ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៣ ក្នុងខណ្ឌដង្កោ

ភ្នំពេញ៖ រថយន្ត​ដឹកស៊ីម៉ង់ត៍មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បានបុកម៉ូតូចំនួន២គ្រឿងដែលកំពុងជិះ នៅខាងមុខពេញទំហឹង ខ្ទាតម៉ូតូមួយគ្រឿងចូលក្រោមរថយន្ត មួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាសទិសគ្នា អូសកៀបជាប់ខាងក្រោមជិត១០០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់ និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ដែលបានឃើញហេតុការណ៍ខាងលើ បានឲ្យដឹងថា មុនកើតហេតុ គេបានឃើញ ជនរងគ្រោះទាំង៣នាក់ ត្រូវជាពូមីង និងក្មួយ បានជិះម៉ូតូ២គ្រឿង ដោយក្មួយ ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ឡើងតែម២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-0621ជិះម៉ូតូមួយគ្រឿងម្នាក់ឯង ចំណែកមីងពូជាប្តីប្រពន្ធជិះម៉ូតូឌុបគ្នា២នាក់ ម៉ាក ហុងដាសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BP-7293 បើកបរប្តីឈ្មោះ ខឹម ថុល ភេទប្រុស អាយុ៤៧ឆ្នាំ (ស្លាប់ភ្លាមៗនៅកន្លែង) ឌុបប្រពន្ធ ស្នាក់នៅភូមិតាតឹម ឃុំជាងទង ស្រុកត្រាំងកក់ ខេត្តតាកែវ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រដឹកស៊ីម៉ង់ត៍ម៉ាក ហុីណូ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-3865 បើកស្របទិស បានមកបុកម៉ូតូជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធចំពីក្រោយពេញទំហឹង រួចបន្តទៅបុកម៉ូតូក្មួយ ១គ្រឿងទៀតនៅខាងមុខ កៀបជាប់ម៉ូតូពូមីង នៅក្រោមរថយន្ត អូសជិត១០០ម៉ែត្រ។ ចំណែកម៉ូតូរបស់ក្មួយ ខ្ទាតទៅចំណែកផ្លូវម្ខាងទៀត ត្រូវបានរថយន្តយីឌុប ដឹកដែក ម៉ាក ISUZU ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-1836 បើកពីជើងទៅត្បូងក្នុងទិសដៅបញ្ច្រាសទិសគ្នា បុកនិងកិនបន្ថែមអូសជិត២០០ម៉ែត្រ ទើបឈប់ បណ្តាលឲ្យបុរសអ្នកបើកម៉ូតូសង់ឌុបប្រពន្ធត្រូវជាពូ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកក្មួយនិងប្រពន្ធរងបួសធ្ងន់ដាច់ជើងខាងឆ្វេង។ ចំណែកអ្នកបើកបរថយន្តទាំង២គ្រឿង បានចុះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុភ្លាមៗនោះ គេឃើញរថយន្តសង្គ្រោះ២គ្រឿង ក្នុងនោះមាន១គ្រឿងជារថយន្តរបស់គ្លីនិករស្មី ហៅខឹម រ៉ានី និង១គ្រឿងទៀតរថយន្តគ្លីនិក សួគ៌ា មកដល់កន្លែងកើតហេតុ តែដោយសារឃើញជនរងគ្រោះ របួសធ្ងន់ពេកក៏ត្រឡប់ទៅវិញ ក្រោយមកក៏មានរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពពងទឹក បានដឹកស្រ្តីរងគ្រោះម្នាក់យកទៅសង្គ្រោះ នៅសល់បុរសជាក្មួយ​ត្រូវរថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។

NKD-36x6_outline

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយករថយន្តទាំង២គ្រឿងនិងម៉ូតូរងគ្រោះទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់បន្តទៀត និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

គួររំលឹកផងដែរថា នៅក្នុងឧបទ្វេហេតុ មិនថាឡើងគ្រោះថ្នាក់ចរាចរណ៍ឬក៏ករណីអ្វីផ្សែងៗនោះទេ ឲ្យតែក្រុមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន បានចុះទៅដល់កន្លែងកើតហេតុ ហើយឃើញជនរងគ្រោះរបួសធ្ងន់ធ្ងរ និងមើលទៅមានសភាពក្រីក្រនោះ គឺក្រុមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជនមិនទទួលនោះទេ គឺទុកឲ្យខាងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យចុះមកទទួលវិញ ដោយរឿងនេះមិនមែនកើតឡើងតែម្ដងឬក៏ពីរដងនោះទេ គឺច្រើនដងមកហើយ ហើយប្រជាពលរដ្ឋជាច្រើន ជាពិសេសសាច់ញាតិជនរងគ្រោះផ្ទាល់តែម្ដងបានរិះគន់និងតិះដៀលទៅលើក្រុមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនជាខ្លាំង ។ ដូច្នេះហើយ ពួកគាត់ដែលជាប្រជាពលរដ្ឋមានការសូមណូមពរដល់អាជ្ញាធរដែលពាក់ព័ន្ធជួយមានវិធានការផង ចំពោះរឿងនេះ ៕ ភារ៉ា ដង្កោ