ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះក្លឹបកម្សាន្ត 2ND បានរលត់ទាំងស្រុងហើយដោយប្រើរថយន្តពន្លត់អគ្គិ៣៦គ្រឿង និងអេស្ការវ៉ាទ័រ​ មួយគ្រឿង

ភ្នំពេញ៖ អគ្គិភ័យដែលឆាបឆេះក្លឹបកម្សាន្តយីហោ 2ND កើតឡើងកាលពីម៉ោង​ជិត៦ព្រឹក​ ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ដែលមានទីតាំងនៅតាមបណ្តាយផ្លូវលេខ៥១​ កែផ្លូវលេខ២៥៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ មួយកន្លែងយ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ ត្រូវបានរលត់ទាំងស្រុងហើយ នៅម៉ោង​ ៩និង១០នាទីព្រឹក​ ថ្ងៃដដែល​ ដោយនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣៦គ្រឿង ដែលចេញមកពីគ្រប់អង្គភាព និងប្រើប្រាស់ អេស្កាវ៉ាទ័រចំនួន១គ្រឿង វាយកម្ទេចជញ្ជាំង ដើម្បីងាយស្រួលដល់សមត្ថកិច្ចពន្លត់អគ្គិភ័យជួយអន្តរាគមន៍។

ដោយឡែកសម្រាប់ទំហំ នៃការខូចខាតទ្រព្យសម្បត្តិមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ គ្រាន់តែដឹងថា សម្ភារនៅខាងក្នុងក្លឹបនេះ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ហើយសមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យនេះកើតឡើងទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ។

គួរបញ្ជាក់ផងដែរថា មុនពេលកើតហេតុនៅម៉ោងជិត៦ព្រឹក គេឃើញមានផ្សែងហុយចេញពីទីតាំងនេះយ៉ាងខ្មួលខ្មាញ់ ហើយបង្កជាអណ្តាតភ្លើងឆាបឆេះសម្ភារនៅខាងក្នុងក្លិបតែម្តង។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែង​ និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកពន្លត់អគ្គិភ័យ​ ដើម្បីចុះមកអន្តរាគមន៍បាញ់ពន្លត់​ និងទប់ស្កាត់​ តែដោយសារតែអគ្គិភ័យបានឆាបឆេះខ្លាំង​ និងពិបាកចូលទៅខាងក្នុងនោះ​ សមត្ថកិច្ចជំនាញបានហៅអេស្កាវ៉ាទ័រ​ មួយគ្រឿង​មក​ ដើម្បីវាយជញ្ជាំង​ ងាយស្រួលបាញ់ទឹកពន្លត់ ៕ ជ្រោយពេជ្រ