ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការរាជធានីភ្នំពេញ៖ ប្ដេជ្ញាចិត្តមិនចុះហត្ថលេខាឲ្យមន្ត្រីនគរបាលរូបណា ដែលស្នើសុំផ្ទេរការងារចេញពីខណ្ឌមួយ ទៅខណ្ឌមួយទៀតឡើយ លុះត្រាតែមានករណីចាំបាច់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្ដេជ្ញាចិត្តរក្សានូវវប្បធម៌មួយឲ្យបាន ដោយមិនចុះហត្ថលេខាឲ្យរាល់កងកម្លាំងនគរបាលរូបណា ដែលបានស្នើសុំផ្ទេរចេញពីខណ្ឌ ទៅបម្រើការងារនៅតាមបណ្ដាខណ្ឌផ្សេងៗឡើយ លុះត្រាតែមានករណីចាំបាច់កើតឡើង ដូចជាទីតាំងកន្លែងធ្វើការងារនៅក្បែរផ្ទះ ឬឪពុក-ម្ដាយក្រុមគ្រួសារមានជំងឺត្រូវមើលថែតែប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងបញ្ជាក់ថា ការប្ដជ្ញាចិត្តរបស់លោកយ៉ាងដូច្នេះ ដោយសារតែមួយរយះកាលកន្លងមកនេះ សម្រាប់កងកម្លាំងរើសថ្មីមួយចំនួន ដែលបានមកបំពេញភារកិច្ចនៅតាមបណ្ដាខណ្ឌ ក្នុងរាជធានីភ្នំពេញមួយចំនួន មិនបានប៉ុន្មានផង ដោយអាងយកលុយទៅសូកអ្នកនេះ ឬសូកអ្នកនោះ ស្រាប់តែត្រូវបានផ្ទេរចេញទៅរកកន្លែងខ្លាញ់ៗអស់ទៅហើយ ឯកងកម្លាំងចាស់ៗ ដែលខិតខំបម្រើការងារយ៉ាងសកម្មបែរជាត្រូវនៅកន្លែងដដែលទៅវិញ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស ថេត បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាល ជាមួយកងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ ដើម្បីណែនាំដល់កងកម្លាំងនគរបាល ឲ្យបង្កើនការយកចិត្តទុកដាក់ ក្នុងការងារទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើស ក៏ដូចជាការផ្ដល់សេវាជូនប្រជាពលរដ្ឋ។

ក្នុងពិធីជួបសំណេះសំណាលខាងលើនេះ ក្រោយពីបានស្តាប់របាយការណ៍យ៉ាងលម្អិត ស្ដីពីការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗជាហូរហែ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ របស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវរួចមក លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា បញ្ហាប្រឈមដែលកងកម្លាំងត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពទន់ភ្លន់ និងម៉ឺងម៉ាត់ នោះគឺចុះដល់កន្លែងទាន់ហេតុការណ៍ សំដៅឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងមានទំនុកចិត្តមកលើកងកម្លាំង ពិសេសបញ្ហាសតិអារម្មណ៍ជនរងគ្រោះ ដោយសង្កត់ធ្ងន់លើចំណាត់ការភ្លាមៗរាល់ការទទួលពាក្យបណ្ដឹង និងការផ្តល់សេវាសាធារណៈជូនពលរដ្ឋ ឲ្យបានឆាប់រហ័ស ទាំងផ្ដល់អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងទៀតថា បញ្ហាប្រឈមខ្លាំងបំផុតនោះ គឺបញ្ហាគ្រឿងញៀន ដែលត្រូវធ្វើការផ្សព្វផ្សាយ, អប់រំព្យាបាល និងការបង្ក្រាបបទល្មើសចោរកម្មគាស់ផ្ទះ លួច ឆក់ ប្លន់ ជាដើម ដោយត្រួតពិនិត្យ កំណត់មុខសញ្ញា ដូចជាទីតាំងសំណង់មិនរៀបរយ, ផ្ទះសំណាក់, ផ្ទះជួល, ដែលផ្ដើមចេញពីការសេពគ្រឿងញៀន, រក្សាទុកគ្រឿងញៀន, និងជួញដូរគ្រឿងញៀន៕ ស រស្មី