូរ៉េ ដោយមាន នាវាទាំងពីរប្រទេសចំនួន៤០គ្រឿងចូលរួម ក្នុងនោះក៏មាននាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងឈ្មោះ USS Ronald Reagan ដែលដើរដោយថាមពល នុយក្លេអ៊ែរដែរ -នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងការពារជាតិកូរ៉េខាង ត្បូងកាលពីថ្ងៃចន្ទមុននេះ។

រីឯរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson វិញ បានខិតខំថ្លែងធានា អះអាងថា លោកDonald Trump បានស្នើសុំឲ្យរូបលោកប្រឹងប្រែងលើការទូតជាបន្តទៅមុខទៀតនៅក្នុងគោលដៅដើម្បីជួយកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង។

គួររំលឹកថា ភាពតានតឹងនៅឧបទ្វីបកូរ៉េ បានធ្លាក់ចុះដុនដាបសារជាថ្មីនោះ ដោយ​សារតែកូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីកមួយចំនួននាពេលថ្មីៗកន្លងទៅនេះនិងការបាញ់សាកល្បងគ្រាប់បែកនុយក្លេអ៊ែរលើកទី៦ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាកាលពីថ្ងៃទី៣ ខែ​កញ្ញាមុន រួមទាំងសង្គ្រាមពាក្យសម្ដីរវាងប្រធានាធិបតីអាមេរិកនឹងថ្នាក់ដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន៕ ម៉ែវ សាធី

 

ការធ្វើសមយុទ្ធរួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូង

នាវាផ្ទុកយន្តហោះរបស់អាមេរិកដែលចូលរួមធ្វើសមយុទ្ធ