ព័ត៌មានទាន់ហេតុការណ៍៖

ស្មានតែមានក្នុងរឿងនេសាទក្រពើ! ប្រជានេសាទត្រីម្នាក់បះសក់ច្រូង ខណៈនេសាទបានក្រពើ១ក្បាល

ខេត្តពោធិ៍សាត់​៖ បុរសម្នាក់ញាក់សាច់ទទ្រើកបះសក់ច្រូងតែម្ដង ខណៈទៅដេកនេសាទត្រី (រាយមង) នៅទឹកស្ទឹង ជាប់សត្វក្រពើ១ក្បាលខ្មៅគ្រាក់ ទម្ងន់ជិត២០០គីឡូក្រាម។

ហេតុការណ៍​នេសាទត្រីបានសត្វក្រពើ ១ក្បាលខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងទាំងព្រឹកព្រលឹម​ នាថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ត្រង់ចំណុចក្នុងស្ទឹងមេទឹក​ (ដែនជម្រកសត្វព្រៃភ្នំសំកុស) ស្ថិតក្នុងភូមិកណ្តាល ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា ប្រជានេសាទត្រីបានសត្វក្រពើ ១ក្បាលនោះឈ្មោះ មឿន​ មីន​ ភេទប្រុស​ ហើយកាលពីល្ងាចរូបគាត់បានទៅរាយមងក្នុងទឹកស្ទឹងនៅចំណុចខាងលើ​ រួចក៏ទៅសម្រាកនៅផ្ទះវិញ លុះព្រឹកឡើង​រូបគាត់ទៅមើលមង​ ក៏ប្រទះឃើញជាប់សត្វអ្វីមួយធំណាស់ ហើយបាននឹងកំពុងរើបម្រាស់ ដោយមងរុំខ្លួន វាជិត គាត់ក៏ទាញឡើងឃើញជាប់សត្វក្រពើដ៏ធំ១ក្បាល​ទម្ងន់ប្រមាណជាងជិត២០០គីឡូក្រាម ខណៈនោះគាត់បានរាយការណ៍ ប្រាប់សមត្ថកិច្ច​ ឲ្យមកជួយអន្តរាគមន៍​លើកក្រពើ១ក្បាលនេះ ។

បច្ចុប្បន្ន​សត្វក្រពើនេះ​ត្រូវបានដឹកយកមករក្សាទុក​ នៅទីបញ្ជាការដ្ឋានវរៈការពារព្រំដែនគោកលេខ៨២៥​ រង់ចាំបញ្ជាពីថ្នាក់លើ ហើយអាចនឹងលែងចូលក្នុងទឹកស្ទឹងខាងលើនោះវិញ ព្រោះតំបន់នោះជាដែនការពារ និងអភិរក្សសត្វចំរុះផងនោះ ៕ ប៉ឹម ពិន