ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពីពិធីបុណ្យវិសាទបូជា

ភ្នំពេញ៖ បុណ្យវិសាខបូជា ជាបុណ្យ ក្នុងព្រះពុទ្ធសាសនា ដ៏សំខាន់សម្រាប់ ពុទ្ធសាសនិក គោរពប្រតិបត្តិ ដែលត្រូវ ប្រារព្ធនៅថ្ងៃទី១៥កើត ខែពិសាខ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។

តើបុណ្យសាសនានេះមានប្រវត្តិបែប ណា? ហេតុអ្វីចាំបាច់រៀបចំបុណ្យនេះ?

*ពិធីបុណ្យវិសាខបូជា គឺជាបុណ្យដ៏ ធំមួយក្នុងព្រះពុទ្ធសាសនារាប់ថា ជាពុទ្ធា នុស្សរណកិច្ចដ៏សំខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោត្ដមបរមគ្រូនាថ្ងៃពេញ បូណ៌មី គឺថ្ងៃ១៥កើត ខែពិសាខ ដែល ពុទ្ធសាសនិកទាំងព្រះសង្ឃទាំងគ្រហស្ថតែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។

ការដែលប្រារឰពិធីបូជានាថ្ងៃ១៥កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថាជាមហាមង្គលអភិ លក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹង ថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖ ១៖ ទ្រង់ ប្រសូតចាកឧទរមាតា ២៖ ទ្រង់ត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញាណ ៣៖ ទ្រង់រំលត់ ខន្ធចូលកាន់ព្រះបរមនិព្វាន

សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់ យើងទ្រង់ប្រសូតត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ ទាំង អស់ប្លែកតែឆ្នាំប៉ុណ្ណោះ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថា ទុកដូច្នេះថា៖ អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខ បុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰតោ។

សេចក្ដីថា៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែ អាសាធទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មីខែពិសាខបានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃ ពេញបូណ៌មី ខែពិសាខ និងទ្រង់ចូល បរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ) ។ ជាប្រពៃណីពិធីវិសាខ បូជាគេតែងនាំគ្នាធ្វើក្នុងវេលារាត្រី ព្រោះ តម្រូវទៅតាមពាក្យថា “បុណ្ណមី” មាន សេចក្ដីថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀតការប្រារឰពិធីក្នុងពេលរាត្រីអាស្រ័យដោយ លក្ខណៈងាយស្រួល២យ៉ាងគឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលាបូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាលច្រាល ឆ្អៅផង និងម្យ៉ាងទៀតដើម្បីបើកឱកាស ឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករ ទាំងប្រុស ទាំងស្រី អាចបំពេញកុសល កម្មនេះ ដោយសប្បាយរីករាយ ព្រោះពេល យប់ជាវេលាទំនេរផង។

ប្រភពកំណើតនៃវិសាខបូជាបុណ្យ វិសាខបូជា តាមដែលចាស់ទុំអ្នកមុខ អ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងថា គេបានផ្ដើមធ្វើក្នុងរជ្ជកាលព្រះបាទ សម្ដេចព្រះ ហរិរក្សរាមាឥស្សរាធិបតី “ព្រះអង្គឌួង” ដែលគង់នៅក្នុងឧដុង្គជា ដំបូងព្រោះថា ក្នុងពុទ្ធសករាជ២៣៩៧ គ្រិស្ដសករាជ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យ ស្នើសុំទូទៅក្នុង កម្ពុជរដ្ឋ។

គម្ពីរទី៣ ហៅថា “បឋមសម្ពោធិកថា” គឺបឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ប្រែនិងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះមហាសង្ឃរាជ “សា” ក្នុងរជ្ជកាលព្រះ បាទ សម្ដេចព្រះស៊ីសុវត្ថិ មាន៣០បរិច្ឆេទ ដូចច្បាប់ដើម។ គម្ពីរនេះមានជាបែបបទ សំរាប់ទេសនា ក្នុងថ្ងៃវិសាខបូជាក្នុងវត្ដ គណៈធម្មយុត្ដិកនិកាយទូទាំងប្រទេស ខ្មែរ។ ការធ្វើវិសាខបូជា ក្នុងសម័យរជ្ជកាល ទី២ នោះប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់បានផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេ ហើយក៏មិនទាន់មានភាព ឱឡារិកអធិកអធមដែរ។

មុនសម័យពុទ្ធកាល ប្រទេសឥណ្ឌា មានឈ្មោះថា ជម្ពូទ្វីប ចែកជាពីរផ្នែក។ ផ្នែកខាងក្នុងហៅថា មជ្ឈិមប្រទេសនិង ផ្នែកខាងក្រៅហៅថា បច្ចន្ដប្រទេស។ ប្រទេសនេះ មានរាជាណាចក្រច្រើនតូច-ធំ។ ខ្លះជារាជាធិបតេយ្យខ្លះជាសន្ដតិវង្ស ច្រើនរួមគ្នា។ បណ្ដានគរទាំងឡាយដែលតាំងក្នុងមជ្ឈិមប្រទេសក្រុងកបិលពស្ដុជារាជាណាចក្រមួយស្ថិតនៅតំបន់ជើងភ្នំ ហេមពាន្ដគ្រប់គ្រង និងដឹកនាំដោយ ព្រះបាទសុទ្ធោទនៈ និងព្រះអគ្គមហេសី ព្រះនាងសិរិមហាមាយា។

កាលមុនពុទ្ធសករាជ៨០ឆ្នាំ នៅពេល ដែលទ្រង់គភ៌គ្រប់១០ខែហើយ ព្រះនាង សិរិមហា មាយាក៏បានស្នើសុំព្រះបរមរាជានុញាតពីស្វាមី ដើម្បីយាងទៅប្រសូតបុត្រនៅទីក្រុងទេវទហៈ ដែលជាទីក្រុងកំណើតរបស់ព្រះនាងតាមប្រពៃណី នៃជនជាតិ ឥណ្ឌានាពេលនោះ។

នៅចន្លោះក្រុងកបិលពស្ដុ និងក្រុង ទេវទហៈមានសួនឧទ្យានមួយឈ្មោះថា ឧទ្យានលុម្ពិនី។ ការយាងទៅក្រុងទេវ ទហៈរបស់ព្រះនាងសិរិមហាមាយាត្រូវ ឆ្លងកាត់សួនឧទ្យានលុម្ពិនីនោះ។ នៅ ពេល ដែលយាងទៅដល់សួនឧទ្យាន លុម្ពិនីព្រះនាងសិរិមហាមាយាក៏ត្រូវដល់ ពេលកំណត់ប្រសូតព្រះរាជបុត្រ។ ព្រះនាងក៏ ប្រសូតបានព្រះរាជបុត្រមួយ អង្គមានលក្ខណៈគ្រប់គ្រាន់ជាមហាបុរិស លក្ខណៈ។

ប្រសូតហើយ ពេលយាងចុះពីដៃស្រីស្នំ ព្រះរាជឱរសបានយាងដោយព្រះបាទបាន៧ជំហានហើយទ្រង់ឈប់ឈរនឹងរួចបែរព្រះភ័ក្ដ្រទៅទិសឧត្ដរទ្រង់បន្លឺព្រះវាចា ថា ខ្លួនយើងជាកំពូលនៃលោកជាបុគ្គល ប្រសើរជាងគេក្នុងលោកជាចម្បងជាងគេទាំងអស់ក្នុងលោកជាតិនេះជាកំណើតចុងបំផុតរបស់យើងអំណើះតទៅមុខយើងលែងកើតទៀតហើយ។

NKD-36x6_outline

ព្រះអង្គកើតក្នុងត្រកូលពួកជនជាតិអរិយកៈក្នុងមជ្ឈិមជនបទនៃជម្ពូទ្វីប ដែល សក្កៈត្រកូលក្សត្រសាក្យៈជាគោតម គោត្រ។ ព្រះបិតាព្រះនាមសុទ្ធោទនៈជា ព្រះរាជបុត្រ ព្រះបាទសីហហនុរាជគង់ នៅក្រុងកបិលពស្ដុ។ ព្រះមាតាព្រះនាម ព្រះនាងសិរិមហាមាយាគង់នៅក្រុងទេវ ទហៈជាព្រះរាជបុត្រី នៃព្រះបាទអញ្ជនៈ ក្នុងក្រុងទេវទហៈ។

បន្ទាប់ពីប្រសូតព្រះរាជបុត្រហើយ ព្រះនាង សិរិមហាមាយា ក៏យាងត្រឡប់ មកក្រុងកបិលពស្ដុវិញ។ ជាមួយគ្នានេះ មានតាបសម្នាក់អាយុចំណាស់បន្ដិច មានស្រុកកំណើតស្ថិតនៅជិតក្បែរតំបន់ កបិលពស្ដុនោះដែរ គាត់ជាអ្នកចេះមើលលក្ខណៈមនុស្សយ៉ាងស្ទាត់ជំនាញ។ តាបសនោះក៏ចូលទៅមើលព្រះរាជបុត្រ ដោយពិនិត្យយ៉ាងល្អិតល្អន់នូវ លក្ខណ សម្បត្ដិរបស់ ព្រះរាជឱរសហើយពោល ថា “នេះជាមហាបុរសពិតប្រាកដមែន”។

៥ថ្ងៃក្រោយមកព្រះបាទសុទ្ធោទនៈក៏បានអញ្ជើញព្រាហ្មណ៍១០៨នាក់មកទាយ លក្ខណៈព្រះរាជឱរស និងថ្វាយព្រះនាម។ ក្នុងបណ្ដាព្រាហ្មណ៍ទាំង១០៨នាក់ ជ្រើសរើសចម្រាញ់យកបានតែព្រាហ្មណ៍៨នាក់ប៉ុណ្ណោះ ដើម្បីថ្វាយព្រះនាមព្រះរាជបុត្រ។ ព្រាហ្មណ៍ទាំងអស់ក៏បានសំរេចថ្វាយ ព្រះនាមថាសិទ្ធត្ថដែលមានន័យថា ជាអ្នក ធ្វើឱ្យសំរេចប្រយោជន៍ ដល់មនុស្សសត្វទូ ទៅ។ ព្រាហ្មណ៍ទាំងនេះមិនត្រឹមតែជ្រើសរើសព្រះនាមប៉ុណ្ណោះទេ ថែមទាំងបាន ទស្សន៍ទាយនូវនិស្ស័យផ្សេងៗ ថែមទៀត របស់ព្រះរាជឱរសផង។ ព្រាហ្មណ៍ជា ច្រើនបានទាយថា “ព្រះរាជឱរសបើនៅ ជាគ្រហស្ថ នឹងបានជាស្ដេចចក្រពត្ដិបើ ទ្រង់ចេញបំពេញផ្នួសនឹងបានត្រាស់ដឹងជាព្រះពុទ្ធ។ ចំណែកព្រាហ្មណ៍ទី៨គឺ កោណ្ឌញព្រាហ្មណ៍ ដែលនៅក្មេងជាងគេ បានលើកដៃតែមួយឡើង ហើយទាយ តែម្យ៉ាងថា ព្រះមហាបុរសនឹងទ្រង់ព្រះ ផ្នួស ហើយបានត្រាស់ជា ព្រះពុទ្ធពិត ប្រាកដ”។

២ថ្ងៃក្រោយ ថ្ងៃដែលពួកព្រាហ្មណ៍ បានថ្វាយព្រះនាមព្រះរាជឱរសមក ព្រះនាងសិរិ មហាមាយា ក៏ទ្រង់សោយ ព្រះទិវង្គត។ ព្រះបាទសុទ្ធោទនៈក៏ទ្រង់ ផ្ទុកផ្ដាក់ការ ចិញ្ចឹមបីបាច់ថែរក្សាព្រះរាជ ឱរសឱ្យទៅព្រះនាងបជាបតិគោតមីដែល ត្រូវជាប្អូនបង្កើតព្រះនាងសិរិមហាមាយា និងជាព្រះស្នំមួយព្រះអង្គដ៏ពិសេសព្រម ទាំងជាអ្នកមេដោះដ៏ជិតស្និទ្ធបំផុតផង។ ការប្រសូត

* ព្រះសមណគោតមបរមគ្រូទ្រង់ ប្រសូតនៅថ្ងៃសុក្រពេញបូណ៌មីខែពិសាខ ឆ្នាំច នាឧទ្យានលុម្ពិនីវន ក្រោមដើមសាល ព្រឹក្ស ស្ថិតនៅត្រង់ព្រំប្រទល់ដែនកបិល ពស្ដុនិងទេវទហៈនាវេលាថ្ងៃត្រង់។

* ក្នុងថ្ងៃព្រះសិទ្ធត្ថប្រសូត មានសហ ជាត វត្ថុ៧យ៉ាងកើត ក្នុងថ្ងៃនោះដែរ គឺ ព្រះនាងពិម្ពាយយសោធរា១ អនន្ទ១ ឆន្ទអាមាត្យ១ កណ្ឌកៈជាអាជានេយ្យ១ កាឡុទាយី អាមាត្យ១ មហាពោធិព្រឹក្ស១ និងកំណប់ទ្រព្យទាំងបួន១ ។

អភិសេកព្រះសិទ្ធត្ថ ព្រះជន្ម១៦ ព្រះវស្សា ទ្រង់អភិសេកជាមួយព្រះនាង ពិម្ដាយសោធរានៅថ្ងៃអាទិត្យពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ។ សោយរាជ្យបាន១៣ឆ្នាំ ទ្រង់បានព្រះរាជបុត្រមួយព្រះអង្គព្រះនាម រាហុលកុមារ ក្នុងព្រះជន្មគំរប់២៩ ព្រះ វស្សា ។

សាងព្រះផ្នួស

ព្រះជន្ម២៩វស្សា ព្រះសិទ្ធត្ថទ្រង់ចេញ សាង ព្រះផ្នួស នៅថ្ងៃព្រហស្បតិ៍ ពេញបូណ៌មី ខែអាសាធ ឆ្នាំថោះ នាឆ្នេរស្ទឹងអនោមា គឺក្នុងថ្ងៃដែលព្រះរាហុលកុមារប្រសូតនោះឯង។

ត្រាស់ដឹង

ព្រះសមណគោតមបានត្រាស់ដឹងអនុត្ដរសម្មាសម្ពោធិញាណក្នុងព្រះជន្មាយុ៣៥ព្រះវស្សា នៅថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្រោមដើមពោធិព្រឹក្ស១ដើមខាងលិចស្ទឹងនេរញ្ចនា នាមណ្ឌលគយាសព្វថ្ងៃហៅពុទ្ធគយា។

សំដែងធម្មចក្កប្បវត្ដនសូត្រ

ព្រះសម្មាសម្ពុទ្ធទ្រង់សំដែងបឋមទេសនា ធម្មចក្កប្បវត្ដនសូត្រនៅថ្ងៃពេញបូណ៌មី ខែអាសាធ ឆ្នាំរកា ប្រោសបញ្ចវគ្គិយភិក្ខុ នៅឥសិបតនមិគទាយវន។ ព្រះសម្មាសម្ពុទ្ធ ទ្រង់បំពេញពុទ្ធកិច្ចទាំង ៥យ៉ាងអស់៤៥ព្រះវស្សាគឺ៖

១៖ ពេលព្រឹកទ្រង់ត្រាច់ចរបិណ្ឌបាត

២៖ ពេលរសៀលទ្រង់សំដែងព្រះធម៌ ប្រោសសត្វ

៣៖ ពេលព្រលប់ ទ្រង់ប្រទានឱវាទដល់ ពួកភិក្ខុ

៤៖ ពេលអធ្រាត្រទ្រង់ដោះស្រាយបញ្ហា ទេវតា

៥៖ ពេលបច្ចូសសម័យ ទ្រង់ប្រមើលមើល ឧបនិស្ស័យសព្វសត្វ ។

ព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។

បរិនិព្វាន
ព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាននៅថ្ងៃអង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្រោមដើមពោធិព្រឹក្សទាំងគូនៅខាងលិច កុសិនារា ។ រយៈកាល៤៥ព្រះវស្សា ចាប់ពីក្រោយ បានត្រាស់ដឹងនូវអនុត្ដរសម្មាសម្ពោធិញាណ មកព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់បានសំដែងព្រះធម៌ទេសនាប្រោសវេនេយ្យសត្វ បើគិតជាធម្មក្ខន្ធមាន៨៤.០០០ព្រះធម្មក្ខន្ធដែលចែកជាព្រះសូត្រ ព្រះវិន័យនិងព្រះអភិធម្ម៕ហេង សូរិយា