ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាឃើញស្រ្ដីម្នាក់ចងពង់ងូចទឹកទ្រាំមិនបានចូលទៅរំលោភ ខ្នោះល្មម

ខេត្តកណ្ដាលៈ បុរសម្នាក់ផឹកស្រាស្រវឹងឃើញស្រ្ដីម្នាក់កំពុងងូតទឹក ដោយចងពង់ទប់អារម្មណ៍មិនបាន ក៏ដើរចូលទៅធ្វើសកម្មភាពបម្រុងរំលោភ តែពុំបានសម្រេច ត្រូវស្រ្ដីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈខាងលើនេះបានកើតឡើង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ស្ថិតក្នុងសហគមន៍ភូមិស្រះពោធិ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភាព សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ។ ចំណែកស្រ្ដីរងគ្រោះឈ្មោះ ស ណ អាយុ៣១ឆ្នាំ ។

ប្រភពដដែលបន្ដថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១០ព្រឹក ជនសង្ស័យបានអង្គុយផឹកស្រាតែម្នាក់ឯង នៅខាងក្រោមផ្ទះស្រ្ដីរងគ្រោះ ។ លុះពេលផឹកអស់ស្រាហើយ ជនសង្ស័យបានដើរចេញពីក្រោមផ្ទះស្រ្ដីរងគ្រោះ រួចក៏ដើរត្រឡប់មកក៏ឃើញស្រ្ដីរងគ្រោះកំពុងងូតទឹកនៅក្នុងបន្ទប់ទឹកម្នាក់ឯងដោយចងពង់នឹងសារ៉ុងផងនោះ ជនសង្ស័យឃើញដូច្នោះក៏ទ្រាំពុំបានដើរសំដៅរកស្រ្ដីរងគ្រោះរួចចាប់ឱបថើប ខណៈនោះស្រាប់តែកូនស្រ្ដីរងគ្រោះអាយុ៣ឆ្នាំឃើញ ក៏ស្រែកយំ ភ្លាមនោះជនសង្ស័យក៏ដើរត្រឡប់មកផ្ទះរបស់ខ្លួនវិញ ។

ក្រោយពីមានហេតុការណ៍កើតឡើង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ស្រ្ដីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលភ្នំបាត បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញស្រុក ចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ