ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនដល់ផ្លូវកោងជិះមិនប្រយ័ត្នទៅបុកឆ្កែដួល រងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់

ខេត្តប៉ៃលិន៖ យុវជន១នាក់ ក្នុងចំណោមយុវជន៣នាក់ បានសន្លប់រងរបួសធ្ងន់ និង២នាក់រងរបួសស្រាល ខណៈ ពេលដែលយុវជនម្នាក់បានជិះម៉ូតូឌុបមិត្តភក្តិ២នាក់ ចេញពីហាងខារ៉ាអូខេផ្សារថ្មី មួយកន្លែង នៅពេលស្រវឹង ក៏បបួលគ្នាទៅផ្ទះវិញ ពេលជិះមកដល់់ផ្លូវកោង ស្រាប់តែជិះលឿនទៅបុកឆ្កែ១ក្បាល បណ្ដាលឲ្យយុវជនទាំង៣ដួល ម្នាក់របួសធ្ងន់ និង២នាក់ របួសស្រាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយយុវជនម្នាក់ជិះម៉ូតូឌុបគ្នា បានដួលនេះ កើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ឋិតនៅផ្លូវកៅស៊ូ ក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។

តាមប្រភពព័ត៌មានពីកម្លាំងប្រជាការពារបានឲ្យដឹងថា អ្នកបើកម៉ូតូមានឈ្មោះពួន សង្ហា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរធ្វើចំការ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវលាយខ្មៅគ្មានស្លាកលេខ  រីឯយុវជន២នាក់រងរបួស ស្រាលមិនស្គាល់អត្តសញ្ញាណ ។

ប្រភពពីកម្លាំងប្រជាការពារបានបន្តថា ពេលមុនកើតហេតុគេបានឃើញ យុវជនម្នាក់ជិះម៉ូតូឌុបគ្នា២នាក់ពីក្រោយយ៉ាងលឿន ពេលមកដល់កន្លែង កើតហេតុស្រាប់តែជិះទៅបុកឆ្កែមួយក្បាលកំពុងតែរត់ដេញគ្នាលើចិញ្ចើម ផ្លូវបណ្ដាលឲ្យដួលរងរបួសសន្លប់ អ្នកបើក និងអ្នករួមដំណើររងរបួសស្រា ល ក្រោយពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកយកទៅព្យាបាលតែម្ដង ។ ចំណែកម៉ូតូត្រូវបានបងប្អូនយកទៅជួសជុល ។ ស សារ៉េត