ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាប័នចំនួន៤ បើកកិច្ចប្រជុំពិភាក្សាលើគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)

ភ្នំពេញ៖ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ បានរៀបចំ កិច្ចប្រជុំប្រចាំត្រីមាស ស្តីពីការអនុវត្តលក្ខខណ្ឌការងារនៃឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើការអនុវត្តលក្ខខណ្ឌការងារតាមបណ្តារោងចក្រ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយ មានការអញ្ញើញអ្នកចូលរួមមកពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ, អង្គការអន្តរជាតិខាងការងារ អាយឡូ (ILO) និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក (GMAC)។

លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័តនៅក្រោយបញ្ចប់កិច្ចប្រជុំថា ខណៈ ដែលវិស័យកាត់ដេរនៅកម្ពុជា ជាវិស័យដ៏ធំមួយសម្រាប់ដឹកនាំសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើននិងឈានមុខ ដូច្នេះកិច្ចប្រជុំពេលនេះតែងតែរៀបចំឡើងរៀងរាល់បីខែម្តង ដើម្បីជួបប្រជុំគ្នានិងធ្វើបទបង្ហាញ ក៏ដូចជាលើក ឡើងនូវបញ្ហាប្រឈមនានាដែលជួបប្រទះនាពេលកន្លងមកក្នុងការកែតម្រូវឡើងវិញ និងបំពេញបន្ថែមរាល់ កង្វះខាតដើម្បីជំរុញឲ្យប្រសើរឡើងនូវវិស័យនេះ ពិសេសលក្ខខណ្ឌការងាររបស់បងប្អូនកម្មករនិយោជិត។

លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្រោយ ពីមានគម្រោង (ILO-BFC) គឺបានជួយដល់ប្រទេសកម្ពុជាច្រើនដោយសាររាល់ផលិតផលគ្រប់មុខទាំងអស់ ដែលផលិតនៅកម្ពុជាត្រូវបានអនុគ្រោះនាំចេញទៅបណ្តាប្រទេសដែលបញ្ជាទិញផ្សេងៗ ទាំងនៅអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងៗលើពិភពលោក។

ជាមួយគ្នានេះ លោកស្រី អិស្តើរ ហើមិនស៍ (Esther GERMANS) ប្រធានគម្រោង (ILO-BFC) បានលើក ឡើងថា កន្លងមកនេះសង្កេតឃើញថាកម្មករនិយោជិតពេលបច្ចុប្បន្នមានការយល់ដឹងច្រើនអំពីវិស័យកាត់ដេរ នេះ ដោយសារតែយើងមានកម្មវិធីនៅលើទូរស័ព្ទស្វាតហ្វូន (smart phone) ដែលក្នុងកម្មវិធីនោះមានប្រើប្រាស់ ជាភាសាខ្មែរ អង់គ្លេស និងជាភាសាចិន ដោយការអប់រំរបស់កម្មករនិយោជិត ដែលទទួលបានការឆ្លើយតប បានយ៉ាងល្អជាបន្តបន្ទាប់។

សូមបញ្ជាក់ថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ហៅកាត់ ប៊ីហ្វេសស៊ី (B.F.C) បានដំណើរការ ក្នុងឆ្នាំ២០០១ មានសមាជិកសរុបចំនួន៥៤១រោងចក្រ ស្មើនឹងកម្មករសរុបចំនួន៥៧១,១៦៥នាក់។ ក្នុងនោះ ប៊ីហ្វេស៊ី ផ្តោតសំខាន់ទៅលើការអនុវត្តន៍ច្បាប់ស្តីពីការងារនៅកម្ពុជា ក្នុងគោលបំណងដើម្បីជំរុញលក្ខខណ្ឌ ការងារក្នុងវិស័យកាត់ដេរសម្លៀកនិងស្បែកជើង ឲ្យមានការប្រសើរឡើង និងមើលទៅលើច្បាប់ស្តីពីការងារ បទដ្ឋានផ្សេងៗដែលរាជរដ្ឋាភិបាលមានចែងក្នុងអនុសញ្ញាអង្គការអន្តរជាតិខាងការងារ អាយឡូ។

យោងតាមទិន្នន័យការនាំចេញរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និង ផលិតស្បែកជើងបានបង្ហាញឲ្យដឹងថា ការនាំចេញសរុបសម្លៀកបំពាក់និងស្បែកជើងក្នុងឆ្នាំ២០១៧កន្លងទៅ ទៅកាន់សហរដ្ឋអាមេរិកចំនួនប្រមាណជាង១៣៦លានដុល្លារអាមេរិក, អ៊ីយូ (EU) ប្រមាណជិត ៥០០លាន-ដុល្លារអាមេរិក, កាណាដាប្រមាណជាង៦៤៧លានដុល្លារអាមេរិក និងទៅកាន់ប្រទេសជប៉ុនប្រមាណ ៦០៧លានដុល្លារអាមេរិក ៕ ស តារា