ព័ត៌មានទាន់ហេតុការណ៍៖

ឡានក្រុង​បុក​ជាមួយ​ឡាន​ដឹក​ដំឡូង​ ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ស្រាល​ជាង​ ១០​នាក់​

​ខេត្តក្រចេះ​ ៖​ យ៉ាង​ហោច​ណាស់​ បុរស​ម្នាក់​ជា​ព្រូ​រថយន្ត​ បាន​ស្លាប់​យ៉ាង​រន្ធត់​ និង​ជាង​ ១០​នាក់​ទៀត​ បាន​រង​របួសធ្ងន់​ស្រាល​ ដោយសារ​រថយន្ដក្រុង​ របស់​ក្រុមហ៊ុន​វៀតណាម​ បើក​លឿន​មិន​ប្រយ័ត្ន​ បាន​ជ្រុល​ទៅ​បុក​ ជាមួយ​រថយន្ដ​ដឹក​ដំឡូង​កាលពី​វេលា​ម៉ោង​ ៩​និង​៣០​ នាទី​ ព្រឹក​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​វេ​ល​ ឃុំ​២​ធ្នូ​ ស្រុក​ស្នួល​ ខេត្ដក្រចេះ​។​

សមត្ថកិច្ច​ ដែល​ចុះ​ទៅ​វាស់វែង​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ រថយន្ដក្រុង​ដឹក​អ្នកដំណើរ​ ជា​ជនជាតិ​វៀតណាម​ បាន​ធ្វើ​ដំណើរ​ ចេញពី​ទីរួមខេត្ដ​ក្រចេះ​ លុះ​ពេល​មក​ដល់​ ភូមិសាស្ត្រ​ឃុំ​ ២​ធ្នូ​ បាន​បុក​ជាមួយ​រថយន្ត​ ដឹក​ដំឡូង​លាន់​ដូច​រន្ទះ​ បណ្ដាល​ឱ្យ​ព្រូ​រថយន្ដក្រុង​ ជា​ជនជាតិ​វៀតណាម​ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ រីឯ​អ្នក​បើករថយន្ដ​ ដែល​ជា​ជនជាតិ​វៀតណាម​ ដូច​គ្នា​នោះ​ បាន​រង​របួស​ដាច់​ជើង​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​ ភ្លាមៗ​ផង​ដែរ​។​

ដោយឡែក​ អ្នកដំណើរ​ដែល​ជិះ​ នៅ​លើ​រថយន្ដក្រុង​ ដែល​ស្ថិត​ក្នុង​ភាព​តក់ស្លុត​ បាន​រង​របួសធ្ងន់​ស្រាល​ ចំនួន​ ១១​នាក់​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ ជួយ​សង្គ្រោះ​បឋម​ និង​បញ្ជូន​ទៅ​កាន់​ មន្ទីរពេទ្យ​ផង​ដែរ​។​ សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ ពី​អត្តសញ្ញាណ​ជន​រង​គ្រោះ​ នៅឡើយ​ទេ​ ខណៈ​ដែល​អ្នក​បើក​ រថយន្ដ​ដឹក​ដំឡូង​ ដែល​ជា​ភាគី​បង្ក​ បាន​រត់គេច​ខ្លួន​បាត់​ បន្សល់​ទុក​តែ​រថយន្ត​ ដែល​ខូចខាត​ នៅ​កន្លែង​កើតហេតុ​ ៕

Narin

Narin1