ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងមកចោមរោមមើល

ភ្នំពេញ: ស្ត្រីចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹកផ្ទះជួល​មួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងមកចោមរោមមើល។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១ជាងរសៀល ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨​ ស្ថិតនៅចំណុចផ្ទះជួល​ ផ្លូវលំ​ ក្រុម១៥៦​ ភូមិ១២ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ​។

ប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាស្ត្រីដែលដេកស្លាប់នៅក្នុងបន្ទប់ទឹកមានឈ្មោះ​ មាស​ ស្រីលាន​ អាយុ​៤៥ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ស្នាក់នៅផ្ទះកើតហេតុ​ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

ប្រភពពត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹង​ថា​ មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ​២០១៨​នេះ​ បងប្អូនប្រជាពលរដ្ឋបានធ្វើការហៅស្ត្រីដែលស្លាប់នេះរាល់ដង ព្រោះព្រឹកឡើង​ឃើញស្ត្រីរូបនេះ បានបើកទ្វារពីព្រលឹម រួចចេញមកក្រៅ​ ដើម្បីផឹកស្រាជារៀងរាល់ថ្ងៃ។ ស្រាប់តែព្រឹកមិញនេះ​ មិនឃើញរូបគាត់ចេញមកខាងក្រៅនោះទេ​។ ដោយមានការសង្ស័យ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតខាងក៏នាំគ្នាស្រែកហៅស្ត្រីរូបនោះ​ តែមិនមានការឆ្លើយតប ​រួចក៏នាំគ្នាតេទៅម្ចាស់ផ្ទះជួល ឲ្យចុះមកកន្លែងកើតហេតុ​ ព្រោះថា ទ្វារផ្ទះបានជាប់សោទ្វារមិនអាចបើកបាន។

ក្រោយមក ម្ចាស់ផ្ទះជួល បានមកដល់កន្លែងកើតហេតុ នាំគ្នាស្រែកហៅស្ត្រីរូបនេះម្តងទៀត តែមិនមានការឆ្លើយតប​ ហើយបងប្អូនប្រជាពលរដ្ឋ​ និងម្ចាស់ផ្ទះក៏បានសម្រេចចិត្ត ដោយវាយបំបែកកញ្ចក់ទ្វារ រួចយកសោមកចាក់បើកទ្វារ។ ស្រាប់តែបើកទ្វារផ្ទះចូលទៅក្នុង​ ក៏ឃើញស្ត្រីនោះបានដេកស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង​ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ​ ដើម្បីចុះមកពិនិត្យសាកសព។ ក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យរួចមក​ បានបញ្ជាក់ថា​ ស្ត្រីដែលដេកស្លាប់នេះ​ ស្លាប់ដោយសារខ្យល់គរ។ សាកសព​ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ