ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់៥នាក់ករណីបាញ់ប្រហារនៅរដ្ឋ Kentucky សហរដ្ឋអាមេរិក

មន្ត្រីសន្តិសុខ រដ្ឋ​Kentucky ​អាមេរិក បានឲ្យដឹងថា៖ កាលពីថ្ងៃទី​១១ខែកុម្ភៈ ក្រុមប៉ូលិសទទួលបាន ការហៅទូរស័ព្ទ ស្តីពីការបាញ់ប្រហារដោយកាំភ្លើង ស្ថិតនៅ ក្នុងផ្ទះមួយជាយក្រុង​ Paintsville បណ្តាលឲ្យមានអ្នកស្លាប់​៥នាក់ ។

តាមការប្រកាស របស់ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា៖​ ហេតុការណ៍ខាងលើកើតឡើងនៅថ្ងៃទី​១១ ខែកុម្ភៈ នៅពេលប៉ូលិសទៅដល់ ក៏ឃើញសាកសពពីរនាក់ដេកស្លាប់នៅក្នុងត្លុកឈាម ។

នៅពេលដែលប៉ូលិសកំពុងតែស្វែងរក ជនដៃដល់ ក៏មានទូរស័ព្ទបន្ទាន់ ស្តីពីការបាញ់ប្រហារមួយកន្លែងផ្សេងទៀត នៅ​ខុនដូ​ស្ថិតនៅក្នុងតំបន់​ Paintsville ។ នៅទីកន្លែងបាញ់ប្រហារលើកទីពីរ ប៉ូលិសក៏បានរកឃើញសាកសព​៣នាក់ ក្នុងនោះមានជនដៃដល់ម្នាក់ ។

ប៉ូលិសបានកំណត់អត្តសញ្ញាណជនដៃដល់ឈ្មោះ​ Joseph Nickell ប៉ុន្តែប៉ូលិសមិនបានផ្តល់ព័ត៌មានលម្អិតស្តីពី អត្តសញ្ញាណ​ជនដៃដលនិងជនរងគ្រោះនោះឡើយ ។

ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងក្រោយរយៈពេល​២សប្តាហ៍នៃការបាញ់ប្រហារនៅក្នុងសាលារៀនក្នុងរដ្ឋនេះដែរ​ បណ្តាលឲ្យសិស្សពីរនាក់ ស្លាប់ និង ១៦នាក់រងរបួស ​ហើយជនដៃដល់ជាសិស្ស​ដូចគ្នា ។

NKD-36x6_outline

តាមតួលេខស្តីពីអំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងនៅអាមេរិក បានបង្ហាញពីតួលេខមួយបង្កក្តីបារម្ភយ៉ាងខ្លាំង ដោយនៅក្នុង​១ថ្ងៃ មានពលរដ្ឋ អាមេរិក៩០នាក់ស្លាប់ ដោយសារតែការបាញ់ប្រហារ ។ ការចេញច្បាប់ គ្រប់គ្រងអាវុធនៅអាមេរិកគឺជាប្រធានបទ ក្តៅជាច្រើនឆ្នាំកន្លងមក ។

បច្ចុប្បន្ន ការទិញ លក់ អាវុធ នៅអាមេរិក កើតឡើងគ្រប់ទិសទី​ បើទោះបីតំបន់មួយចំនួន​ ដែលលក់អាវុធស្របច្បាប់ បានត្រួតពិនិត្យ ប្រវត្តិរូប និង បញ្ហាសុខភាព ទើបអនុញ្ញាតឲ្យទិញ ។

កាលពីជំនន់អតីតប្រធានាធិបតីអូបាម៉ា ​លោកបានស្នើឲ្យមានការអនុម័តទៅលើច្បាប់គ្រប់គ្រងអាវុធ នៅអាមេរិក ដើម្បីកាត់បន្ថយ អ្នកស្លាប់ដោយអំពើហិង្សាពាក់ព័ន្ធនឹងអាវុធ​ ប៉ុន្តែគឺបរាជ័យទាំងអស់ដោយសារតែគណបក្សសាធារណរដ្ឋ មានសម្លេងភាគច្រើននៅក្នុងសភា មិនព្រមអនុម័តច្បាប់ខាងលើ ៕ ម៉ែវ សាធី