ព័ត៌មានទាន់ហេតុការណ៍៖

ហង្ស វុទ្ធី ហៅយមរាជ មនុស្សជំនិតរបស់លោក ហេង ពៅ អតីតមេនគរបាលរាជធានីភ្នំពេញស្លាប់នៅគុក

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៨នេះថា ឈ្មោះ ហង្ស វុទ្ធី ហៅយមរាជបានស្លាប់កាលពីព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថៃ្ងទី១០ ខែកញ្ញា ឆ្នាំ ២០១៨ គ្រាដែលរូបគេត្រូវបានមន្ត្រីពន្ធ នាគារបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ឈ្មោះ ហង្ស វុទ្ធី ហៅ យមរាជ ស្លាប់ដោយសារ ជំងឺក្រិនថ្លើម ក្រោយសមត្ថកិច្ចជំនាញ ពិនិត្យ និងធ្វើកោសលវិច័យរួចសពរបស់ ហង្ស វុទ្ធី ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមជម្រាបជូនថា ព័ត៌មានពាក់ព័ន្ធនឹងការស្លាប់របស់ ឈ្មោះ ហង្ស វុទ្ធី ហៅយមរាជ បានបែកធ្លាយ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយឈ្មោះ Heng Nich ជាប្អូនស្រី ឈ្មោះ ហង្ស វុទ្ធី បានបង្ហោះសារភ្ជាប់ដោយ រូបភាពសពនិងពិធីបុណ្យសពរបស់ ហង្ស វុទ្ធី “ថា បងប្រុសទី២នាងខ្ញុំ ឈ្មោះ ហង្ស វុទ្ធី ហៅយមរាជបានស្លាប់ហើយនៅមន្ទីរពេទ្យ រុស្សុីវេលាម៉ោង១០និង៣០នាទីថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨។ នាង ខ្ញុំឈ្មោះ សុខ សុភ័ណ្ឌ ត្រូវ ជាប្អូនស្រីគាត់សូមអំពាវនាវដល់សម្ដេចតេជោ ហ៊ុនសែន មេត្តាដោះលែងបងប្រុសទី៣នាងខ្ញុំឈ្មោះ ហង្ស វុត្ថា ដើម្បីឲ្យបង ប្រុសនាងខ្ញុំមកធ្វើបុណ្យសពនិងជួបបងប្រុស ហង្ស វុទ្ធី ជាចុងក្រោយ ។ សុំឲ្យសម្តេច តេជោ ហ៊ុន សែន មេត្តាអនុគ្រោះដោះលែង បងប្រុសនាងខ្ញុំផង” ។

ហង្ស វុទ្ធី ហៅ យមរាជ គឺជាមន្រ្តីអតីត នគរបាលព្រហ្មទណ្ឌជាមនុស្សជំនិតរបស់លោក ហេង ពៅ អតីតស្នងការនគរបាល រាជធានីភ្នំពេញដែលកំពុងជាប់គុករឿងឃាតកម្មលើលោកចៅក្រម សុខ សេដ្ឋាមុនី និងប៉ុនប៉ងឃាតកម្មលើលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេសកាលពីអំឡុង ឆ្នាំ២០០៣ ។

កាលពីឆ្នាំ២០០៩ ហង្ស វុទ្ធី ហៅ យមរាជត្រូវបាន លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញប្រកាសសាល ក្រមកំបាំងមុខ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល១៥ឆ្នាំពីបទប៉ុនប៉ងមនុស្ស ឃាតគិតទុកជាមុនលើលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស ។

លោក ហង្ស វុទ្ធី ហៅយមរាជត្រូវបាន សមត្ថកិច្ចចាប់ខ្លួនកាលពីអំឡុងឆ្នាំ២០០៤ យកទៅដាក់គុក ប៉ុន្តែរូបគេបានលួចរត់ចេញពីគុកក្រោយមករូបគេបានរត់ចូលទៅក្នុងស្នាក់ការអង្គការសិទ្ធិមនុស្សលីកាដូឲ្យជួយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ ក៏ត្រូវ បានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារសាជាថ្មីម្តងទៀតរហូតដល់ថ្ងៃស្លាប់ ៕ ហេង នរិន្ទ្រ