ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីន, ថៃសាទរការបោះឆ្នោតស្របពេលរដ្ឋមន្ត្រីការបរទេស២ប្រទេសបំពេញទស្សនកិច្ចនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលហ្វុីលីពីនបាន សម្តែងការអបអរសាទរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែ កក្កដាកន្លងទៅ និងបានប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា។ ស្របពេលជាមួយគ្នានេះក៏មាន រដ្ឋមន្ត្រីការបរទេស២ប្រទេសមកបំពេញ ទស្សនកិច្ចនៅកម្ពុជាផងដែរ ។

យោងតាមលិខិតជូនព័ត៌មានរបស់ ក្រសួងការបរទេសដែលបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិ យាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវ នឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ បានឲ្យ ដឹងថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ លោក អាឡាន ភីធ័រ ស.ខាយ៉េតាណូ រដ្ឋ មន្ត្រីការបរទេសហ្វុីលីពីនបានផ្ញើលិខិត មកកាន់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិសម្តែងការអបអរសាទរ ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ។

ក្នុងលិខិតនោះរដ្ឋមន្ត្រីការបរទេសហ្វុីលីពីន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាម ឯកឧត្តមប្រធានាធិបតី រូឌ្រីហ្គោ ឌុយទែរតេ និងប្រជាជនហ្វុីលីពីនខ្ញុំសូមអបអរសាទរ រដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះការបោះឆ្នោតនាពេលថ្មីៗនេះដែលបានប្រព្រឹត្ត ទៅប្រកបដោយសន្តិភាព និងមានសណ្តាប់ ធ្នាប់» ។

ក្នុងលិខិតនោះរដ្ឋមន្រ្តីការបរទេសហ្វុីលីពីនបានបញ្ជាក់ទៀតថា ហ្វុីលីពីននៅតែប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជាដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជាមិត្តភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ ។

ជាមួយគ្នានេះនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា ក៏បានផ្ញើសារលិខិតមួយ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជា ជនកម្ពុជាដែលទទួលបានជ័យជម្នះ និងការគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិ កាលទី៦ដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨កន្លងទៅ ។

នៅក្នុងសារលិខិតរបស់លោកនាយក រដ្ឋមន្រ្តីថៃដែលបានផ្សព្វផ្សាយកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរដ្ឋាភិបាល និង ប្រជាជនថៃខ្ញុំមានកិត្តិយសសូមសម្តែងនូវក្តីអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជម្នះយ៉ាងច្រើនលើសលប់ក្នុងការបោះឆ្នោតជ្រើសរើសតំណាង រាស្រ្ត» ។

លោក ប្រាយុទ្ធ ចាន់អូឆា បានបង្ហាញ ជំនឿចិត្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន និងអាណត្តិ ថ្មីរបស់សម្តេចតេជោ ប្រទេសកម្ពុជានឹង បន្តរីកចម្រើននាឆ្នាំបន្តបន្ទាប់ទៀតខាងមុខ។ លោកសូមអបអរសាទរផងដែរ ចំពោះសម្តេចតេជោ និងអាជ្ញាធរមានសមត្ថ កិច្ចពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ចំពោះ ការរៀបចំការបោះឆ្នោតប្រកបដោយជោគជ័យខាងលើ ។

លោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា «ប្រទេសថៃក្នុងនាមជាអ្នកជិតខាងមួយដ៏ជិតស្និទ្ធសូមបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាពយូរអង្វែង និង កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជនយើងទាំង២។ សូមសម្តេចតេជោទទួលការ គោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ» ។

សូមបញ្ជាក់ថា ហ្វុីលីពីនជាប្រទេស សមាជិកអាស៊ានទី៣ហើយដែលបាន ប្រកាសគាំទ្រដំណើរការបោះឆ្នោតនៅ កម្ពុជាបន្ទាប់ពីប្រទេសឡាវ និងវៀត ណាម។ ក្រៅពីប្រទេសសមាជិកអាស៊ានទាំង៣នេះប្រទេសចិន និងអង្គការអន្តរជាតិមួយចំនួនទៀតក៏បានប្រកាសគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជាផងដែរ ។

ជាមួយគ្នានេះក៏មានរដ្ឋមន្ត្រីក្រសួងការបរទេស២ប្រទេសបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ នេះជាទស្សនកិច្ចមុនគេ បង្អស់របស់ប្រមុខការទូតបរទេសដែល មកកាន់ប្រទេសកម្ពុជានៅក្រោយការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិ

ទី៦ដែលលទ្ធផលបឋមបង្ហាញថា គណ បក្សប្រជាជនកម្ពុជានឹងបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតទៅទៀត ។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាលោកស្រី ល្វីស មុស៊ីគីវ៉ាបូ រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការ និងសហគមន៍អាហ្វ្រិកបូព៌ានៃសាធារណ រដ្ឋវ៉ូវ៉ាដា និងលោក ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋហ្គីណេដែលមកបំពេញទស្សនកិច្ចនៅកម្ពុជានឹងជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៩ ខែ សីហា ឆ្នាំ២០១៨ ។

កិច្ចប្រជុំនេះនឹងផ្តោតទៅលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការក្រុម ប្រទេសនិយាយភាសាបារាំង និងការស្វែងយល់ការគាំទ្ររបស់កម្ពុជាចំពោះបេក្ខភាពលោកស្រី ល្វីស មុស៊ីគីវ៉ាបូ ជាអគ្គលេខា ធិការអង្គការក្រុមនិយាយភាសាបារាំងដែល ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ខាងមុខ នេះនៅប្រទេសអាម៉េនី ។

សូមបញ្ជាក់ថា ក្រៅពីបំពេញទស្សន កិច្ចនៅកម្ពុជាលោកស្រី ល្វីស មុស៊ីគីវ៉ាបូ និងលោក ម៉ាម៉ាឌី ទូរ៉េ បានផ្តើមបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសនិយាយភាសាបារាំងនៅឥណ្ឌូចិនដូចជា ឡាវ និងវៀត ណាមដើម្បីស្វែងរកគាំទ្រសម្រាប់បេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង ៕ ហេង សូរិយា