ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការនគរបាលជាតិបញ្ជាក់ករណីរថយន្តពាក់ស្លាកលេខនគរបាលមានបិទស្លាក គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ ក្រោយពីមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គម និងសារព័ត៌មានខ្លះនា ពេលថ្មីៗនេះអំពីករណីរថយន្តពាក់ស្លាកលេខនគរបាលមានបិទស្លាកគណបក្ស ប្រជាជនកម្ពុជា អគ្គស្នងការដ្ឋាននគរបាល ជាតិដោយមានការចង្អុលណែនាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីស្រាវជ្រាវ និង ចាត់វិធានការសម្រេចបានលទ្ធផល ។

អគ្គស្នងការដ្ឋាននគរបាលជាតិបានស្រាវជ្រាវរកឃើញថា រថយន្តឡិចសុីស ដែលពាក់ស្លាកលេខនគរបាល 2-0996 ជារបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ។ ក្នុងករណីនេះអគ្គស្នងការដ្ឋាន នគរបាលជាតិបានសហការជាមួយអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃដោយបានចាត់វិធានការយករថយន្តនោះមកបកស្លាកគណបក្សចេញនិងបានដាក់ពិន័យដល់ មន្ត្រីដែលបានប្រព្រឹត្តកំហុស ។

ជាមួយគ្នានេះអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃក៏បានបញ្ជូនសំណុំរឿង ករណីនេះទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីចាត់វិធានការតាមនីតិ វិធី និងច្បាប់បោះឆ្នោតផងដែរ។ អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន ៕ ហេង សូរិយា