ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹង​កេះ​ខ្នង​ប្រ​ពន្ធ​គេ​ក្នុង​រោង​ការ​ ត្រូវ​គេ​វាយ​ទ្រម​ខ្លួន​ រី​ឯ​អ្នក​វាយ​គេជាប់​ខ្នោះ​ គ្នីគ្នា​ខ្លះទៀត​ រត់​ចោល​ផ្ទះ​

ខេត្ត​ព្រះសីហនុ៖ លោក​វរសេនីយ៍​ត្រី​ហួ​ យ៉ៃ​ អធិការ​រង​នគរបាលស្រុក​ព្រៃនប់​ ទទួល​ការងារ​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ថា៖ កាលពី​យប់​ថ្ងៃ១១ មករា ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ​ មាន​អំពើហិង្សា​មួយ​កើតឡើង​ នៅ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​មួយ​ នៅក្នុង​ភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ ឈ្មោះ ហុង ចន្ថា (ហៅ ធាត់)​ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង​ គ្នីគ្នា​បី​នាក់​ទៀត​បាន​ប្រើដំបងឈើ និង​ ខ្សែក្រវាត់​ព្រួត​វាយទៅលើ ឈ្មោះ ប៉ាវ រ៉ាត់ ភេទប្រុស អាយុ​៤៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅ​ដូច​គ្នា​ បណ្តាល​ឲ្យ​ត្រូវក្បាល ភ្នែកខាងស្ដាំ និង ដៃទាំងសង់ខាងរងរបួសធ្ងន់។

លោក​ហួ​ យ៉ៃ​ បានបញ្ជាក់ថា​៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​វរសេនីយ៍​ឯក​ហ៊ីង​ ច័ន្ទ​រិទ្ធ​ អធិការ​នគរបាល ស្រុកព្រៃនប់ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាលឃុំ​ទឹកថ្លា​ ចេញ​ធ្វេី​អន្តរាគមន៍​ ទាំងយប់​ តែ​ពួក​ជន​បង្ក​ហេតុ​ បាន​សម្ងំលាក់ខ្លួន​ លុះ​ព្រឹក​ឡើង​ ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ ២០១៨ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​និង​ឃាត់​ខ្លួន​ ជន​ដៃ​ដល់​បាន​ម្នាក់​ឈ្មោះ​ហុង​ ចន្ថា​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុង​ភូមិ​ឃុំ​ កើតហេតុ​ រី​ឯ​គ្នីគ្នា​ផ្សេង​ទៀត​ បាន​រត់គេច​ខ្លួន​បាត់​។

លោក​ហួ​ យ៉ៃ​ បាន​បញ្ជាក់​ថា៖ រឿង​ហេតុ​ ផ្តើមឡើង​ដោយ​ការ​ស្រវឹង​ ឈ្មោះ​ប៉ាវ​ រ៉ា​ត់​ ឡើង​ជល់​កែវ​ ហើយ​កេះ​ខ្នង​ ប្រ​ពន្ធ​ របស់​ហុង​ ចន្ថា​ សួរ​ថា ​ប្តី​ហែង​មក​ឬ​អត់​? ពេល​នោះ​មាន​ការ​ប្រកែ​ប្រកាន់​ ក្រុម​គ្រួសារ​មិត្ត​ភក្តិ​របស់​ហុង​ ចន្ថា​ ក៏នាំ​គ្នា​យក​ដំបង​ និង​ ខ្សែ​ក្រវាត់​ វាយ​ឈ្មោះ​ប៉ាវ​ រ៉ា​ត់​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ តែ​ម្តង​។

ករណី​នេះ​ បាន​កសាសំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ​៕ ឆ្លាម សមុទ្រ