ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយគ្រោះរញ្ជួយដីនៅជប៉ុន

ជប៉ុនរងគ្រោះដោយគ្រោះធម្មជាតិជាបន្តបន្ទាប់ ដោយរងការវាយប្រហារ ពីព្យុះ Jebiបានសម្លាប់មនុស្សជាង១០នាក់ និង របួសជាង ៦០០នាក់ នៅភាគខាងលិច ប្រទេសជប៉ុនក្នុងចំណោមតំបន់ភាគខាងលិចជប៉ុន ខេត្តអូសាកា (Osaka) បាន ទទួលរងការប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយ សារគ្រោះមហន្តរាយធម្មជាតិនេះ ខណៈ មនុស្ស៨នាក់ក្នុងចំណោម ១១នាក់បានបាត់បង់អាយុជីវិតនៅទីនោះ។ ជាមួយ គ្នានេះដែរមនុស្សសរុបចំនួន ៦១០នាក់ បានទទួលរងរបួសនៅតាមខេត្តចំនួន ២៨ ក្នុងចំណោមខេត្តទាំង ៤៧ នៃប្រទេស ជប៉ុន។

នៅពេលជាមួយគ្នានេះ គ្រោះរញ្ជួយដី បានសម្លាប់មនុស្សកើនឡើងដល់ទៅ១៦នាក់និង ២៦នាក់បាត់ខ្លួន។ នាយករដ្ឋមន្ត្រី ជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃសុក្រ នេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ បានកើនដល់ ១៦នាក់ហើយ ខណៈ៥.៣ លាននាក់ នៅតែបន្តគ្មានអគ្គិសនីប្រើ ប្រាស់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.៧ រ៉ិចទ័រ វាយប្រហារមកលើកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន កាលពីព្រឹកថ្ងៃព្រហស្បតិ៍។

ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរ ជប៉ុនបានឲ្យដឹងថា មនុស្ស២៦នាក់ នៅ តែបន្តបាត់ខ្លួន និងច្រើនជាង ២,០០០ នាក់ កំពុងស្នាក់នៅតាមទីតាំងជម្លៀសខ្លួនបណ្តោះអាសន្ន ដែលត្រូវបានរៀបចំឡើងនៅតាមតំបន់ជាង ៤០០កន្លែង។ បន្ថែម ពីលើនេះ អាជ្ញាធរជប៉ុនក៏បានបង្ហាញការព្រួយបារម្ភផងដែរថា ចំនួនមនុស្សស្លាប់ អាចនឹងមានការកើនឡើងខ្ពស់ថែមទៀត ដោយសារតែលំនៅឋានជាច្រើនខ្នង បាន កប់នៅក្រោមបំណាក់ដី ដែលបង្កឡើង​ដោយរញ្ជួយដី។

គួរជម្រាបថា គ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រខាងលើ បានកើតមានឡើងចំពេល ដែលប្រទេសជប៉ុន ទើបតែរងគ្រោះដោយសារខ្យល់ព្យុះទីហ្វុង ចេប៊ី (Jebi) ដែល បានផ្ដាច់ជីវិតមនុស្ស ១១នាក់ និង ៦០០ នាក់ផ្សេងទៀតរងរបួសនៅក្នុងសប្ដាហ៍នេះ៕ ម៉ែវ សាធី