ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរកម្ពុជាឧបត្ថម្ភស្លាកសញ្ញាចូលគ្រប់ខេត្តគួរឲ្យចាប់អារម្មណ៍

ភ្នំពេញ៖ នៅគ្រប់ច្រកចូលទីរួមខេត្តទាំងឡាយ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានស្វាគមន៍ដោយស្លាកសញ្ញា ដែលឧបត្ថម្ភដោយក្រុមហ៊ុនស្រាបៀរកម្ពុជា ។ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មហាជនរិះគន់អាជ្ញាធរខេត្តផង និងក្រុមហ៊ុនស្រាបៀរកម្ពុជានោះផងថា កេងចំណេញហួសហេតុពេក ។ ទិដ្ឋភាពបែបនេះ ញាំងឲ្យមានការរិះគន់ជាខ្លាំងចំពោះក្រុមហ៊ុនស្រាបៀរកម្ពុជា និងការព្រងើយកន្តើយរបស់ថ្នាក់ដឹកនាំខេត្តនីមួយៗ ។

នៅលើស្លាកសញ្ញាដ៏ធំ ប្រៀបដូចជាប៉ាន់ណូផ្សាយពាណិជ្ជកម្ម ត្រូវបានក្រុមហ៊ុនស្រាបៀរកម្ពុជាដាក់តាំងផ្សាយនៅច្រកចូលតាមផ្លូវសំខាន់ៗឆ្ពោះទៅទីរួមខេត្តនីមួយៗ ។ បណ្តាខេត្តស្ទើរតែទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា (ខេត្តខ្លះទំនងមិនទាន់បានដាក់) ត្រូវបានប្រាប់ឲ្យដឹងដល់អ្នកធ្វើដំណើរអំពីការស្វាគមន៍ចំពោះខេត្តនីមួយៗ ។ នៅលើប៉ាន់ណូបញ្ឈរដ៏ធំ គេសរសេរថា «សូមស្វាគមន៍, ខេត្តកណ្តាល, ឬខេត្តកំពង់ស្ពឺ, ឬខេត្តកំពង់ធំ…» និងខាងក្រោម គឺមានដប និងកែវស្រាបៀរកម្ពុជាភ្ជាប់ជាមួយ ។

ទិដ្ឋភាពបែបនេះ សម្រាប់ថ្នាក់ដឹកនាំខេត្តខ្លះពិតជាមិនចាប់អារម្មណ៍នោះទេ ព្រោះចាត់ទុកថា វាជារឿងធម្មតា ឬអាចថា ធ្វើមិនដឹងមិនឮ ក្រោយពីទទួលបានការឧបត្ថម្ភស្រាបៀរកម្ពុជា៤-៥កេះគ្រាន់ចែកក្មេងក្មាង ។ ប៉ុន្តែថ្នាក់ដឹកនាំខ្លះគឺមិនដឹងតែម្តង ។ អ្វីដែលសំខាន់ជាងនេះ ជម្ឈដ្ឋាននានានៅក្នុងសង្គមហ្វេសប៊ុកបានចោទសួរថា តើប៉ាន់ណូសម្គាល់ការចូលដល់ទីរួមខេត្តណាមួយ អាជ្ញាធរខេត្តមិនមានលទ្ធភាពធ្វើទេឬ? សំណួរបែបនេះ ត្រូវបានទស្សនៈខ្លះបំភ្លឺថា មិនមែនខេត្តគ្មានលុយសូម្បីតែការធ្វើប៉ាន់ណូ ដូចដែលបានឃើញនេះទេ ។ ប៉ុន្តែថ្នាក់ដឹកនាំខេត្តខ្លះ មិនចាប់អារម្មណ៍ចំពោះការធ្វើបែបនេះទេ ។

NKD-36x6_outline

នៅក្នុងបណ្តាញទំនាក់ទំនងសង្គម អ្នកខ្លះបានឲ្យជាយោបល់ថា ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាតាមរយៈការខ្ចីដៃផែនទីសម្គាល់ផ្លូវ ឬស្លាកសញ្ញាស្វាគមន៍ណានោះ វាជារឿងដែលហួសហេតុពេកហើយ ។ ហួសហេតុក៏ព្រោះតែដបស្រា និងកែវស្រាបៀរកម្ពុជាធំជាងអក្សរខ្មែរ ដែលស្វាគមន៍ច្រកចូលខេត្តនីមួយៗនោះទៀត ។ គេអាចធ្វើបែបនេះដោយគ្រាន់តែផ្តល់នូវស្លាកសញ្ញាស្រាបៀរកម្ពុជាតូចៗពីក្រោមស្លាកសញ្ញាទាំងនោះ ។

សម្រាប់អ្នកផ្សេងទៀតបាននិយាយថា ចៀសផុតពីបញ្ហាគ្រឿងស្រវឹង អាជ្ញាធរខេត្តគួរតែធ្វើអ្វីដែលក្រុមហ៊ុនស្រាបៀរកម្ពុជាបានផ្តល់យោបាល់ ឬបានធ្វើនោះហើយ ប៉ុន្តែគួរតែដករូបដប និងកែវស្រាបៀរកម្ពុជានោះចេញ ហើយជំនួសចេញដោយតំបន់ទេសចរណ៍ណាមួយនៅក្នុងខេត្ត ឬក៏និមិត្តសញ្ញានៃខេត្តនោះតែម្តង ។ ដូចជានៅខេត្តតាកែវដែលមាននិមិត្តសញ្ញាតាយាយពីរនាក់ ឬក៏បង្កង…ជាដើមនោះ អាចដាក់នៅក្រោមប៉ាន់ណូស្វាគមន៍នោះបាន ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គមបានរិះគន់យ៉ាងច្រើនចំពោះក្រុមហ៊ុនស្រាបៀរកម្ពុជាថា បានដើរតាមពង្វក់ស្មារតីប្រជាពលរដ្ឋឲ្យវិលវល់នឹងការទទួលទានស្រាបៀរកម្ពុជានេះ ។ នៅក្នុងករណីនេះ សូម្បីតែរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏យល់ថា មិនសមស្របដែរ ។ ប្រជាពលរដ្ឋជាទូទៅរំពឹងថា អាជ្ញាធរនៃបណ្តាខេត្តនីមួយៗ អាចនឹងប្រើស្មារតីភ្ញាក់រលឹកដកខ្លួនថយពីការវក់វីជាមួយនឹងស្រាបៀរកម្ពុជានេះ ហើយដាក់ជំនួសមកវិញនូវតំបន់ទេសចរណ៍ដែលខេត្តខ្លួនមាន ៕ ហេង សូរិយា

ew rr s