ព័ត៌មានទាន់ហេតុការណ៍៖

ឡានធុនធំបើកជែងគ្នាទៅបុកម៉ូតូស្លាប់ម្នាក់ ពួកបង្ករត់គេចបាត់អស់

ខេត្តតាកែវ៖ ឡានធុនធំបើកជែងគ្នាទៅបុកម៉ូតូស្លាប់ម្នាក់ ពួកបង្ករត់គេចបាត់ស្រមោលមិនទទួលខុសត្រូវ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពីថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅ​ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ៤៦-៤៧ ក្នុងភូមិ​ត្រពាំង​ឈូក ឃុំ​សូ​ភី ស្រុក​បា​ទី ខេត្តតាកែវ។

សាក្សីថា មុនពេល​កើតហេតុ មាន​ឃើញ​រថយន្ត១គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0266 ធ្វើដំណើរ​ពីរ​ជើង​ទៅ​ត្បូង។ លុះ​មកដល់​ចំណុចកើតហេតុ បាន​បើក​វ៉ា​រថយន្ត១គ្រឿង​ទៀត ស្របពេលនោះ ស្រាប់​តែមាន​ម៉ូតូ១គ្រឿង ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-5548 បត់​ឆ្លងថ្នល់ ធ្វើ​ឲ្យ​ចាប់​ហ្វ្រាំង​មិន​ជាប់ ជ្រុល​បុក​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់ បោក​ក្បាល​ទៅនឹង​ថ្នល់​ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ​តែម្តង។ ចំណែក​ម្ចាស់​រថយន្ត​បង្ក ព្រមទាំង​ព្រូ ក្រោយ​ឃើញ​សភាពការណ៍​មិន​ស្រួល បាននាំគ្នា​ចុះ​ពី​រថយន្ត រត់គេចខ្លួន​បាត់ស្រមោល។

NKD-36x6_outline

ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះទេ មាន​អាយុ​ប្រហែល​ជាង២០ឆ្នាំ ប៉ុន្តែ​គេ​ដឹងថា រស់នៅ​ភូមិ​ព្រៃ​តា​មួ​ត ស្រុក​គង់​ពិសី ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍ បាន​ចុះ​មកដល់​ធ្វើការ​វាស់វែង ហើយ​បានប្រគល់​សព​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕