ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចុះបំពេញបេសកកម្ម​រយៈពេល៤ថ្ងៃ ពិនិត្យការងារនៅតាមបណ្តាអង្គភាព ក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ខេត្តព្រះសីហនុ៖ ដើម្បីពង្រឹងការងារ​ ក៏ដូចជាអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន​ចុះបំពេញបេសកកម្ម​ពិនិត្យការងារនៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងខេត្តចំនួន៣ គឺខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តតាកែវ ចាប់ពីថ្ងៃទី១៦ ដល់១៩ ខែឧសភា ឆ្នាំ២០១៨ ។

លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទៅកាន់​ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ហើយព្រឹកថ្ងៃទី១៧ ខែឧសភា នេះ អគ្គបណ្ឌិតសភាចារ្យ ក៏បានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាខាគយ និងរដ្ឋាករគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងត្រួតពិនិត្យការិយាល័យក្នុងអគារ ជាមួយប្រតិភូអមដំណើរ និងបន្តប្រជុំការងារ សាខាគយ និងរដ្ឋាករ សាខាពន្ធដារ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថ និងរតនាគារខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង នៅទីស្នាក់ការសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ។

បន្ទាប់ពីកិច្ចប្រជុំការងារ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ក៏បានបន្តចុះពិនិត្យ​ដំណើរការ​ម៉ាស៊ីស្កេន និងទីតាំង​ចរនាវាល្បាតគយ ។ មន្ត្រីអមដំណើរ​បានឲ្យដឹងថា គម្រោងនៅថ្ងៃទី១៨ និង១៩ ខែឧសភាខាងមុខនេះ លោកអគ្គបណ្ឌិតសភាចារ្យ​ នឹងត្រូវដឹកនាំប្រតិភូអមដំណើរ ចុះពិនិត្យ និងទស្សនាកំពង់ផែព្រែកត្នោត និងរោងម៉ាស៊ីនកិនស្រូវ គីស្តាលរិក ទស្សនាកំពង់ផែប្រេង PAPA Petroliun ហើយបន្តទស្សនកិច្ចការងារ និងសកម្មភាពផ្សេងៗ នៅក្នុងខេត្តកែប និងខេត្តកំពត ៕ សុខ ខេមរា