ព័ត៌មានទាន់ហេតុការណ៍៖

ហ្វេសប៊ុកទម្លាយថា NDI រៀបចំយុទ្ធសាស្ត្រជួយ CNRP ដើម្បីផ្តួលរំលំបក្សកាន់អំណាច

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៧ តាមរយៈឯកសារបណ្តុះ បណ្តាលរបស់ NDI (វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា) រៀបចំសម្រាប់CNRP នៅខែមីនា ឆ្នាំ២០១៧ បានបង្ហាញយ៉ាង ច្បាស់ពីគម្រោងផែនការទុច្ចរិតដែលអង្គការក្រៅរដ្ឋាភិបាលមួយនេះរៀបចំយុទ្ធ សាស្ត្រ និងល្បិចកលសម្រាប់ជួយគណ បក្សសង្គ្រោះជាតិ(CNRP)ដើម្បីដណ្តើមប្រៀបឈ្នះលើបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី។ នេះបើតាមឯកសារបែកធ្លាយនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមួយឈ្មោះ «កូនខ្មែរ» ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង របស់ហ្វេសប៊ុកឈ្មោះ«កូនខ្មែរ» ៖

បែកធ្លាយ NDI រៀបចំយុទ្ធសាស្ត្រ ជួយ CNRP ផ្តួលរំលំបក្សកាន់អំណាច

តាមរយៈឯកសារ បណ្តុះបណ្តាលរបស់ NDI (វិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅ កម្ពុជា)រៀបចំសម្រាប់ CNRP នៅខែមីនា ឆ្នាំ២០១៧ ដែលយើងខ្ញុំទើបតែទទួលបាន គឺបង្ហាញយ៉ាងច្បាស់ពីគម្រោងផែនការ ទុច្ចរិតដែលអង្គការក្រៅរដ្ឋាភិបាលមួយនេះ រៀបចំយុទ្ធសាស្ត្រនិងល្បិចកលសម្រាប់ជួយ CNRPដើម្បីដណ្តើមប្រៀបឈ្នះលើ បក្សប្រជាជនកម្ពុជាដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

វគ្គបណ្តុះមនោគមវិជ្ជារបស់NDIរយៈពេលពីរថ្ងៃ (ពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ ២០១៧) នៅសណ្ឋាគារសាន់វ៉េ រាជធានី ភ្នំពេញមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ របស់CNRPក្នុងនោះមានលោក កឹម សុខា ប្រធានគណបក្ស, លោក ប៉ុល ហំម, លោក ស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំCNRP សំខាន់ៗជាច្រើនរូបរួមទាំងសកម្មជនឈានមុខរបស់បក្សនេះ ។

ប្រភពពីមន្ត្រីផ្ទៃក្នុងបក្សសង្គ្រោះជាតិ ដែលបានទៅចូលរួមវគ្គបណ្តុះបណ្តាល រៀបចំដោយNDIនេះនិងយោងលើឯកសារសម្រាប់បង្រៀនរបស់ NDIបានបង្ហាញឱ្យ យើងខ្ញុំដឹងថា NDI បានណែនាំCNRP ឱ្យប្រើពាក្យស្លោកជាផ្លូវការនិងជំរុញឱ្យឃោសនាតៗគ្នាថាការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខគណបក្សសង្គ្រោះជាតិនឹងឈ្នះ។

យោងតាមឯកសារបែកធ្លាយនេះគណបក្សសង្គ្រោះជាតិនឹងផ្សព្វផ្សាយសារនេះ ចាប់ពីពេលឥឡូវតទៅ ជាពិសេសបង្កើន ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមឱ្យខ្ទរខ្ទាឡើង៥ថ្ងៃមុនការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាង មុខ។ តាមផែនការ NDI បានប្រាប់នូវល្បិច កលនេះទៅCNRP ឱ្យរកប្រព័ន្ធផ្សព្វផ្សាយដែលតែងតែវាយប្រហារលើរដ្ឋាភិបាល។ ឧទាហរណ៍ Cambodia Daily, Phnom Penh Post និងវិទ្យុដែលទទួលលុយជំនួយពីប្រទេសមហាអំណាចចុះផ្សាយសារនយោ បាយនេះនៅទំព័រមុខនិងឱ្យសហការជា មួយវិទ្យុទាំងនោះដើម្បីផ្សព្វផ្សាយឱ្យបានខ្លាំងក្លានៅមុនថ្ងៃប្រកាសលទ្ធផលបោះឆ្នោត​ ។

សកម្មជន CNRPដែលចូលរួមក្នុងការប្រជុំជាមួយNDI នោះបានប្រាប់ថា NDI មានជំនឿជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយសារថាបក្សសង្គ្រោះជាតិឈ្នះឆ្នោត គេនឹងនាំគ្នានិយាយតៗគ្នាពីម្នាក់ទៅម្នាក់ ក្នុងអ្វីមួយដែល NDI ចាត់ទុកថា ជាយុទ្ធ សាស្រ្តមួយដ៏មានឥទ្ធិពលបូកបញ្ចូលជាមួយ ការប្រើប្រាស់ឧបករណ៍ចម្រុះ ជាពិសេសបណ្តាញផ្សព្វផ្សាយសង្គមថ្មីដោយអះអាងប្រាប់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិថា «រៀប ចំយុទ្ធសាស្ត្រស៊ីជម្រៅប៉ុណ្ណឹងហើយ បើ CNRP នៅតែចាញ់ឆ្នោតគឺមកពីបក្សកាន់អំណាចជាអ្នកបោកប្រាស់» ( I think you can win the next election. Failure to do so will be caused by CPP cheats) ។

លើសពីនេះទៅទៀតនៅក្នុងឯកសារ នោះNDIក៏បានរៀបចំផែនការយុទ្ធសាស្ត្រជាជំហានៗ និងរចនាសម្ព័ន្ធយ៉ាងច្បាស់ លាស់ឱ្យ CNRP និងបញ្ជាឱ្យបក្សនេះត្រូវតែអនុវត្តតាមដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជាតិ ។

យើងខ្ញុំសូមបញ្ចេញឯកសារសម្ងាត់ មួយចំនួនសិនចុះដែលបង្ហាញយ៉ាងច្បាស់ថា NDI ពិតជាបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ជាពិសេសបានចូលជ្រៅ និង សហការយ៉ាងពេញលេញទាំងគំនិតនិងយុទ្ធសាស្រ្តដើម្បីជួយបក្សប្រឆាំងក្នុងការបោះឆ្នោតជាច្រើនអាណត្តិមកហើយដែលក្នុងនោះមិនមែនមានតែអង្គការNDI មួយ ប៉ុណ្ណោះទេគឺមានអង្គការមួយចំនួនទៀតបាននៅពីក្រោយខ្នងបក្សប្រឆាំង ។

ការពិនិត្យទិដ្ឋភាពផ្លូវច្បាប់អំពីឯករាជ្យភាព និងសកម្មភាពរបស់ NDI យ៉ាងណា នោះយើងខ្ញុំយល់ថា ជាសមត្ថកិច្ចរបស់ ក្រសួងមហាផ្ទៃ ៕ ហេង សូរិយា