ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអី ឧកញ៉ា សឹង សំអុល ប្រើប្រាស់​កងកម្លាំង​ និងក្រុមសន្តិសុខ​ច្រើននាក់​តាម​ប្រមាញ់​គំរាម​កំហែងបំបាក់ស្មារតី​ក្រុមអ្នក​សារព័ត៌មាន បើខ្លួនរកស៊ីឈើស្របច្បាប់?

ខេត្តមណ្ឌលគិរី៖ គេទទួលស្គាល់ថា មួយរយៈពេលកន្លងទៅនេះ ឧកញ៉ា សឹង សំអុល ជំនាញ​ខាងរកស៊ីដឹក​ជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ តែងមានប្រតិកម្ម និងចាត់ទុក​អ្នកសារព័ត៌មានជាផ្ទាំងស៊ីប ជាសត្រូវ ខណៈ​ករណីខ្លះ ពួកគេបានរំខានចំពោះ​សកម្មភាព​ដឹក​ជញ្ជូនបទល្មើសព្រៃឈើ និងខ្លះទៀត បានដឹងមុនពីគម្រោង ដឹកជញ្ជូនព្រៃឈើ ក៏ដូចជាសកម្មភាពកេណ្ឌប្រមូលប្រជាពលរដ្ឋ​ឲ្យចូលទៅកាប់បំផ្លាញព្រៃឈើនៅតំបន់អភិរក្សភ្នំព្រិច ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីនេះជាដើម ។

ក្នុងអំឡុងពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ឧកញ៉ាសឹង សំអុល បាន​ប្រើប្រាស់កម្លាំងសមត្ថកិច្ច និងកងកម្លាំងសន្តិសុខជាច្រើននាក់ ដើម្បីការពារ​ផ្លូវទៅកាន់ទីតាំង​ក្រុមហ៊ុន ម៉ាស្ទើ ខេសាន់ ដែលជា​ទីតាំងលើកឈើ​របស់​ឧកញ៉ាសឹង សំអុល ។​ ក្នុងនោះ សមត្ថកិច្ច​មិនអនុញ្ញាត​ឲ្យក្រុមអ្នកសារព័ត៌មានទៅកាន់តំបន់នោះ ពិសេស​ឧកញ៉ា សឹង សំអុល ជាបុគ្គលឆ្ងាញ់នឹងបទល្មើសព្រៃឈើ ក៏បានប្រើប្រាស់កងកម្លាំងបញ្ជា​ឲ្យប្រមាញ់ចាប់អ្នកកាសែត ក៏ដូចជា​មន្ត្រីផ្សេងៗ ។ យ៉ាង​ហោចណាស់​មនុស្ស៣នាក់​ត្រូវបានពួកគេអះអាងថា ជា​អង្គការឃ្លាំមើលបទល្មើសព្រៃឈើ និង២នាក់ផ្សេងទៀត ជាអ្នកកាសែត​ក្នុងស្រុក ត្រូវបានកងសន្តិសុខរបស់ឧកញ៉ា សឹង សំអុល តាមប្រមាញ់ចាប់ និងឆែកឆេររកសម្ភារ ម៉ាស៊ីនថត ទូរស័ព្ទ ពិសេ​សដ្រូន សម្រាប់ថតពីលើអាកាស ដោយឧកញ៉ា សឹង សំអុល បញ្ជាឲ្យបោកកម្ទេចចោល បន្ទាប់ពីក្រុមពួក​ទាំង​នេះ​បានចូលទៅក្នុងព្រៃ ឃើញពីសកម្មភាព​ឧកញ៉ា សឹង សំអុល ប្រើប្រាស់កម្មករ​លើកឈើ ដាក់រថយន្តយីឌុបប្រភេទធំៗ យ៉ាងតិច​ចំនួន២០គ្រឿង កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិសាស្ត្រ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

គេបានរាយការណ៍មកថា ឧកញ៉ាសឹង សំអុល បានប្រើប្រាស់កម្លាំងសន្តិសុខប្រមាណជិត២០នាក់ ប្រើប្រាស់រថយន្តជាមធ្យោបាយ២គ្រឿង និងម៉ូតូ១២គ្រឿងប្រមាញ់ចាប់ក្រុមអ្នកកាសែត ដោយគំនុំ និងកំហឹង ពុំបានគិត​អំពីទិដ្ឋភាពផ្លូវច្បាប់ ។ ទង្វើបែបនេះ ត្រូវបានគេរិះគន់ថា ប្រសិនបើឧកញ៉ាសឹង សំអុល ម្ចាស់ក្រុមហ៊ុន ម៉ាស្ទើ ខេសាន់ មានច្បាប់អនុញ្ញាតដឹកជញ្ជូនឈើ ដោយស្របច្បាប់ ចាំបាច់អី លោកមកចងកំហឹងកម្មពៀរជាមួយអ្នកសារព័ត៌មាន ខណៈ​យើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការដឹកជញ្ជូន ឬមួយក៏​សកម្មភាពដឹកជញ្ជូននេះ មានលក្ខណៈចន្លោះប្រហោងផ្នែកច្បាប់ ទី១ អាចប្រមូលទិញឈើ​ ដែលកាប់បំផ្លាញក្រៅពីក្រុមហ៊ុនអូសចូល ទី២ ផ្ទុកលើសច្បាប់អនុញ្ញាត ទី៣ ប្រើប្រាស់រថយន្តដឹកជញ្ជូន​មិនត្រូវនឹង ប៉េសេ ទី៤ ផ្ទុកលើសទម្ងន់ក្នុងចេតនា​បំផ្លាញផ្លូវជាតិ ទី៥ អាច​មិនបាន​ចែកចាយក្នុងស្រុក បម្រុងដឹកជញ្ជូនឆ្លងដែននេះជាដើមក៏អាចថាបាន ។

បើតាមការអះអាងពីលោក អ៊ុំ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី​ប្រាប់អ្នកកាសែតក្នុងស្រុក លោកបានបញ្ជាក់ថា ឈើនេះមានច្បាប់ គ្រាន់តែពុំទាន់បានវាស់វែងដើម្បីលើកដាក់ឡាន ។ បើនាយខណ្ឌរដ្ឋបាលព្រៃឈើ​បញ្ជាក់បែបនេះ មានន័យថា ទិដ្ឋភាពផ្លូវច្បាប់​ក្នុងការដឹកជញ្ជូនឈើ​របស់ឧកញ៉ា សឹង សំអុល មិនទាន់មានលក្ខណៈគ្រប់គ្រាន់តាមផ្លូវច្បាប់នោះទេ ព្រោះ​លើក​ដាក់ឡាន​មុនការវាស់វែងរបស់ជំនាញ ។ លោកឡែក លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី មិនបានបកស្រាយក្នុងហេតុផលតាមផ្លូវច្បាប់នោះទេ លោកគ្រាន់តែបញ្ជាក់យ៉ាងខ្លីប្រាប់អ្នកកាសែតក្នុងស្រុកថា រាល់ការដឹកជញ្ជូនឈើទាំងនោះ សុទ្ធតែមានច្បាប់ ទើបគេហ៊ានធ្វើ ។

នរណាៗ ក៏ដឹងដែរថា ឧកញ៉ា សឹង សំអុល ប្រហែលជាមិនអាចស្កប់ស្កល់ ចៀសមិនផុតពីមុខរបរជំនួញឈើ​នោះទេ គាត់ប្រើ​គ្រប់​មធ្យោបាយដើម្បី​ទទួលបានច្បាប់អនុញ្ញាតដឹកជញ្ជូនឈើ ប៉ុន្តែជាទម្លាប់ គាត់​បានប្រើប្រាស់ និងកេណ្ឌប្រជាពលរដ្ឋ​ឲ្យ​ចូលទៅកាប់ឈើ​ក្នុងដែនអភិរក្ស ដូចជាថ្មីៗនេះ រថយន្ត​បាកុង និងត្រាក់ទ័រ គោយន្តកន្ត្រៃមានដូចស្រមោច ពេញព្រៃ ត្រូវបាន​បញ្ជូនទៅ​កាប់ឈើ អូសជញ្ជូនឈើ ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃហាមឃាត់ ប៉ុន្តែ​សកម្មភាពនេះ​ត្រូវបានបរាជ័យ ខណៈសមត្ថកិច្ចចុះបង្ក្រាប និងសមត្ថកិច្ចមួយចំនួនផ្សេងទៀតមិនមែនចុះទៅបង្ក្រាបទេ គឺចុះទៅដេញ​ និងប្រាប់​ឲ្យក្រុម​ឡានបាកុង ក្រុមត្រាក់ទ័រ ក្រុមគោយន្តកន្ត្រៃ​ត្រឡប់ចេញពីព្រៃវិញ ដោយសារតែសកម្មភាពទាំងនេះបែកការដល់ថ្នាក់លើ ពិសេស​ពួកគេអាចទទួលបាននូវកញ្ចប់ទើប ភារកិច្ច តួនាទីបង្ក្រាប ទៅជា​ផ្តល់ព័ត៌មានឲ្យជនល្មើសចាកចេញពីតំបន់​ព្រៃឈើ ។

បច្ចុប្បន្នឧកញ៉ា សឹង សំអុល មានប៉េសេដឹកឈើ គាត់បានប្រើប្រាស់កងកម្លាំង ប្រដាប់អាវុធ កងសន្តិសុខ ធ្វើបំបាក់ក្រុមអ្នកសារព័ត៌មាន ប៉ុន្តែ​គេ​អាចស្គាល់អំពី​សកម្មភាពនៃការដឹកជញ្ជូនឈើនេះ ចៀសមិនផុតពី​ឧកញ៉ា សឹង សំអុល ដឹកលើសប៉េសេ ផ្ទុកលើសទម្ងន់ ទទួលទិញឈើមកពីខាងក្រៅក្រុមហ៊ុននោះជាការពិត ហើយ​ប្រជាពលរដ្ឋ​ហ៊ានទាំងអះអាងថា ទឹកដី​ខេត្តមណ្ឌលគិរី គឺស័ក្តិសិទ្ធិណាស់ បើរកស៊ីស្របច្បាប់នោះមិនអីទេ តែបំពាននឹងច្បាប់ ក៏មិនអាច​ទទួលបាននូវផលចំណេញដោយអំពើទុច្ចរិតនោះឡើយ ដូច្នេះបើឧកញ៉ា សឹង សំអុល មានច្បាប់គ្រប់គ្រាន់ហើយ ចាំបាច់អី​ទៅ​កេណ្ឌសមត្ថកិច្ច ក្រុមសន្តិសុខ តាមប្រមាញ់ ដេញចាប់​ប្រមាថ គំរាមកំហែងធ្វើបាបអ្នកកាសែត​ ដែលគ្នារកតែអង្ករច្រកឆ្នាំងសឹងមិនបានផងនោះ ៕ សុខ ខេមរា