ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាត បើករថយន្តស្រវឹងបួងចង្កូតមិនទាន់ជ្រុលឡើងខឿនរង្វង់មូលវត្តភ្នំ បុកទំលុះរនាំងដែកទាំងកំរោល

ភ្នំពេញ៖ ព្រោះតែគ្រឿងស្រវឹង បានធ្វើឲ្យនារីរូបស្រស់ម្នាក់បើកបរក្នុងស្ថានភាពស្រវឹងយ៉ាងលឿន មិនប្រយ័ត្នត្រង់ចំណុចផ្លូវកោងហើយបួងចង្កូតមិនទាន់បណ្ដាលឲ្យជ្រុលឡើងលើខឿនរង្វង់មូលវត្តភ្នំ បុកទំលុះរនាំងដែកព័ទ្ធជុំវិញក្នុងសួនច្បារវត្តភ្នំ ទាំងកំរោលខូចខាតយ៉ាងដំណំ ។ក្រោយកើតហេតុម្ចាស់រថយន្តបង្កហៅបងប្អូនមកដោះស្លាកលេខរថយន្តហើយគេចខ្លួនបាត់អស់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃចន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកមួយគ្រឿង Lexus RX-300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-6863 បើកបរដោយនារីរូបស្រស់ម្នាក់ មិនស្គាល់អត្តសញ្ញាណក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុក៏បួងចង្កូតមិនទាន់ជ្រុលឡើងលើខឿនបុករបងដែកដាក់ការពារសួនរបើកអស់១ផ្ទាំង ហើយរថយន្ត​មិនទាន់អស់ល្បឿន ក៏ជ្រុលបុករះសួនផ្កា ខូចខាតផ្កាជាច្រើនដើមផងដែរ ។ រីឯរថយន្តការខូចខាតផ្នែកខាងមុខរថយន្តដាច់ក្រឡេកង់ខាងឆ្វេងទៅមុខលែងរួច និង​ផ្ទុះពោងសុវត្ថិភាពទាំងសងខាងមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុម្ចាស់រថយន្តបានទូរស័ព្ទហៅបងប្អូនមកដោះយកស្លាកលេខចេញពីរថយន្ត ហើយរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តសមត្ថកិច្ចជំនាញក៏វាស់វែងនឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធី ៕ស​ តារា