ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីលក់គុយទាវ​ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដោយសារទៅបោះឆ្នោតជ្រលក់ថ្នាំម្រាមដៃទាំងពីរ

ខេត្តឧត្ដរមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨កម្លាំងអធិការដ្ឋាន​នគបាល ស្រុកចុងកាល់ បានធ្វើការឃាត់ខ្លួន ស្រ្ដីអាយុ៥១ឆ្នាំម្នាក់ ក្រោមការបញ្ជាផ្ទាល់របស់លោក ឧត្ដមសេនីយ៍ទោ​ម៉ែន លី ស្នងការនគបាលខេត្តឧត្ដរមានជ័យ ។

ស្រ្ដីដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ ជឿយ ចាន់ នី អាយុ៥១ឆ្នាំ ជាអាជីវករលក់គុយទាវ រស់នៅភូមិ គោកវត្ដ​ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថាការឃាត់ខ្លួន​ ស្រ្ដីខាងលើ ក្រោមបទបញ្ជារបស់ថ្នាក់លើ ដោយមូលហេតុ​​ ស្រ្ដីរូបនេះបានទៅ ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ដោយមានការជ្រលក់ថ្នាំ ម្រាមដៃចង្អុលទាំងសងខាងគឺទាំងពីរ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ៕ ប៉ែន នួន