ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាវ១ក្រុមម៉ូតូ៣គ្រឿងដេញវាយបុរសពីរនាក់យកម៉ូតូមិនបានសម្រេច

ភ្នំពេញ៖ ក្មេងស្ទាវ១ក្រុម មានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាក បានធ្វើ សកម្មភាពដេញវាយបុរសពីរនាក់ កំពុងជិះម៉ូតូនិចមួយគ្រឿង និងធាក់ឲ្យដួល តែយកម៉ូតូមិនបានសម្រេច បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ និងស្រាល ចំណែកជនបង្កជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចការ៉ាសសាំងតូតាល់ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ។

ជនរងគ្រោះមាន ឈ្មោះ ឈុំ ពុនសារ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររៀបបន្ទប់ខារ៉ាអូខេ ស្នាក់នៅបឹងទំពុន ខណ្ឌមានជ័យ រីឯម្នាក់ដោយសារងរបួសធ្ងន់ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ ។

តាមសំដីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូនិចពណ័សពាក់ស្លាកលេខភ្នំពេញ.1FG8941 បានជិះចេញពីកន្លែងខារ៉ាអូខេមួយ កន្លែងដើម្បីជូនភ្ញៀវទៅផ្ទះរបស់គាត់ ដើម្បីទៅយកលុយដោយសារគាត់ខ្វះលុយ រួចហើយបានទុកម៉ូតូរបស់គាត់នៅក្នុងហាងខារ៉ាអូខេរួចក៏បានឡើងជិះជាមួយបុគ្គលិកខារ៉ាអូខេមកផ្ទះរបស់គាត់ដើម្បីទៅយកលុយមកសងម្ចាស់ហាងវិញ ដោយជិះម៉ូតូពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់លេចមុខក្រុមក្មេងមួយក្រុម មានគ្នា៦ទៅ៧នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាកដេញវាយពីក្រោយ ពីផ្សារសុវណ្ណា រហូតមកដល់ចំនុចកើតហេតុខាងលើ បានធាក់បណ្ដាលឲ្យម៉ូតូរបស់ដួល ដោយសារឃើញប្រជាពរដ្ឋច្រើនពេក ធ្វើក្រុមក្មេងស្ទាវទាំងនោះយកម៉ូតូមិនបាន ក៏នាំគ្នាជិះគេចខ្លួន ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ហើយក៏បានជូនជនរងគ្រោះទៅប៉ុស្តិ៍បឹងទំពុន១ដើម្បីដាក់ពាក្យបណ្ដឹង ហើយជនងគ្រោះម្នាក់ ដែលរងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ ៕ អារុណរះ