ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាសចុះងូតទឹកជំនន់បណ្តាលឲ្យលង់ស្លាប់

ខេត្តកំពង់ធំ៖ បុរសជាម្ចាស់កាណូតដរម្នាក់ បានស្លាប់ក្នុងទឹក បន្ទាប់ពីស្រវឹងស្រា ចុះលេងទឹកជំនន់ ហេតុការណ៍នេះបានកើតឡើងនៅវេលា៤រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅ ចំណុចដំណេកសេក តំបន់វាលក្រោម ក្នុងទឹកដី ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ផន ពន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ធ្វើស្រែ និង ពេលទំនេរ បើកកាណូតជួលឲ្យអ្នកជិះទៅលេងទឹកទន្លេខាងលិច នៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកបារាយណ៍ ។

ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានស៊ីឈ្នួលដឹកមនុស្ស៣ នាក់ទៅមើលទឹកទន្លេមាន ឈ្មោះ ឈ្មោះផល សំភ័ស ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភ្នំពេញ, ឈ្មោះផុន បូណា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភ្នំពេញ ស្រុកកំណើតភូមិទួលពភ្លា ឃុំស្រឡៅ​​​​​​ ស្រុកបារាយណ៍ និងឈ្មោះ ដា ស្រីមុំ ត្រូវជាប្រពន្ធឈ្មោះ ផុន បូណា (មកលេងស្រុកកំណើត) ។

ពួកគាត់ទាំងនេះ​បានទៅជួលកាណូតឈ្មោះ ផន ពន ភេទប្រុស អាយុ២៩ឆ្នាំ ទៅមើលទឹកទន្លេ ប៉ែកខាង ក្រោម ក្នុងម្នាក់ៗ តម្លៃ ៥០០០រៀល ចេញដំណើរនៅម៉ោង ១៣និង១០នាទី ម្ចាស់កាណូត បើកទៅដល់ចំណុចទួលការ៉េ២ ដល់ម៉ោងប្រហែល ៤,00នាទីរសៀល ចេញសំដៅទៅ ដំណេកសេក(កន្លែងលេងទឹក) ជិះមើលទឹក ពេលត្រឡប់មកវិញ ម្ចាស់កាណូតបានឆក់ស្រាស ពីអ្នកជិះ យកមកផឹកអស់កន្លះដបទឹកសុទ្ធហើយ បើក ត្រឡប់មកវិញ ចាក់គួរ គ្រលែងចុះឡើង និងបបួលអ្នកជិះចុះលេងទឹកទន្លេ តែពួកគេមិនចុះ ព្រោះមិនចេះហែលទឹក ហើយម្ចាស់កាណូតក៏ចុះងូតទឹកខ្លួនឯង ដោយទុកចោលអ្នកជួល ជិះនៅលើទូក។

ទោះបី​​​​​អ្នកជិះទាញដៃឡើងមកលើកាណូតវិញ ក៏ជនរងគ្រោះមិនឡើងមកដែរ ទុកឲ្យកាណូត និងអ្នកជិះអណ្តែតតាមខ្យល់មកទិសខាងកើតឆ្ងាយពីម្ចាស់កាណូត ដោយមើលមិន ឃើញ ពេលនោះដែរ ក៏មាន​អ្នកទៅលេងទឹកគេមើល ឃើញកាណូតអណ្តែតគ្មានអ្នកបើក ក៏ទូរសព្ទ័រាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាល ហើយនាយប៉ុស្តិ៍បានបញ្ជាឲ្យប្រជាការពារបើកកាណូតទៅយកកាណូតដែលអណ្តែតត្រឡប់មក វិញ ទន្ទឹមនោះ ក៏ត្រូវបានបង ប្អូនជនរងគ្រោះ និងនគរបាលប៉ុស្តិ៍ជួយរកដែរ តែរកមិនឃើញ រហូតដល់ម៉ោង៧,00នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ទើបរកឃើញសាកសព ស្លាប់ អណ្តែតទឹកទៅកែងនឹងដើមកាស្យាចំណុចដំណេកសេកកន្លែងកើតហេតុនោះតែម្តង។

សមត្ថកិច្ចបានសន្និដ្ឋាន ករណីនេះ​កើតឡើងដោយមូលហេតុម្ចាស់កាណូតស្រវឹងស្រា ហើយចុះងូតទឹកបណ្តាលលង់ស្លាប់ ។

បន្ទាប់ពីការពិនិត្យកន្លែងកើតហេតុ និងសាកសព សមត្ថកិច្ចថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ៕ ប៊ុនរិទ្ធី