ព័ត៌មានទាន់ហេតុការណ៍៖

ស្ទើរនឹកស្មានពុំដល់! កំពូលចោរហារយឡើងកាត់សោទ្វារលួចសម្ភារជលសាស្រ្តរួចគេចខ្លួនបាត់

ខេត្តពោធិ៍សាត់៖ ពិតជាកំពូលចោរមែន ស្ទើរតែនឹកស្មានពុំដល់ គ្រាន់តែអាគុយចំនួន ២ និងផ្ទាំងសូឡា ២សន្លឹករបស់ជលសាស្រ្ត ផ្សងសំណាងឡើងកាត់សោលួចយកទៅបាត់ រួចគេចខ្លួនបាត់ស្រមោល អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានត្រឹមស្រាវជ្រាវ ។

ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំពូលបង្គោលជលសាស្រ្តក្នុងទឹកបឹងទន្លេសាប ស្ថិតក្នុងភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ការដែលជនសង្ស័យកំពូលលោកចោរឡើងកាត់សោទ្វារលួចយកសម្ភារជលសាស្រ្តខាងលើ អាចធ្វើសកម្មភាពកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃថ្ងៃទី៤ ខែកញ្ញា ហើយសម្ភារជលសាស្រ្តដែលបានបាត់បង់រួមមាន អាគុយចំនួន ២គ្រាប់ និងផ្ទាំងសូឡាចំនួន ២សន្លឹកផងដែរ ករណីនេះ គេឃើញសមត្ថកិច្ចជំនាញចុះធ្វើកំណត់ហេតុ និងបន្តស្រាវជ្រាវរកមុខជនសង្ស័យ ដើម្បីកំណត់មុខសញ្ញានាំយកមកផ្ដន់ទាទោសតាមច្បាប់ ៕ ប៉ឹម ពិន