ព័ត៌មានទាន់ហេតុការណ៍៖

ស្នេហាត្រីកោណបុរសម្នាក់រស់នៅជាមួយគ្នាជាង១ឆ្នាំ ឃើញសង្សារអង្គុយផឹកស៊ីកៀកកើយជាមួយប្រុសថ្មី យកដាវសាំម៉ូរ៉ៃកាប់ទាំង២នាក់បណ្តាលរងរបួស

ខេត្តបន្ទាយមានជ័យ៖ បុរសសង្ស័យម្នាក់ បានរងការឃាត់ខ្លួនពីកម្លាំងនគរបាល ក្រោយធ្វើសកម្មភាពកាប់ទៅលើស្រ្តីសង្សាររបស់ខ្លួន និងប្រុុសថ្មីរបស់នាង នៅពេលឃើញសង្សារស្រី ដែលធ្លាប់រស់នៅជាមួយគ្នាមិនទាន់រៀបការជាង១ឆ្នាំមកហើយ បែរជាទៅដើរលេងផឹកស៊ីជាមួយប្រុសថ្មី។

ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសុំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ពីបទហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) ដើម្បីចាត់ការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ទោខែម សុភ័ណ នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា៖ជនសង្ស័យឈ្មោះ ប៊ុល គឹមសានហៅចិន ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះទាំង២នាក់មានឈ្មោះ ទាវ សារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្នមកស្នាក់នៅធ្វើការនៅរងចក្រ ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតនិងឈ្មោះសឹង្ហ សុភ័ក្ត្រ ភេទស្រីអាយុ២១ឆ្នាំ នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

NKD-36x6_outline

លោកនាយការិយាល័យបានបញ្ជាក់ថា៖មុនពេលកើតហេតុជនសង្ស័យឈ្មោះ ប៊ុល គឹមសានហៅចិនបានជិះម៉ូតូជាមួយពួកម៉ាកទៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈនោះស្រាប់តែជនសង្ស័យបានឃើញសង្សារស្រីរបស់ខ្លួនឈ្មោះសឹង្ហ សុភ័ក្ត្រ បានអង្គុយកៀកកើយផឹកស៊ីជាមួយប្រុសថ្មីមានឈ្មោះទាវ សារិទ្ធនៅផ្ទះរបស់ឈ្មោះស្រីម៉ៅ ។

ជនសង្ស័យឃើញបែបនោះក៏យកដាវសាំម៉ូរ៉ៃដេញចូលកាប់ទៅលើឈ្មោះទាវ សារិទ្ធ រងរបួសត្រចៀកឆ្វេង១កន្លែង,ដៃឆ្វេង១កន្លែង,ជើងឆ្វេង១កន្លែង ចំណែកឈ្មោះសឹង្ហ សុភ័ក្ត្រ របួសកដៃឆ្វេង១កន្លែង។ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនប៉ុន្តែត្រូវបានកម្លាំងនគរបាលស្រុកអូរជ្រៅតាមចាប់ឃាត់ខ្លួនបានជនសង្ស័យនៅភូមិអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួចបាន្បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

តាមចម្លើយសារភាពរបស់របស់ជនសង្ស័យឈ្មោះប៊ុល គឹមសានហៅចិន បានប្រាប់សមត្ថកិច្ចថារូបគេនិងឈ្មោះសឹង្ហ សុភ័ក្ត្រ ធ្លាប់ស្រឡាញ់គ្នាយូរហើយ តែពេលឃើញនាងបែកចិត្តពីខ្លួនមានសង្សាថ្មី និងឃើញនាងស្និតស្នាលនិងប្រុសថ្មីដើរលេងចូលផ្ទះសំណាក់ថែមទៀតក៏កើតក្តៅចិត្តក៏ទាញដាវសាម៉ូរ៉ៃពីចង្កេះកាប់ទៅលើប្រុសស្នេហ៍និងស្រ្តីសង្សារតែម្តង៕ សំ វិច្ឆិកា