ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់បានរបួសបាក់ភ្លៅបញ្ជូនទៅមន្ទីរពេទ្យ ព្រោះតែរថយន្តដឹកស៊ីម៉ង់ត៍ក្រុមហ៊ុនចក្រីទីងបើកបុក និងកិន

ភ្នំពេញ៖ រថយន្តដឹកស៊ីម៉ង់ត៌ក្រុមហ៊ុនចក្រីទីង បើកបរយ៉ាងលឿនហើយអ្នកបើកបររវល់តែនិយាយទូរស័ព្ទក៏បានជ្រុលទៅបុក និងកិនស្ត្រីម្នាក់ ដែលកំពុងជិះម៉ូតូម្នាក់ឯងបណ្ដាលឲ្យរងរបួសបាក់ភ្លៅម្ខាង បន្ទាប់មកអ្នកបើបររថយន្តត្រូវបាននគរបាលឃាត់ខ្លួននាំទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីព្រឹកថ្ងៃពុធ ៨រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខកំពត3A-0811បើបរដោយបុរសម្នាក់ឈ្មោះ ស៊ិន នុប អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងភូមិល្វេ ឃុំត្រាំខ្នា ស្រុកឈូក ខេត្តកំពត បើកបររថយន្តឲ្យក្រុមហ៊ុនស៊ីម៉ង់ត៌ចក្រីទីង ។ ដោយឡែកស្រ្តីរងគ្រោះឈ្មោះ ដួង ចាន់ថាវីអាយុ៤៩ឆ្នាំមុខរបរជាមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ មានទីលំនៅក្នុងភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CY-9575 បើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ស្របគ្នាជាមួយរថយន្តដែរ ។ លុះដល់ត្រង់ចំណុចកើតហេតុដោយសារតែអ្នកបើកបររថយន្តរវល់តែនិយាយទូរស័ព្ទខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យស្រ្តីរងគ្រោះរងរបួសបាក់ភ្លៅធ្ងន់ធ្ងរតែម្ដង ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកដង្កោ ប៉ុន្តែដោយសាររបួសធ្ងន់ពេកទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈវិញ រីឯអ្នកបើកបរ និងរថយន្តព្រមទាំងម៉ូតូរងគ្រោះត្រូវបាននគរបាលខណ្ឌដង្កោនាំយកទៅកាន់អធិការដ្ឋានខណដង្កោដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕ ភារ៉ា ដង្កោ