ព័ត៌មានទាន់ហេតុការណ៍៖

អគារកម្ពស់២៦ជាន់នៅទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល ត្រូវភ្លើងឆេះហើយបាក់រលំ

អគារកម្ពស់២៦ ជាន់បានដួលរលំបន្ទាប់ពីអណ្តាតភ្លើងបានឆាបឆេះនៅទីក្រុងដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល សៅប៉ូឡូ ដោយបានសម្លាប់មនុស្សយ៉ាងតិចម្នាក់។

អ្នកពន្លត់អគ្គីភ័យជាង១៥០នាក់កំពុងតែប្រយុទ្ធនឹងអគ្គិភ័យដែលគេគិតថា បានបង្កឡើងដោយការផ្ទុះឧស្ម័ន។

ហានិភ័យបានកើនឡើងខ្ពស់ខណៈក្រុមអ្នកពន្លត់អគ្គីភ័យ ព្រួយបារម្ភថា មានមនុស្សជាច្រើននាក់ទៀតអាចជាប់គាំងនៅនៅខាងក្នុងអគារនេះ។

សាក្សីបាននិយាយថាអណ្តាតភ្លើងបានឆេះរីករាលដាលយ៉ាងឆាប់រហ័សពីជាន់ក្រោមមួយ ហើយអាគារនៅជាប់គ្នានោះចាប់ផ្តើមឆាបឆេះរាលដាលតែម្តង។

មានចំនួន៥០គ្រួសារបានផ្លាស់ប្តូរចូលទៅរស់នៅក្នុងអគារ នៅក្នុងតំបន់ Largo do Paissandu នៃទីក្រុងខាងលើនេះ បន្ទាប់ពីកម្លាំងប៉ូលីសនៃសហព័ន្ធប្រេស៊ីល ប្រើប្រាស់អគារនេះ ខណៈត្រូវបានបោះបង់ចោលកាលពីប៉ុន្មានឆ្នាំមុន ។

អ្នកពន្លត់អគ្គីភ័យបានជម្លៀសជនរងគ្រោះចេញពីកំពស់ខ្ពស់បំផុត ប៉ុន្តែនៅពេលធ្វើសកម្មភាពជម្លៀសអ្នកចុងក្រោយបំផុតនោះ អគារនេះបានដួលរលំសម្លាប់បុរសម្នាក់នោះតែម្តង។

អ្នកពន្លត់អគ្គិភ័យ Max Mena បាននិយាយថា: «បញ្ហាតែប៉ុន្មានវិនាទីប៉ុណ្ណោះ ប៉ុន្តែយើងមិនអាចជួយសង្គ្រោះគាត់បានទេ »។

ស្ត្រីម្នាក់អាយុ 58 ឆ្នាំដែលរស់នៅជាន់ទី ៤នៃអគារនេះ បានប្រាប់កាសែត Folha ថា “មានអារម្មណ៍ថា ដូចជារលកយក្សស៊ូណាមីនៅពេលដែលអគារនេះបានដួលរលំ” ។ “ខ្ញុំមិនអាចយកអ្វីបានមកតាមខ្លួនខ្ញុំទេ ” ។

អ្នកស្រី Deise Silva អាយុ៣១ឆ្នាំបានប្រាប់ Folha ថា នាងដេកលក់នៅក្នុងបន្ទប់មួយជាមួយកូនប្រាំនាក់របស់នាង នៅពេលនាងបានក្រោកឡើង ដោយស្រែកយំ។

នាងបាននិយាយថា “នៅពេលមនុស្សប្រាប់ខ្ញុំថា មានភ្លើង ខ្ញុំភ្ញាក់ឡើងហើយរត់ទៅ ។

សណ្ឋាគារក្បែរនោះ ត្រូវបានគេជម្លៀសចេញ ។ អ្នកទទួលភ្ញៀវក្នុងសណ្ឋាគារបានប្រាប់កាសែត Folha ថា គាត់ត្រូវបានគេប្រាប់ឱ្យដឹងពីភ្លើងឆេះដោយសម្លេងស្រែក។

«ដំបូងខ្ញុំគិតថាវាជាការប្រយុទ្ធមួយ ប៉ុន្តែបន្ទាប់មកខ្ញុំលឺមនុស្សស្រែកថា “ចូរចេញទៅក្រៅ!” ។

អគ្គីភ័យបានចាប់ផ្តើមនៅវេលាម៉ោង១និង២០នាទី ម៉ោងនៅក្នុងតំបន់ ដោយមានអណ្តាតភ្លើងឆេះយ៉ាងលឿន។

អភិបាលក្រុងសៅប៉ូឡូ លោក MárcioFrançaបាននិយាយថា អាគារនេះគឺជាគ្រោះថ្នាក់មួយ ដែលកំពុងរង់ចាំតែកើតឡើង ប៉ុន្តែប្រជាពលរដ្ឋខ្លួនឯងបានជំទាស់នឹងការចាកចេញពីអគារនេះ ។

“ផ្ទះបែបនោះគឺមិនអាចរស់នៅបានទេ ការស្នាក់នៅទីនោះ កំពុងតែស្វែងរកបញ្ហា” ភ្លើងឆេះ។

លោក Capt Marcos Palumbo នៃកងពន្លត់អគ្គីភ័យសៅប៉ូឡូ បាននិយាយថា ការកែលម្អជួសជុល ដែលធ្វើឡើងដោយប្រជាជនបានធ្វើឱ្យភ្លើងឆេះកាន់តែលឿន ។ មានអណ្តូងខ្យល់បានបង្កើតជាបំពង់ផ្សែង ហើយវាក៏មានសំភារៈដុតជាច្រើនដូចជាឈើ និងក្រដាសដែលជួយដុតភ្លើងងាយនឹងឆាបឆេះ ” ។

ក្រុមមន្ត្រីនិយាយថា អាគារទី២ បច្ចុប្បន្នមិនមានហានិភ័យនៃការដួលរលំនោះទេ។

អ្នកពន្លត់អគ្គីភ័យបានឡោមព័ទ្ធជុំវិញតំបន់ដ៏ធំមួយនេះដែលត្រូវអគ្គិភ័យឆាបឆេះ។

កាលពីឆ្នាំមុនផ្ទះរាប់សិបខ្នងត្រូវបានបំផ្លិចបំផ្លាញដោយអគ្គីភ័យនៅក្នុងទីក្រុងនោះផងដែរ ៕ ថាច់ យ៉ាត