ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោកជិះម៉ូតូដូចហោះដួលបោកក្បាលរងរបួសធ្ងន់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួសធ្ងន់ ខណៈផឹកស្រាស្រវឹងជោកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿន ហួសកំណត់បណ្ដាលឲ្យរេចង្កូតដួលបោកក្បាលលើផ្លូវជាតិបង្ការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ ត្រង់ចំណុចភូមិអណ្តូងត្របែក ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា យុវជនដែលរងរបួសធ្ងន់មានឈ្មោះ សូ ផល្លា អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយជិះ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១A 4737 ខូចខាតយ៉ាងដំណំ ។

តាមអ្នកឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់បានជិះម៉ូតូទិសដៅ ពីទិសខាងជើងមកត្បូងលើកំណាត់ផ្លូវជាតិលេខ១៣ ក្នុងល្បឿនលឿនដោយទំនងជាស្រវឹងស្រា ស្រាប់តែរេចង្កូតដួលបោកក្បាលពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចេញមកជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏និងយកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗនិងអូសយក ម៉ូតូមក រក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអណ្តូងត្របែកដើម្បីប្រគល់ឲ្យក្រុមគ្រួសាររបស់ជនរងគ្រោះនៅពេលក្រោយ ៕ យឹមសុថាន