ព័ត៌មានទាន់ហេតុការណ៍៖

ហេតុអ្វីព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលប្រាសាទអង្គរវត្ត?

ភ្នំពេញ ៖ តាមការព្យាករទុកនៅព្រលឹម ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ នេះនាវេលាម៉ោងប្រមាណ៥ទៅម៉ោង៦ ព្រឹកយើងនឹងមើលឃើញព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរ វត្តដែលហេតុការណ៍នេះបានទាក់ទាញ ចំណា​ប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនដែលចង់ឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យ ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។

អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ហេតុអ្វីមានព្រឹត្តិការណ៍បែបនេះកើតឡើង? តើជាព្រឹត្តិការណ៍មានពាក់ព័ន្ធអ្វីនឹងសំណង់ស្ថាបត្យកម្មអង្គរវត្តឬ? តទៅនេះគឺជាការពិចារណាដោយផ្អែកទៅលើចំណេះផ្នែក បុរាណវិទ្យានិងតារាសាស្ត្រដែលពន្យល់ ដោយលោក អឹុម សុខរិទ្ធី អ្នកស្រាវជ្រាវ បុរាណ​វិទ្យានិងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា។

ជាដំបូងលោក អឹុម សុខរិទ្ធី ពន្យល់ថា ចំណេះដឹងដែលសិក្សាអំពីព្រះអាទិត្យរះឡើងតាមកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះមិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។ បទសិក្សានោះគឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនឹងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្ត្រនៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរ វត្ត។
ដើម្បីយល់ពីរឿងនេះ លោក អឹុម សុខ រិទ្ធី ពន្យល់ថា ជាដំបូងគេត្រូវសិក្សាពីទម្រង់នៃចក្រវាលទូទៅ ហើយធៀបនឹងស្ថាបត្យកម្មនៃប្រាសាទអង្គរវត្ត។ អ្នកប្រាជ្ញបុរាណ បានរៀបចំអង្គរវត្តស្នងឲ្យរូបភាពបង្រួមរបស់ចក្រវាលនៅលើផែនដីតាមទម្រង់រូបវន្តដូចជាការរៀបចំឲ្យមានមហាសមុទ្រនិងជួរភ្នំព័ទ្ធជុំវិញមានទ្វីបទាំងបួននៅក្នុងចក្រវាលនិងភ្នំព្រះសុមេរុនៅចំកណ្តាលព្រមទាំង ដណើរវិវត្តន៍របស់ចក្រវាលជាដើម។

បើយើងយកចំណុចក្រោយនេះមក​ ពិចារ​ណាតាមរយៈក្បួនតារាសាស្ត្ររបស់ឥណ្ឌាអំពីអាយុកាលរបស់ចក្រវាលដែលមានបែងចែកជា៤យុគបន្តបន្ទាប់គ្នា។ យុគគឺជាវដ្តសង្សារនៃចក្រវាលទាក់ទងនឹងការកើត វិវត្តន៍និងបាត់បង់ទៅវិញ។ចន្លោះនៃយុគនីមួយៗមានអន្តរកាលមួយទើបកើតជាយុគថ្មីមួយទៀត។
មួយវដ្តនៃចក្រវាលមាន៤យុគដែលស្មើនឹង៤,៣២០,០០០ឆ្នាំមនុស្សនៅលើផែនដី ស្មើនឹង១២,០០០ឆ្នាំទិព្វប្រើនៅលើឋានសួគ៌ (១ឆ្នាំទិព្វឬសួគ៌ស្មើនឹង៣៦០ឆ្នាំ មនុស្សនៅលើផែនដី)។ មួយវដ្តនៃយុគ នេះហៅថាមហាយុគ១។ រយៈពេល២,០ ០០មហាយុគស្មើនឹងកល្ប១ហើយស្មើនឹង១យប់១ថ្ងៃរបស់ព្រះព្រហ្មដែលត្រូវស្មើនឹង៨,៦៤០,០០០,០០០ឆ្នាំមនុស្ស។

មហាយុគចែកជា៤យុគតូចៗដូចមានខាងក្រោម៖ ១-ក្រឹត្យយុគ (យុគមាស) មានអាយុកាល១.៧២៨.០០០ឆ្នាំមនុស្ស ស្មើនឹង៤.៨០០ឆ្នាំទិព្វ។ នាយុគនេះមនុស្សលោកមានអាយុវែងៗនិងមានសេចក្តីសុខបរិបូរណ៍, ២- ត្រេតយុគ (យុគប្រាក់) មានអាយុកាល១.២៩៦.០០០ឆ្នាំមនុស្ស ស្មើនឹង៣.៦០០ឆ្នាំទិព្វ។ មនុស្សរស់នៅក្នុងយុគនេះមានអាយុវែងមធ្យមនិងមានសេចក្តីសុខច្រើន, ៣-ទ្វាបរយុគ (យុគចំនួន លេខគត់គូ)មានអាយុកាល៨៦៤.០ ០០ឆ្នាំមនុស្សស្មើនឹង២,៤០០ឆ្នាំទិព្វ។ មនុស្សរស់នៅក្នុងយុគនេះមានអាយុវែងដែរនិងមានសេចក្តីសុខមធ្យម, ៤-កលិ យុគ (យុគប្រកបដោយទោសប្រកបដោយ ជម្លោះ)មានអាយុកាល៤៣២.០០០ឆ្នាំ មនុស្សស្មើនឹង១.២០០ឆ្នាំទិព្វ។ មនុស្ស រស់នៅក្នុងយុគនេះមានអាយុមិនច្រើន និងមានសេចក្តីសុខតិចតួច។ យុគនេះបានចាប់ផ្តើមហើយតាំងពីឆ្នាំ៣.១០៣មុន គ.ស.។

ទន្ទឹមនឹងនេះតាមក្បួនតារាសាស្ត្រ ឥណ្ឌាគេបែងចែកពេលវេលាដោយគិតទៅតាមដំណើរព្រះចន្ទនិងព្រះអាទិត្យ ទើបកើតមានជាចន្ទគតិនិងសុរិយគតិ។ ក្នុងដំណើរមួយគោចររបស់ព្រះអាទិត្យនេះ មួយ​ឆ្នាំត្រូវបែងចែកជា២ដំណើរគឺចំនួន ១៨៩ថ្ងៃ និងចំនួន១៧៦ថ្ងៃ។ ដោយសារអង្គរវត្តមានទាក់ទងនឹងវដ្តសង្សាររបស់ ចក្រវាលនោះតួលេខនៃអាយុកាលរបស់យុគនីមួយៗ ទាក់ទងទៅនឹងទំហំប្រវែងនៃរចនាសម្ព័ន្ធសំខាន់ៗរបស់អង្គរវត្តដែលអ្នកស្រាវជ្រាវបានស្វែងរកឃើញកន្លងមក។

NKD-36x6_outline

លោក អឹុម សុខរិទ្ធី ពន្យល់តាមរយៈលទ្ធផលនៃស្រាវជ្រាវនោះថា ខ្នាតដែលស្ថាបត្យករនិងវិស្វករបុរាណប្រើ គឺហត្ថ។ ប្រវែង របស់ហត្ថមិនដូចគ្នាទាំងអស់តាមជំនាន់ រាជការនីមួយៗទេ។ ពោលគឺសម័យអង្គរវត្ត រាជការប្រើខ្នាតរបស់ហត្ថមានប្រវែងស្មើ ០,៤៣៦ម៉ែត្រ។ តាមខ្នាតនេះយើងអាចស្វែងយល់បានអំពីប្រវែងរចនាសម្ព័ន្ធ សំខាន់ៗរបស់អង្គរវត្តដូច្នេះ៖ ១-ចម្ងាយស្ពានហាលឆ្លងកសិន្ធុនៅមុខអង្គរវត្តមានប្រវែង៤៣៩,៧៨ហត្ថ ២-ចម្ងាយរានហាលចាប់ពីគុកតារាជ្យដល់ថែវទី២ប្រវែង ៨៦៧,០៣ហត្ថ ៣-ចម្ងាយពីគុកតារាជ្យ ដល់ជណ្តើរទី១ឡើងបាកាន្តប្រវែង១.២៩៦,០៧ហត្ថ ៤-ចម្ងាយពីមុខនាគដល់ប្រាង្គកណ្តាលបាកាន្តប្រវែង១៧៣៤,៤១ហត្ថ ៥-រចនាសម្ព័ន្ធនៅជាន់បាកាន្តដែលមានប្រាង្គប្រាសាទឡើងកាត់កែងគ្នាដែលមានប្រវែងលិច-កើតចំនួន១៨៩ហត្ថ និងជើង ត្បូងប្រវែង១៧៦,៣៧ហត្ថ។ បើបូកចំនួន ទាំងពីរគឺសរុបបានចំនួន៣៦៥,៣៧ ហត្ថ។

បើយើងលើកលែងការឃ្លៀងឃ្លាតខ្លះដោយចេតនាដែលជាទំនៀមរបស់ជាង ចេញ​និងការបំពេញបង្គ្រប់ព្រមទាំងកាត់ ចំនួ​នសេសសល់ចេញតម្រូវឲ្យចំចំនួនគត់ មកវិញនោះយើងនឹងអាចយល់បានអំពី ទំនាក​់ទំនងនៃប្រវែងរចនាសម្ព័ន្ធសំខាន់​របស់អង្គរវត្តទៅនឹងអាយុកាលរបស់យុគនៃវដ្តសង្សារបស់ចក្រវាលទំនាក់ទំនងនោះអាចសង្ខេបមកដូច្នេះ​ ១-ចម្ងាយដំណើរ លើស្ពានហាលអាចប្រមាណនឹងអាយុកាលរបស់កលិយុគដែលមានរយៈពេល៤៣២.០០០ឆ្នាំ ២-ចម្ងាយដំណើរពីគុកតារាជ្យ ដល់ថែវទី២អាចប្រមាណនឹងអាយុកាល​របស​់ទ្វាបរយុគដែលមានរយៈពេល៨៦៤.០០០ឆ្នាំ ៣-ចម្ងាយដំណើរពីគុកតារាជ្យ ដល់ជណ្តើរទី១ឡើងបាកាន្តអាចប្រមាណនឹង អាយុកាលរបស់ត្រេតយុគដែលមាន​រយៈពេល១.២៩៦.០០០ឆ្នាំ ៤-ចម្ងាយ ដំណើ​រពីមុខនាគដល់ប្រាង្គកណ្តាលបាកាន្តអាចប្រមាណនឹងអាយុកាលរបស់ក្រឹត្យ យុគដែលមានរយៈពេល១.៧២៨.០០០ ឆ្នាំ ៥-រីឯប្រវែងនៅជាន់បាកាន្តដែលមាន សំណង់កាត់កែងគ្នាសរុបគឺ៣៦៥ហត្ថ ដែលរោងទងកាត់កែងលិច-កើតមាន ១៨៩ហត្ថនិងរោងទងជើង-ត្បូងមាន ១៧៦ហត្ថនោះវាត្រូវនឹងដំណើរគោចរ របស​់ព្រះអាទិត្យក្នុងរយៈពេល៣៦៥ថ្ងៃ ក្នុងមួយឆ្នាំ ដែលវិស័យតារាសាស្ត្រចែកជាពីរដំណើរគឺ១៨៩ថ្ងៃនិង១៧៦ថ្ងៃ។ តើហេតុអ្វីបានត្រូវបែងចែកជាពីរដំណើរគោចរ ដូច្នេះ? ហើយមានពាក់ព័ន្ធនឹងអង្គរវត្ត?

លោក អឹុម សុខរិទ្ធី ពន្យល់តាមក្បួន តារាសាស្ត្រថា ដោយសារក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ។ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់និងថ្ងៃមានរយៈពេលស្ទើរតែងស្មើគ្នានោះគឺនៅពេលដែលព្រះអាទិត្យគោចរបាន១៨៩ថ្ងៃម្តងដែលត្រូវនឹងថ្ងៃទី២០ឬ២១ខែមីនានិងពេលដែលព្រះអាទិត្យគោចរបាន១៧៦ថ្ងៃម្តងទៀតដែលត្រូវនឹងថ្ងៃទី២១ឬ២២ ខែកញ្ញា។ តាមក្បួនតារា សាស្ត្រសម័យទំនើបហៅបាតុភូតនេះថា Equinox (មកពីភាសាទ្បាតាំង aequus មានន័យថាស្មើនឹង nox គឺរាត្រី) ដែលមានគេប្រែសម្រួលជាភាសាជាតិថា”សមរា ត្រី”។ យើងក៏អាចសម្គាល់បានអំពីបាតុភូតនេះបានដែរ។ បើយើងឈរបែរមុខទៅកើត ត្រង់ក្នុងវេលាណាដែលមានព្រះអាទិត្យរះឡើងចំពីមុខយើងត្រង់ បន្ទាប់មកទៀតរះឡើងត្រង់ចំកណ្តាលក្បាលយើង ហើយធ្វើឲ្យស្រមោលនិងតួខ្លួនត្រួតស៊ីគ្នា។
ដោយគន់គូរតាមក្បួនតារាសាស្ត្រនិងលោកធាតុវិទ្យានេះហើយដែលស្ថាបត្យករបុរាណកសាងអង្គរវត្តឲ្យឆ្លុះប្រៀបនឹងចក្រវាលផងនិងវដ្តសង្សាររបស់ចក្រវាលផង ដោយយកប្រាង្គកណ្តាលនៃអង្គរវត្តជាគោលកណ្តាល និងជាចំណុចសូន្យសម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង១៨៩ថ្ងៃនិង បន្ត១៧៦ថ្ងៃព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង។ តាមតម្រានេះហើយទើបក្នុង មួយ​ឆ្នាំព្រះអាទិត្យតែងរះលូតឡើងត្រង់ តាមកំពូលកណ្តាលនៃអង្គរវត្ត២ដងក្នុង មួយឆ្នាំជាទៀងទាត់។

សមរាត្រីជាក់ស្តែងនាខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀល ម៉ោង២និង២១នាទីម៉ោងសកលដែលត្រូវនឹងវេលានៅស្រុកខ្មែរនាយប់ម៉ោង៩ និង២១នាទី។ ប៉ុន្តែព្រឹត្តិការណ៍នៃព្រះ អាទ​ិត្យរះទ្បើងតាមនិងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងនៅព្រឹក ព្រលឹម​ស្រាងៗនាថ្ងៃបន្ទាប់ពោលគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។ ជាការសង្ខេបមក វិញ ការរះឡើងនៃព្រះអាទិត្យតាមនិង ចំលើ​កំពូលកណ្តាលរបស់អង្គរវត្តមិនមែនជារឿងចៃដន្យឬជាអព្ភូតហេតុនោះទេ តែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាងត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរនាសម័យអង្គរ៕

angkorwat