ព័ត៌មានទាន់ហេតុការណ៍៖

ស្រូវ៧៥០០ហិកតានៅខេត្តបាត់ដំបងជួបគ្រោះរាំងស្ងួត តំបន់ខ្លះវិញរងគ្រោះដោយទឹកជំនន់ ខូចខាតស្រូវច្រើនពាន់ហិកតា

ខេត្តបាត់ដំបង៖ ខណៈដែលតំបន់ខ្លះនៃខេត្តបាត់ដំបងកំពុងរងការជន់លិចទឹកភ្លៀង និងទឹកបឹងទន្លេសាបបង្កឱ្យស្រូវច្រើនពាន់ហិកតារងការខូចខាត ប៉ុន្តែបែរជាមានតំបន់ខ្លះទៀតក្នុងខេត្តបាត់ដំបងបានជួបនូវគ្រោះរាំងស្ងួតបង្ករងផលប៉ះពាល់ស្រូវច្រើនពាន់ហិកតានោះផងដែរ។

បើតាមសេចក្តីរាយការណ៍ពីមន្រ្តីកសិកម្មស្រុកគាស់ក្រឡឱ្យដឹងថា ដំណាំស្រូវរបស់ប្រជាកសិករចំនួន៥ឃុំក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបងដែលមានប្រមាណ ៧៥០០ហិកតា កំពុងប្រឈមរងការខូចខាតដោយគ្រោះរាំងស្ងួតគ្រាដែលតំបន់ស្រុកគាស់ក្រឡបានទទួលនូវរបាយទឹកភ្លៀងតិចតួច នៅក្នុងរដូវខែវស្សាឆ្នាំនេះ។ឃុំទាំង៥រងផលប៉ះពាល់គ្រោះធម្មជាតិរាំងស្ងួតរួមមានៈ១,ឃុំគាស់ក្រឡ ១០១៤ហិកតា ២,ឃុំហប់៨៤៧ហិកតា ៣,ឃុំព្រះផុស៣០៨៨ហិកតា ៤,ឃុំដូនបា ប៉ះពាល់៧៧ហិកតា និង៥,ឃុំឆ្នាល់មាន់ ប៉ះពាល់២៣៧៤ហិកតា។

ប្រជាកសិករនៅឃុំខាងលើប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែសីហា នេះថា ឃុំរបស់ពួកគាត់ទឹកភ្លៀងមិនធ្លាក់ជិត ២ខែមកហើយ តែបើភ្លៀងក៏ក្នុងលក្ខណៈតិចតួចបំផុត ដែលសព្វថ្ងៃនេះ ស្រូវអ្នកភូមិ កំពុងប្រឈមភាពរាំងស្ងួត ។បញ្ហាគ្រោះរាំងស្ងួតនេះបើសិននៅតែអូសបន្លាយថែមទៀតនោះ មិនត្រឹមតែរងផលប៉ះពាល់ស្រូវប៉ុណ្ណោះទេ វា និងអាចប៉ះពាល់ ដល់មនុស្ស ឬសត្វពាហនៈ គ្មានទឹកប្រើប្រាស់។

ប្រជាកសិករក៏សូមអំពាវនាវអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធមេត្តាជួយដោះស្រាយទុក្ខកង្វល់របស់គាត់នោះផង។

ជុំវិញបញ្ហាខាងលើ បើតាមមន្រ្តីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងប្រាប់ឱ្យដឹងនៅរសៀល ថ្ងៃទី៦ ខែសីហា នេះថា តំបន់រាំងស្ថួតខាងលើនៃស្រុកគាស់ក្រឡតែងតែជួបនូវភាពរាំងស្ងួត ស្ទើររាងរាល់ឆ្នាំទៅហើយ តំបន់នោះភាគច្រើនជាតំបន់ភ្នំ ប្រជាកសិករធ្វើស្រែ អាស្រ័យទឹកភ្លៀង តំបន់នោះដែរពុំមានប្រឡាយទឹកគ្រប់គ្រាន់ផ្គត់ផ្គង់ទឹកសម្រាប់ប្រជាកសិករធ្វើកសិកម្មនៅឡើយនោះទេ។ស្រុកគាស់ក្រឡ មានឃុំ១ប៉ុណ្ណោះគឺឃុំធិបតី ទទួលបានប្រឡាយទឹក១ខ្សែ ពីទំនប់អាងទឹកកង្ហតដែលបានតភ្ជាប់ រហូតទៅដល់ស្រុកមោងប្ញស្សី ។

គួរបញ្ជាក់ថា នៅខេត្តបាត់ដំបង បើតាមរបាយការណ៍របស់មន្ទីរកសិកម្ម ខេត្តបាត់ដំបង កាលពីដើមរដូវវស្សាឆ្នាំ២០១៨ មានករណីគ្រោះរាំងស្ងួតបានប៉ះពាល់ស្រូវ ស្រាលរបស់ប្រជាកសិករប្រមាណជាង ២០ ០០០ហិកតា ហើយបច្ចុប្បន្ននេះ ទឹកជំនន់បាន និង កំពុងបង្កប៉ះពាល់ស្រូវនៅក្នុងស្រុកចំនួន៥ មានស្រុកមោងឫស្សី ស្រុកសង្កែ ស្រុក ឯកភ្នំ ស្រុកបវេល និងស្រុកថ្មគោល សរុបផ្ទៃដីស្រែ ៣៨០៨ហិកតា និងខូចខាតទាំងស្រុងចំនួន ២៧៩៩ហិកតា ៕ សំ វិច្ឆិកា