ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តកំពង់ធំ បង្ហាញមុខសញ្ញាជួញដូរសារធាតុញៀនយ៉ាងសកម្មចំនួន៦នាក់

ខេត្តកំពង់ធំ៖ ក្រោមការដឹកនាំ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិលោក សុខ លូ អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ ដែលតែងតែយកចិត្តទុក្ខដាក់អំពីក្ដីកង្វល់ របស់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋានឃុំ-សង្កាត់ ល្ងាចថ្ងៃ សៅរ៍ ១៣រោច ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១៨លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបង្ហាញមុខសញ្ញាជួញដូរសារធាតុញៀនយ៉ាងសកម្ម ដែលកន្លងមកកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកបង្រ្កាប ។

មុខសញ្ញានេះ ជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាព ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាពិសេសក្នុងភូមិសាស្ត្រក្រុងស្ទឹងសែន ដែលធ្លាប់ជាប់ពន្ធនាគារ ហើយខ្លះចេញមកវិញ មិនកែប្រែ ប្រើប្រាស់ និងជួញដូរថ្នាំញៀន បន្តទៀត ។ជាក់ស្តែងនៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួល នីតិវិធី ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ សមត្ថកិច្ចយើងប្រើប្រាស់វិធានការ ជំនាញស្រាវជ្រាវ កំណត់មុខសញ្ញា ហើយឈានទៅបង្ក្រាបមុខសញ្ញា ឈ្មោះ ហុង ចំរើន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ដកហូតបានសារធាតុញៀនចំនួន ៣ កញ្ចប់ ដែលកំពង់ធ្វើសកម្មភាពចែកចាយនៅតំបន់អង់ទែនទូរទស្សន៍ ក្នុងសង្កាត់ កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

មុខសញ្ញានេះកម្លាំងសមត្ថកិច្ច បានកំនត់ និងធ្វើតេស្ត មានផ្ទុកសារធាតុញៀន ហើយបានបញ្ជូនទៅមណ្ឌលកែប្រែ ។ពេលចេញពីមណ្ឌលកែប្រែមកវិញ បានទាក់ទងមុខសញ្ញាផ្សេងទៀត ធ្វើសកម្មភាពជួញដូរសារធាតុញៀន ត្រូវបានកម្លាំងនគបាលប្រឆាំងគ្រឿងញៀន បង្ក្រាបផ្ដន្ទាទោស ដាក់ពន្ធនាគារជាង ១ ឆ្នាំ ហើយចេញពីពន្ធនាគារ មកវិញមិនបានកែប្រែ បន្តប្រើប្រាស់ និងជួញដូរថ្នាំញៀន ទៀត ត្រូវសមត្ថកិច្ចស្រាវជ្រាវបង្ក្រាប ពេលមុខសញ្ញាកំពង់ធ្វើសកម្មភាពជួញដូរចែកចាយ និងច្បាមចាប់ឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតឈ្មោះ ប៉ាត់ គឹមឡូត ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាគ្រូបង្ហាត់កាយសម្បទា (បង្ហាត់ប្រាណ ) ដកហូតបានសារធាតុញៀនចំនួន ១កញ្ចប់ ។

មុខសញ្ញានេះ ធ្លាប់មានបញ្ហានៅខេត្ដកំពង់ចាម បានមកស្នាក់នៅខេត្តកំពង់ធំ ដោយជ្រកក្រោមមុខរបរ ជាគ្រូបង្ហាត់កាយសម្បទា (បង្ហាត់ប្រាណ)ដោយប្រើប្រាស់សារធាតុញៀន ហើយខ្លួនបានធ្វើសកម្មភាពចែកចាយជួញដូរសារធាតុញៀន បន្តបក្សពួក ត្រូវសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនមុខសញ្ញាចាស់ឈ្មោះ ញាន ដន ភេទ ប្រុស មុខរបរ រត់ម៉ូតូឌុបដកហូតបានសារធាតុញៀនចំនួន ១កញ្ចប់ធំ ដែលបន្តធ្វើសកម្មភាព ជាក់ស្ដែងមុខសញ្ញានេះត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន និងកម្លាំងកងរាជអាវុធហត្ថ បង្ក្រាបជាប់ពន្ធនាគារចំនួន ២ ឆ្នាំផងដែរ ។

បន្ទាប់សមត្ថកិច្ច បន្តប្រើប្រាស់វិធានការជំនាញ ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ជួញដូរសារធាតុញៀនចំនួន ៣ នាក់ បន្ថែមឈ្មោះ អេថង ស៊ីថា ហៅ និត ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារចំនួន ២ ឆ្នាំ ពីបទជួញដូរប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។

ឈ្មោះ យ៉ែម យ័ន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ នេសាទ និងឈ្មោះ ព្រំ សារ៉ាត់ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ កម្មករ ដកហូតបានសារធាតុញៀនចំនួន៥ កញ្ចប់ ។ ចំពោះករណីខាងលើនេះសមត្ថកិច្ចបានខិតខំប្រឹងប្រែងកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនជនសង្ស័យខាងលើ និងវត្ថុតាង ទៅសាលាដំបូងខេត្តកំពង់ធំចាត់បន្ត។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរ ដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួមអនុវត្តតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព បានព្រមៗគ្នា ព្រមទាំងមានកិច្ចសហការ ជាមួយសមត្ថកិច្ច បង្ហាញនៅមុខសញ្ញាប្រើប្រាស់ ជួញដូរគ្រឿងញៀន ដើម្បីកងកម្លាំងសមត្ថកិច្ចមានមូលដ្ឋានស្រាវជ្រាវបង្ក្រាប មានប្រសិទ្ធភាព ។

ឥទ្ធិពល នៃគ្រឿងញៀន បង្ករមានគ្រោះថ្នាក់ ដល់សង្គម ហើយប្រមុខរាជរដ្ឋាភិបាល លោកបានយកចិត្តទុកដាក់ណាស់ នូវវិធាន បង្ការ ទប់ស្កាត់ ការជួញដូរសារធាតុញៀនខុសច្បាប់។លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណូមពរបន្ថែម ដល់ស្រទាប់យុវជន ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះបើមនុស្សយើងត្រូវបានគ្រឿងញៀន គ្រប់គ្រងបានហើយធ្វើឲ្យមនុស្ស បាត់បង់ សតិសម្បជញ្ញៈ លែងស្គាល់ខុស ត្រូវ អំពីល្អ អំពើអាក្រក់ សាច់ញាតិឪពុក ម្តាយ បងប្អូន មនុស្សជាទីស្រឡាញ់ ជាដើម ៕ ប៊ុនរិទ្ធី