ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលជាង១០នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់មួយនៅស្រុកបាទី

ខេត្តតាកែវៈ យ៉ាងហោចណាស់មនុស្សស្រីម្នាក់បានស្លាប់ និង១៣នាក់ទៀត បានរងរបួសធ្ងន់និង ស្រាល ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង រួមនឹងម៉ូតូ៣គ្រឿង បុកបញ្ច្រាសទិសគ្នាពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ

អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-1132 បើកដោយឈ្មោះ កែម ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើករថយន្ដ រស់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (រងរបួសស្រាល) បានបើកពីទិសខាងត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្ដមួយគ្រឿងទៀតម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២Q.6764 បើកបរដោយឈ្មោះ ភួន វៃ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកបើករថយន្ដ រស់នៅភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ (រងរបួសធ្ងន់) និងអ្នករួមដំណើរ៧នាក់ ១/.ឈ្មោះ ឃួន ភឿន ភេទស្រី អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ២/.ឈ្មោះ កៃ ស្រីនាង ភេទស្រី អាយុ២៤ឆ្នាំ(កម្មកររោងចក្រ) រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសធ្ងន់) ៣/.ឈ្មោះ ញ៉ែម ស៊ីថា ភេទស្រី អាយុ៣០ឆ្នាំ (កម្មកររោងចក្រ) រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្រាល) ៤/.ឈ្មោះ ញ៉ែម ធីតា ភេទស្រី អាយុ២៨ឆ្នាំ (កម្មកររោងចក្រ) រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្រាល) ៥/. ឈ្មោះ ម៉ន ស្រីនូ ភេទស្រី អាយុ១៨ឆ្នាំ (កម្មកររោងចក្រ) រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្រាល) ៦/.ឈ្មោះ ឡេង ថាន ភេទស្រី អាយុ៤១ ឆ្នាំ (កម្មកររោងចក្រ) រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្រាល) ៧/.ឈ្មោះ អុន សង់ភេទស្រី អាយុ២៦ឆ្នាំ (កម្មកររោងចក្រ) រស់នៅភូមិ-ឃុំជាមួយគ្នា(រងរបួសធ្ងន់)។

អធិការនគរបាលស្រុកបាទី បានបន្តថា ហើយរថយន្តបានបន្តបុកម៉ូតូ៣គ្រឿងទៀតមាន ទី១-ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខតាកែវ1J.7595 បើកដោយឈ្មោះ ព្រាប ព្រឿង ភេទប្រុស អាយ២៨ឆ្នាំ (កសិករ) រស់នៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (រងរបួសធ្ងន់) អ្នករួមដំណើរម្នាក់ឈ្មោះ ឈាង ម៉េង ភេទស្រី អាយុ២៥ឆ្នាំ(កម្មកររោងចក្រ) រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសធ្ងន់) ទី២-ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AV.4238 បើកបរដោយឈ្មោះ ខុម សុម៉ាណា ភេទប្រុស អាយុ៣៣ឆ្នាំ (កសិករ)មានទីលំនៅភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ (រងរបួសធ្ងន់) អ្នករួមដំណើរ០១នាក់ ឈ្មោះ ឡាយ សឿន ភេទស្រី អាយុ២៨ឆ្នាំ (កម្មកររោងចក្រ)រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសស្រាល) និងទី៣-ម៉ូតូម៉ាកគុបជ្រុងពណ៌ខៀវ ពាក់ស្លាកលេខភ្នំំពេញ1G.0058 បើកដោយឈ្មោះ ម៉ឺក សុខជា ភេទប្រុស អាយុ២៨ឆ្នាំ (កម្មកររោងចក្រ)រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ (រងរបួសស្រាល) ។

ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ចាត់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រួចធ្វើការវាស់វែង ហើយយករថយន្ត និងម៉ូតូទាំងនោះកមក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា