ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការដ្ឋាននគរបាលជាតិបង្កើតក្រុមព័ត៌មានHOTLINEជាមួយជនបរទេស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ លោក ថោង លីម បានដឹកនាំកិច្ចប្រជុំស្តីពីលទ្ធផលការអនុវត្តតាមផែនការរបស់ក្រសួងមហាផ្ទៃលេខ០១១ផក និងផែនការណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលេខ០២៦ផក របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ HOTLINE ជាមួយជនបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍បានផ្តោតសំខាន់ថា ក្រោយពេលដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស គឺជាពេលវេលាដ៏អំណោយផលមួយដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា វិស័យវិនិយោគ និងវិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារជូនប្រពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិយ៉ាងច្រើន។

ស្ថិតក្នុង បរិយាកាសដែលសភាពការណ៍ពិភពលោក សភាពការណ៍ក្នុងតំបន់មានការប្រែប្រួលស្មុគស្មាញគួរឲ្យកត់សំគាល់ ទាំងស្ថានភាពភេវរកម្ម ជម្លោះសមុទ្រចិននៅខាងត្បូង ជម្លោះនៅឧបទ្វីបកូរ៉េ កំដៅនយោបាយការបរទេសរបស់បណ្តាប្រទេសមហាអំណាច ក្រសួងមហាផ្ទៃបានចេញផែនការលេខ០១១ផក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ស្តីពីការការពារសន្តិសុខ សុវតិ្ថភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស។

របាយការណ៍បានបន្តថា ឆ្លើយនឹងផែនការលេខ០១១ផក អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញនូវផែនការណែនាំលេខ០២៦ ផក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ស្តីការអនុវត្តផែនការការពារសន្តិសុខ សុវតិ្ថភាពជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស ដោយណែនាំដល់នាយដ្ឋានកណ្តាល នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឲ្យអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការ លើកទឹកចិត្តដល់វិនិយោគបរទេស និងនយោបាយបរទេសជាតិដើម្បីបង្កើតការងារ បង្កើតចំណូលថវិកាជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

NKD-36x6_outline

របាយការណ៍ដដែលបន្តថា ក្រោយពីចេញផែនការណែនាំលេខ ០២៦ផក អគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីសម្រេចលេខ ៥៨០ សសរ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការបង្កើតក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីតាមដាន ត្រួតពិនិត្យ និងដឹកនាំការអនុវត្តការពារ សន្តិសុខ សុវតិ្ថភាព ជូនវិនិយោគិន ភ្ញៀវទេសចរណ៍បរទេស គោលដៅនិវេស នដ្ឋាន ទីតាំងស្ថានទូត នៅព្រះរាជាណាចក្រកម្ពុជា ដោយប្រកល់ភារកិច្ចជូនលោក នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ ជាអ្នកដឹកនាំ។

ដោយត្រូវការចាំបាច់ឆ្លើយតបទៅនឹងភារកិច្ចចំពោះមុខ អគ្គស្នងការនគរបាលជាតិ បានកែសម្រួលសេចក្តីសម្រេចក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរជាតិ ដើម្បីតាមដាន ត្រួតពិនិត្យ និងដឹកនាំការអនុវត្តការងារការពារសន្តិសុខ សុវតិ្ថភាព ជូនវិនិយោគិន ភ្ញៀវទេសចរណ៍បរទេស គោលដៅនិវេសនដ្ឋាន ទីតាំងស្ថានទូត នៅព្រះរាជាណាចក្រកម្ពុជា ទៅជាក្រុមព័ត៌មានទាន់ហេតុការណ៍ HOTLINEជាមួយជនបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយសេចក្តីសម្រេចលេខ០៤៣សសរ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧៕ តាឡឹម