ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ស្រុកសំរោងទង​តែមួយ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា ស្លាប់ និងរបួស៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ​​បានកើតឡើង​២ករណីផ្សេងគ្នា ប៉ុន្តែស្ថិតនៅក្នុងស្រុកសំរោងទង​តែមួយ បណ្តាលឲ្យមាន​អ្នកស្លាប់ និងរងរបួសធ្ងន់ ខណៈដែលអ្នកបើក​យានយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពព័ត៌មានពីកម្លាំងនគរបាលចរាចរណ៍​បញ្ជាក់ប្រាប់យ៉ាងដូច្នេះថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៩និង១៥នាទី លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៣៥-៣៦ ចំណុចភូមិត្រពាំងរកា ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ កំពង់ស្ពឺ ១L.២២១៣ អ្នកបើកបរឈ្មោះ ឈីម ឈិន ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឌុបមនុស្ស១នាក់ ឈ្មោះ សំ សៀន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុករថយន្ត១គ្រឿងម៉ាកហ៊ីណូ (ប្រភេទទេសចរណ៍) ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង ៣A.០២៥៣ អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ (ចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើត ហើយបត់ឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឲ្យអ្នកបើកម៉ូតូ និងអ្នកជិះក្រោយរងរបួសធ្ងន់ទាំង២នាក់ បានបញ្ជូនទៅព្យាបាលរបួសនៅពេទ្យសម្ភពសុខណា ។ វត្ថុតាងទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ។

នគរបាលចរាចរណ៍​ដដែលបន្តថា លុះនៅវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៣២-៣៣ ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B.៨៨៣៨ មានសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A.១១៥០ អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ (ចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿងម៉ាកហុងដា សេ១០០ កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ សាន វី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តនិងម៉ូតូទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីដោះស្រាយ​នៅតាមក្រោយ ៕ សេនាស័ក្តិ


ចែករំលែក៖