ព័ត៌មានទាន់ហេតុការណ៍៖

ឡិចស៊ីសបុក​អាព្រូស សង៤៥០ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុ

ភ្នំពេញ៖ រថយន្តពីរគ្រឿង បុកគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង១០យប់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវកម្ពុជាក្រោម ខាងមុខសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធ និងកូនតូចម្នាក់ បានបើករថយន្តតូយ៉ូតាព្រុស ពណ៌ស គ្មានស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX ៣០០ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2U-4058 បើកបរដោយបុរសម្នាក់ រួមដំណើរនឹងនារីម្នាក់ទៀត បើកបរក្នុងទិសដៅស្របគ្នាបានបុករថយន្តតូយ៉ូតាព្រូសចំហៀងពីក្រោយ បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីបង្កចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន៤៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕ ជ្រោយពេជ្រ