ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយគ្រោះទឹកជំនន់នៅឥណ្ឌា

គ្រោះទឹកជំនន់បានវាយប្រហារតំបន់ជាច្រើនជុំវិញពិភពលោក ពិសេសគឺតំបន់អាស៊ី សម្លាប់មនុស្សរាប់ពាន់នាក់។ កន្លងមកគ្រោះទឹកជំនន់បានវាយប្រហារប្រទេស វៀតណាម មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី បង់ក្លាដែស ជប៉ុន ចិន… ហើយពេលនេះគឺឥណ្ឌា។

តាមតួលេខចុងក្រោយស្តីពីអ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅនៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់១១៤នាក់ ហើយស្របពេលដែលមានការព្រមានថានឹងកើតមានព្យុះភ្លៀងបន្ថែមទៀត។

សារព័ត៌មាន Economic Times បានឲ្យដឹងថា គិតមកត្រឹមថ្ងៃសុក្រនេះ ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការរបស់ពួកគេ ដើម្បីផ្ដល់ជំនួយដល់ប្រជាជននៅក្នុងតំបន់រងគ្រោះ ដែលគេបានប៉ាន់ប្រមាណថាមានមនុស្ស ១៥០,០០០នាក់ គ្មានផ្ទះសម្បែងជា

បណ្ដោះអាសន្ន។ សារព័ត៌មានមួយនេះបានបន្ថែមថា ភាគច្រើននៃអ្នកបាត់បង់ជីវិតត្រូវបានទាញចេញពីគំនរបាក់បែក និងល្បាប់ភក់បង្កឡើងដោយគ្រោះរអិលបាក់ដី។

គួរបញ្ជាក់ថា ស្របពេលប្រតិបត្តិការជួយសង្រ្គោះកំពុងធ្វើឡើង អាជ្ញាធរឥណ្ឌាក៏បានព្យាករផងដែរថា ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំង ហើយអាកាសយានដ្ឋានដ៏សំខាន់មួយ ត្រូវបានបិទដំណើរការណ៍រហូតដល់ថ្ងៃទី២៦ ខែសីហា៕ ម៉ែវ សាធី