ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាវមួយក្រុមលើកគ្នាមកវាយជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់

ខេត្តកំពង់ធំ៖ អំពើហិង្សាមួយបានកើតឡើងបណ្តាលឲ្យជនរងគ្រោះរបួសយ៉ាងធ្ងន់ ដោយសារក្រុមស្ទាវលើគ្នាមកវាយ បែកក្បាលជាច្រើនថ្នេរ កាលពីវេលាម៉ោង ២១និង១០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលំ តាំងក្រសាំង (ផ្លូវយាយតាទៅព្នៅ) ភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចឲ្យដឹងថា ករណីហិង្សាដោយចេតនានេះបង្កឡើងដោយក្មេងស្ទាវមួយក្រុម មកវាយជនរងគ្រោះឈ្មោះប្រា អ័ន ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិព្រែកក្រោល ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឲ្យរបួសធ្ងន់ របួសចំក្បាលជាច្រើនកន្លែង ដួលសន្លប់បាត់ស្មារតី ត្រូវសាច់ញាតិបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ។

លោក វរ:សេនីយ៍ត្រី ស្រី សំណាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសន្ទុក បានឲ្យដឹងថា មូលហេតុ មកពីការឈ្លោះប្រកែកគ្នា រឿងទំនប់បង្ហៀរទឹក តំបន់ទំនប់ទឹក១មករា ស្រុកបារាយណ៍ ហើយក្រុមស្ទាវនោះ ក៏នាំគ្នាព្រួតវាយដោយដំបងទៅលើជនរងគ្រោះ ហើយនាំគ្នារត់គេចខ្លួនបាត់អស់ ។

ប្រភពបន្តថា ក្នុងករណីនេះ ប៉ូលិស និងកម្លាំងកងរាជអាវុធហត្ថស្រុកសន្ទុក កំពុងស្រាវជ្រាវរកមុខសញ្ញា រហូតមកដល់ពេលនេះបានដឹងអត្តសញ្ញាណខ្លះហើយ សមត្ថកិច្ចនឹងកោះហៅជនសង្ស័យមកសួរនាំតាមច្បាប់ ៕ ប៊ុន រិទ្ធី