ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាវឈាមរាវបើកម៉ូតូលឿនជ្រុលបុករថយន្តស្លាប់ម្នាក់

ខេត្តកំពង់ស្ពឺ៖ យុវជនវ័យក្រោម២០ឆ្នាំម្នាក់ បានបើកម៉ូតូគ្មានពាក់មួកសុវត្ថិភាពលើផ្លូវបេតុង បានជ្រុលចង្កូតបុករថយន្តចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោងង២ និង១៥នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុងស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ។

ជនរងគ្រោះឈ្មោះវ៉ន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១BH-៤២៤២ ។ ចំណែករថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ ២A-៨៦៧៥ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយសារក្រោយកើតហេតុ បានចុះរត់ចោលរថយន្ត ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ បើកម៉ូតូតាមបណ្តោយផ្លូវបេតុង១ខ្សែចេញពីភូមិព្រៃផ្តៅ ឆ្ពោះទៅទន្លេកន្ទិលទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយ បើកបរទិសដៅបញ្ច្រាសគ្នាជ្រុលចង្កូតបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម៉ូតូខូចខាតធ្ងន់ធ្ងរ ។ ក្រោយបង្កគ្រោះថ្នាក់ អ្នកបើកបររថយន្ត បានរត់គេចខ្លូនដោយសុវត្ថិភាព ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវរកក្រុមគ្រួសារ មកយកសាកសព ទៅគេហដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកយានយន្តទាំង២គ្រឿង សមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីស្វែងរកម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយជាមួយភាគីរងគ្រោះតាមច្បាប់ ៕ សេនាស័ក្តិ