ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលរាជធានីភ្នំពេញព្រមានដាច់ខាតមិនយោគយល់ចំពោះមន្ត្រីនគរបាលណាពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងនៅពីក្រោយខ្នងបទល្មើសនេះ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបនឹងចូលកាន់តំណែងជាស្នងការជាងមួយខែមកនេះ ហើយបានចំណាយពេលចុះជួបសំណេះសំណាលជាមួយមន្ត្រីនគរបាល នៅតាមបណ្តាអធិការដ្ឋាននគរបាលទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញប្រយោជន៍បង្កលក្ខិណៈភាពស្និតស្នាល និងគូសបញ្ជាក់អំពីសាមគ្គីភាពផ្ទៃក្នុង ការងារជាកងកម្លាំង ការងារបំរើសេវាសាធារណៈ ជាពិសេសពង្រឹងប៉ុសិ៍្តរដ្ឋបាលឲ្យមានប្រសិទ្ធិភាពក្នុងការងារសន្តិសុខ សុវតិ្ថភាពក្នុងមូលដ្ឋាន ដែលបច្ចុប្បន្ននៅក្នុងមូលដ្ឋានមួយចំនួនកំពុងកើនឡើងយ៉ាងខ្លាំងក្នុងបទល្មើសលួចមានស្ថានទម្ងន់ទោស ឆក់ លួច តែបទល្មើសប្លន់ប្រដាប់បានថមថយគួរជាទីមោទនៈ។

លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា លោកនឹងមិនអត់ឱនជាដាច់ខាតចំពោះមន្ត្រីនគរបាលណា ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនឬនៅពីក្រោយខ្នងបទល្មើសនេះ។ លោកឧត្តមសេនីយ៍ឯកស្នងការថា ប្រសិនបើរកឃើញថាមានពាក់ព័ន្ធករណីគ្រឿងញៀននេះមែន បើទោះ បីស័កិ្តប៉ុន្មានក៏ដោយ គឺមិនអនុគ្រោះឲ្យបាននោះទេ ហើយក៏កុំលើកហេតុផលថាខ្លួនបានបំរើការងារជាមន្ត្រីនគរបាលយូរហើយ ព្រោះហេតុតែក្រ គ្រាន់តែរឿងប៉ុណ្ណឹងម្តេចក៏មិនណែនាំបានហើយ ចាំបាច់ចាប់ដាក់គុក។

លោកឧត្តមសេនីយ៍ឯក ស ថេត បានគូសបញ្ជាក់មិនបានជាដាច់ខាតត្រូវអនុវត្តតាមច្បាប់ជាធរមាន ព្រោះរឿងគ្រឿងញៀននេះជារឿងមនុស្សជាតិ វាបានបំផ្លាញធ្ងន់ធ្ងរនិងប៉ះពាល់បំផុតក្នុងសង្គម។ លោកឧត្តមសេនីយ៍ឯក ស ថេត ថាបើរឿងអ្វីក្រៅពីករណីគ្រឿងញៀនអាចធ្វើការណែនាំម្តងជាពីរដងបាន អាចដាក់វិន័យកងកម្លាំងលេខ០០៦ ឬបញ្ឈជើងការងារបាន។

នេះគឺជាការលើកឡើងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងឱកាសពិធីសំណេះសំណាលជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃព្រហស្បត៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទិ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌសែនសុខរាជធានីភ្នំពេញ។

ក្រោយពីស្តាប់នូវរបាយការណ៍ និងការសំណូមពររបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិកា រនគរបាលខណ្ឌសែនសុខ រួចមកលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានធ្វើការកោតសសើរដល់មន្ត្រីនគរបាលខណ្ឌសែនសុខទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពារសុវត្ថិភាពថ្នាក់ដឹកនាំ ប្រតិភូជាន់ខ្ពស់ឆ្លងកាត់ ក៏ដូចជាបានបំ ពេញភារកិច្ចបានប្រសើរដល់ប្រជាពលរដ្ឋ។ ក្នុងនោះលោកឧត្តមសេនីយ៍ឯកស្នងការនគរបាលរាជធានីក៏ណែនាំដល់អធិការ អធិការរងទាំងអស់ត្រូវយកចិត្តទុកដាក់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដែលបានបាត់បង់កាយសម្បទា ធ្លាក់ខ្លួនឈឺស្កាត់ ឬករណីផ្សេងៗនោះ គឺត្រូវសហការគ្នាបន្តិចបន្តួចដឹកនាំចុះសាកសួរសុខ ទុក្ខដល់ផ្ទះ ឬសម្រាក់នៅពេទ្យក្តី ធ្វើបែបនេះគឺកុំឲ្យក្រុមគ្រួសារ ឬសាម៉ីខ្លួនបាត់បង់ជំនឿ ហើយនេះក៏ជា ការលើកទឹកចិត្តដល់ក្រុមគ្រួសារផងដែរ។

ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ឯកឧត្តមស្នងការនគរបាលរាជធានីក៏បានជំរុញឲ្យមន្ត្រីទាំងអស់ បង្កើនបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបទល្មើសគ្រឿងញៀនត្រូវចុះអនុវត្តនៅតាមបណ្តាក្លឹបកម្សាន្ត និងទីតាំងមួយចំនួនដែលកម្លាំងជំនាញបានស៊ើបដឹង។ ក្នុងនោះត្រូវអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្តឲ្យដូចភ្លៀងរលឹម។ លោកឧត្តមសេនីយ៍ឯកស្នងការក៏បានណែនាំដល់មន្ត្រីនគរបាលទាំងអស់ត្រូវឯកសណ្ឋានឲ្យ បានសមរម្យជាកងកម្លាំងអនុវត្តច្បាប់ ចៀសវាងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ៕ តាឡឹម