ព័ត៌មានទាន់ហេតុការណ៍៖

ស្មៀនឃុំក្រពុំឈូក ស្រុកកោះអណ្តែតយកប្លង់ ដីស្រែស្ត្រីមេម៉ាយម្នាក់ទុក៧ឆ្នាំមិនឲ្យវិញ

ខេត្តតាកែវ ៖ ស្ត្រីមេម៉ាយម្នាក់កំពុងតែទទូចអង្វរសុំអាជ្ញាធរខេត្តជួយរកយុត្តិធម៌ឲ្យគាត់ផងបន្ទាប់ពីប្លង់ដីស្រែរបស់គាត់ត្រូវបានបុរសម្នាក់ខ្ចីយកទៅបញ្ចាំ ហើយមិនព្រមលោះយកមកឲ្យគាត់វិញសោះអស់ រយៈពេល៧ឆ្នាំមកហើយ។ ស្ត្រីម្ចាស់ប្លង់ដីស្រែបានរៀបរាប់ថា ក្នុងអំឡុងឆ្នាំ២០១០ មានបុរសម្នាក់ឈ្មោះ ផាន់ ឌឿន អាយុ ៣៨ឆ្នាំ រស់នៅភូមិវត្តស្លា ឃុំក្រពុំឈូក ស្រុកកោះអណ្តែតបានមកលួងលោមប្តី របស់គាត់សុំខ្ចីប្លង់ដីស្រែចំនួន២ប្លង់យកទៅបញ្ចាំឲ្យឈ្មោះយស់ សុផល ដែលជា ស្មៀនឃុំដើម្បី យកលុយទៅរកស៊ីទិញគោ តាំងពីឆ្នាំ២០១០ រហូតដល់ប្តីរបស់គាត់ ស្លាប់ និងមកដល់ឥឡូវមានរយៈពេលជាង៧ឆ្នាំហើយមិនទាន់លោះប្លង់ដីយកមកឲ្យគាត់ទៀត ។

ស្រ្តីដដែលបានបន្តថា ដោយខ្លួនគាត់ កាន់តែចាស់ហើយកូនច្រើនមានតែដីស្រែ ២ប្លង់ ប៉ុន្តែប្លង់នៅគេទៀតគាត់ខ្លាចពេលគាត់យ៉ាងមេ៉ចៗទៅដីស្រែនោះប្រាកដជាត្រូវគេរឹបអូសយកហើយខ្លាចទៅថ្ងៃមុខ កូនគ្មានស្រែធ្វើនឹងគេ។ ស្រ្តីរូបនេះបាន បន្តទៀតថា បន្ទាប់ពីគាត់បានទទួលដំណឹង ថា ឈ្មោះយស់ សុផល ដែលជាស្មៀនឃុំ ផងនិងជាអ្នករកស៊ីចងការប្រាក់ផងបាន រឹបអូសយកដីស្រែពីឈ្មោះ ផាន់ ឌឿន ដើម្បីទូទាត់កាត់លុយដែលជំពាក់ ហើយ រូបគាត់ក៏បានទៅសុំប្លង់ដីស្រែមកវិញតែលោកស្មៀនឃុំមិនឲ្យគាត់ទេដោយអះ អាងថា បើចង់បានប្លង់វិញទាល់តែយក ប្រាក់៣.០០០ដុល្លារមកទើបគេឲ្យប្លង់ ។

NKD-36x6_outline

ស្ត្រីមេម៉ាយរូបនេះបានរៀបរាប់ថា តើ ឲ្យគាត់ទៅរកលុយឯណាយកមកលោះ បើគាត់មិនបានខ្ចីផងនោះគឺឈ្មោះ ផាន់ ឌឿន ជាអ្នកខ្ចី ហើយឥឡូវបានរឹបអូសយក ដីគេអស់ហើយហេតុអី្វបានមិនឲ្យប្លង់ដីស្រែមកគាត់ ។

ស្ត្រីមេម៉ាយខាងលើបានសំណូមពរទៅថ្នាក់លើមេត្តាជួយរកយុត្តិធម៌ឲ្យគាត់ ផងគាត់មិនដឹងថា ទៅពឹងអ្នកណាទេបើ ថ្នាក់ក្រោមសុទ្ធតែគ្នាគេបែបនេះ ។

លោក យស់ សុផល ដែលជាស្មៀនឃុំ ហើយជាអ្នកចងការលុយផងនោះបានប្រាប់ អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទថា គាត់ពិតជាបានអូសយកដីពីឈ្មោះផាន់ ឌឿន ប្រាកដមែនតែតម្លៃដីនោះនៅមិនទាន់ គ្រប់ចំនួនលុយដែលឈ្មោះ ផាន់ ឌឿន ជំពាក់គាត់នោះទេ ៕ ហេង នរិន្ទ្រ

abc