ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ឡើងកាប់ផ្លែត្នោតភ្លាត់ស្នៀតធ្លាក់ស្លាប់យ៉ាងរន្ធត់នៅស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖ បុរសវ័យម្នាក់បានធ្លាក់ពីលើចុងដើមត្នោតស្លាប់ភ្លាមៗយ៉ាងរន្ធត់ នៅគ្រាដែលជនរងគ្រោះព្យាយាមឡើងកាប់យកផ្លែទាំងដើមអត់មានបង្អោង នេះបើតាមការបញ្ជាក់ពីអាជ្ញាធរសមត្តកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលលាច។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង៣០នាទី ព្រលប់ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចដើមត្នោតក្បែរភូមិ ស្ថិតក្នុងភូមិតានុក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពពីអាជ្ញាធរមានសមត្តកិច្ចខាងលើបន្តថា ជនរងគ្រោះឈ្មោះ នូ ប៊ន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយគេឃើញជនរងគ្រោះព្យាយាមឡើងដើមត្នោត ១ដើមដែលមានកម្ពស់ខ្ពស់គួរសម បើទោសជាដើមត្នោតដែលគាត់ឡើងនោះគ្មានបង្អោងក៍ដដោយ ដើម្បីក្នុងគោលបំណងឡើងទៅបេះផ្លែត្នោតនោះ លុះឡើងទៅដល់ចំណុចកនៃដើមត្នោត មិនដឹងជាយ៉ាងមុិចស្រាប់តែរបូតដៃធ្លាក់មកដីស្លាប់ភ្លាមៗបែបនេះតែម្ដង។

ប្រភពដដែលបន្តទៀតថា ក្រោយកើតហេតុបន្ទាប់ពីទទួលបានព័ត៌មាននេះ ស្ថាប័នជំនាញពាក់ព័ន្ធ បានសហការគ្នាចុះស្រាវជ្រាវ និងពិនិត្យ ហើយធ្វើកំណត់ហេតុត្រឹមត្រូវដើម្បីប្រគល់សាកសពជូនក្រុមគ្រួសារ ទទួលទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន