ព័ត៌មានទាន់ហេតុការណ៍៖

ស្រីតូច ចំណាន បញ្ចេញសារក្រោយមានអ្នកប្រឌិតរឿងបង្ខូចកិត្តិយស

 

ភ្នំពេញ៖ អតីតពិធីការិនី ស្រីតូច ចំណាន បានបញ្ចេញសារមួយដ៏គួរឲ្យចាប់អារម្មណ៍ ក្រោយពីអ្នកស្រីបានជួបនឹងរឿងរ៉ាវជាហូរហែ ពិសេសរឿងលួចលាក់ស្នេហាជាមួយមិត្តរួមជំនាន់លោក សុវណ្ណ មករានោះ។ មិនដូចបំណងអ្នករុកគួន ផ្ទយមកវិញ អ្នកស្រីថា កាន់តែបានភាពកក់ក្តៅពីស្វាមីទ្វេឡើង។

កន្លងទៅ អ្នកស្រី ស្រីតូច ចំណានកម្រនឹងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមក្នុងការសម្ញែង ឬរៀបរាប់បង្ហាញពីជីវិតពិតផ្ទាល់ខ្លួននោះណាស់ ប៉ុន្តែក្រោយជួបរឿងបង្ខូចកិត្តិយសកាលពីថ្មីៗ បានធ្វើឲ្យអ្នកស្រីដាច់ចិត្តទម្លាយនូវសារសំខាន់មួយ។

សារលើបណ្តាញទំនាក់ទំនងសង្គមវែងអន្លាយដែលកម្រត្រូវបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់អ្នកស្រី ម៉ៅ ចំណាន ហៅស្រីតូច ចំណាន។ សារដ៏មានន័យអប់រំខ្ពស់នេះ បានធ្វើឲ្យអ្នកអានស្ងើចសរសើរពីពាក្យពេចន៍ទឹកចិត្តអ្នកស្រី និងស្វាមីក្រោយជួបព្យុះភ្លៀងជាច្រើន។

អ្នកស្រីលើកឡើងថា «ខ្ញុំរីករាយក្នុងការទទួលយកមិត្តចូលមកក្នុងជីវិតរបស់ខ្ញុំ តែខ្ញុំមិនដែលបង្កើតសត្រូវម្តងណាទេ ហើយក៏មិនមានពេលទៅស្អប់អ្នកនោះដែរ… ។ អ្នកកាន់តែធ្វើមកលើខ្ញុំ គឺអ្នកនោះកំពុងដុតខ្លួនឯង អត់មានពេលស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួនអ្នកទេ តែខ្ញុំវិញអត់ពេលទំនេរតប់តទេ មានតែពេលដើរតាមបម្រើស្វាមីខ្ញុំ ធ្វើជាអ្នកបំរើកូនៗរបស់ខ្ញុំ គ្រួសារខ្ញុំ ចូលរួមរីករាយជាមួយសង្គមខ្ញុំ ព្រមទាំងអ្នកដែលចូលចិត្តខ្ញុំ ស្រឡាញ់ខ្ញុំហើយឆ្លៀតពេលសិក្សាដើម្បី BUILD UP MYSELF ។ អ្នកកាន់តែធ្វើមកលើខ្ញុំ ខ្ញុំកាន់តែទទួលបានភាពកក់ក្តៅពីស្វាមីខ្ញុំ ព្រោះគាត់គិតថា ភាពកក់ក្តៅទាំងនោះ មិនទាន់គ្របគ្រាន់ទេ ទើបធ្វើឱ្យមានការខ្វះចន្លោះប្រហោង ទើបធ្វើឱ្យមានខ្យល់ចូលបាន ។ ដូច្នេះស្វាមីកាន់តែរុញបន្ថែម ឱ្យដល់កំពូលតែម្តង ។ អ្នកកាន់តែធ្វើមកលើខ្ញុំ ខ្ញុំកាន់តែទទួលបានផល ដោយមិនបាច់ប្រឹងមន្តស្នេហ៍ ភាពទាក់ទាញ ភាពជំនឿជឿជាក់ ទុកចិត្តរឹតតែត្រូវបានបន្ថែមឡើងទ្វេដង» ។

សារនេះ អមដោយរូបថតជាច្រើនសន្លឹករបស់លោកស្រី និងស្វាមីដែលបានចេញទៅធ្វើដំណើរកម្សាន្តនៅលើទឹកដីនៃប្រទេសអូស្ត្រាលីផងដែរ។

NKD-36x6_outline

គួរបញ្ជាក់ផងដែរថា ក្រោយរួមរស់ជាមួយគ្នាជាង១០ឆ្នាំ និងទទួលបានចំណងដៃកូនប្រុសស្រី៤នាក់ លោកឧកញ៉ា គិត ម៉េង និងលោកស្រីជាភរិយាបានសម្រេចចិត្តចូលរោងការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥កន្លងទៅ។ មុន និងក្រោយរៀបការ លោកស្រីទទួលបានឱកាសគ្រប់គ្រងមុខជំនួញមួយចំនួនរបស់ស្វាមីផងដែរ។ ថ្មីៗនេះ លោកស្រីទើបនឹងទទួលបានពានរង្វាន់ធុរកិច្ចអាស៊ាន២០១៧ (Asean Business Award2017) ដែលត្រូវបានធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕ វឌ្ឍនា