ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់បានស្លាប់ និង១០នាក់ទៀតរងរបួសធ្ងន់និងស្រាលដោយសាររថយន្ដក្រុងក្រុមហ៊ុនស៊ុនអូខុង បើកធ្លាក់ពីស្ពាន

ខេត្តសៀមរាប៖ រថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន ស៊ុនអូខុង បើកធ្លាក់ ពីលើស្ពានបេតុង នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ស្ពានថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប កាលពីវេលាម៉ោង ៣និង៣០ នាទី ទៀបភ្លឺ ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ។

សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថា យ៉ាងហោចមនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុ និង១០នាក់ទៀតរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តក្រុងបើកធ្លាក់ពីលើស្ពាន។

ប្រភពបន្តថា ករណីនេះបង្កដោយរថយន្តក្រុងស្លាកលេខ៣D៥២៨៩ បើកបរក្នុងទិសដៅពីកើតមកលិច បើកធ្លាក់ស្ពានដោយខ្លួនឯង បណ្ដាលឲ្យស្លាប់មនុស្សចំនួន៣នាក់(ប្រុស) និងរបួសមនុស្ស ធ្ងន់និងស្រាលប្រុស ស្រី ចំនួន១០នាក់ ទៀត។ ជនរងគ្រោះទាំងអស់ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅមន្ទីរពេទ្យស្រុកសូទ្រនិគម និងសៀមរាបដោយ មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយ។

មូលហេតុ អ្នកបើកបររថយន្តងងុយដេក ( ងោក ) បណ្ដាលឲ្យរថយន្តធ្លាក់ផ្លូវ បុកជាប់នឹងស្ពាន ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងរកមធ្យាបាយស្ទួចរថយន្ត ដើម្បីយកសាកសពដែលគាបជាប់នឹងស្ពានមិនទាន៎បាននៅឡើយ៕ ប៊ុន រិទ្ធី