ព័ត៌មានទាន់ហេតុការណ៍៖

ឡើងបេះផ្លែសំរ៉ងរបូតដៃធ្លាក់លើដីស្លាប់យ៉ាងអាណោចអាធ័មពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព

ខេត្តរតនគិរី ៖ បុរសម្នាក់ឡើងបេះផ្លែសំ​រ៉ងមិនប្រយ័ត្នក៏របូតដៃធ្លាក់មកដីបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកវ៉ើនសៃ ។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ២៥៦២ ត្រូវ​នឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨​ នៅត្រង់ចំណុច​ភ្នំអូរឡាឡៃ ជាប់ព្រំប្រទល់​ប្រទេស​ឡាវ ស្ថិតនៅ​ក្នុងភូមិ​ឡា​ឡៃ ឃុំ​កុក​ឡាក់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

ប្រភពពីមន្ត្រីនគរបាល​ស្រុកវ៉ើនសៃបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ក្រ វែង ភេទ​ប្រុស អាយុ​២៥ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំកើតហេតុខាងលើ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយស្លាប់ពេលបញ្ជូនមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព ។

ប្រភពបន្តថា បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារសាច់ញាតិបានដឹកបញ្ជូនតាមម៉ូតូយកមកសង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព​ស្រុកវ៉ើនសៃហើយក៏ដាច់ខ្យល់​ស្លាប់​តែម្តង ។

ក្រោយដាច់ខ្យល់ស្លាប់ សាកសពត្រូវបានតម្កល់នៅមណ្ឌលសុខភាពស្រុកវ៉ើនសៃរង់ចាំបងប្អូនមកទទួលយក​ទៅធ្វើ​បុណ្យ​តាមប្រពៃណី ៕ ជីវន្ត