ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាតបើករថយន្ត​បុកម៉ូតូបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ ព្យាយាមបើករត់អូសទាំងម៉ូតូ​ដល់គល់ស្ពានជ្រោយចង្វា

​ភ្នំពេញ៖ ស្រីស្អាតបើករថយន្ត​បុកម៉ូតូ បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ ហើយអ្នកបើករថយន្តបានបន្ថែមល្បឿន បើករត់អូសទាំងម៉ូតូ​រហូតទៅដល់គល់ស្ពានជ្រោយចង្វា ទើបរបូតម៉ូតូចេញ ហើយរថយន្តនៅតែបន្តបើករត់ឆ្លងស្ពានជ្រោយចង្វា តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចតាម​ឃាត់បាន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៩យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្ត​​ម៉ាកតូយ៉ូតា ហាយប្រីត​ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​​2AK-4041 បើកតាមផ្លូវលេខ៧០ ក្នុងទិសដៅពីលិចទៅកើត បានជ្រុលទៅបុក ម៉ូតូម៉ាកឌ្រីម ​ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1W-7243 ជិះដោយបុរស២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់។

ក្រោយពេលកើតហេតុ អ្នកបើករថយន្តបានបន្ថែមល្បឿនបើករត់អូសទាំងម៉ូតូ​រហូតទៅដល់គល់ស្ពានជ្រោយចង្វា ទើបរបូតម៉ូតូចេញ ហើយរថយន្តនៅតែបន្តបើករត់ឆ្លងស្ពានជ្រោយចង្វា តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចតាម​ឃាត់បាន។

​បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត​ និងសមត្ថកិច្ច​ជំនាញផ្នែកចរាចរ នាំយករថយន្ត និងម៉ូតូ​ទៅរក្សាទុក​នៅការិយាល័យ​ចរាចរផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំ​ដោះស្រាយ​គ្នានៅពេលក្រោយ៕ជ្រោយពេជ្រ